ថ្នាក់ដឹកនាំខេត្តសៀមរាប រៀបចំយុទ្ធនាការសម្អាតបរិស្ថានក្នុងក្រុងសៀមរាប
November 03, 2019 អ្នកទស្សនា :

      នៅចុងសប្តាហ៍ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរខេត្តសៀមរាប បានបើកយុទ្ធនាសម្អាតបរិស្ថានក្រុង ក្រោមប្រធានបទ សៀមរាបផ្ទះខ្ញុំ ក្រោមវត្តមានចូលរួមរបស់ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ តំណាងស្ថានកុងស៊ុលចិនប្រចាំខេត្ត និង អស់លោក លោកស្រី ប្អូនៗ ក្មួយៗ ជាសមាជិកនៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សានុសិស្ស សមាគមពាណិជ្ជកម្មចិន ប្រជាពលរដ្ឋ ប្រមាណជាង៣ ពាន់២៥០នាក់ដែលបានចូលរួម ក្នុងទិវាសម្អាតបរិស្ថាន អនាម័យក្រុងផងដែរ។

      លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានដឹងថា ទិវាសម្អាតបរិស្ថានក្រុងសៀមរាប នេះ ក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ហើយក៏ជាគោលបំណងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប បានជ្រាបអំពី  បរិស្ថាន ការចូលរួមថែរក្សាបរិស្ថាន ដើមី្បធ្វើយ៉ាងណារក្សាសោភណ្ឌភាពក្រុងប្រវត្តិសាស្ត្រសៀមរាប ដែលជាផ្ទះមហាគ្រួសារដ៏ធំរបស់យើងទាំងអស់គ្នា។ លោកក៏បានលើកឡើងថា ការធ្វើអនាម័យ បរិស្ថាន ជាការជម្រុញដល់ប្អូនៗ យុវជន និង ប្រជាពលរដ្ឋ ចូលរួមចំណែក ដើមី្បទទួលអំណរសាទរ ក្នុងកិច្ចប្រជុំព្រះរាជអាជ្ញាអាស៊ាន  ពិធីបណ្យឯករាជ្យជាតិ  និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុកនៅខេត្តសៀមរាប ដែលជាបុណ្យប្រពៃណីជាតិខ្មែរយើង នៅថ្ងៃខាងមុខ ហើយការសម្អាតបរិស្ថាន អនាម័យ និង រក្សានូវសោភណ្ឌភាពក្រុង សៀមរាបមានភាពស្រស់បំព្រង នៅលើទឹកដីអច្ឆិរយៈ នៃព្រះរាជាណាចក្រកម្ពុជា។  

      ក្នុងយុទ្ធនាការសម្អាតក្រុងនោះដែរ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការកោតសរសើរ ក្នុងការសម្អាតបរិស្ថាន អនាម័យក្រុង ដោយមានការចូលរួមសហការ ពីអាជ្ញាធរខេត្ត ក្រុង សង្កាត់ និង មន្ទីរ អង្គភាពពាក់ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងប្រតិបត្តិករទេសចរណ៍ និង ប្រជាពលរដ្ឋផងដែរ។ ឯកឧត្តមក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាល អាណត្តិទី៦ បានផ្តល់ភាពសំខាន់ទៅលើបញ្ហាបរិស្ថាន  ចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ ដោយបានបង្កើតនូវគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ដែលដឹកនាំដោយក្រសួងទេសចរណ៍ ក្នុងគោលបំណង ដើមី្បលើកទឹកចិត្ត ដល់គ្រប់បណ្តារាជធានី ខេត្ត ចូលរួមប្រកួតប្រជែង សម្អាតបរិស្ថាន អនាម័យ ឲ្យខេត្តរបស់ខ្លួនមានសោភណ្ឌភាពស្រស់ស្អាត ដោយមានការគ្រប់គ្រងកាកសំណល់ និង បញ្ជ្រាបការយល់ ដឹងអំពីបរិស្ថាន និង សណ្តាប់ធ្នាប់ល្អដល់ប្រជាពលរដ្ឋ។ 

      ឯកឧត្តម ទៀ សីហា ក៏បានគូសបញ្ជាក់ថា យុទ្ធនាការសម្អាតបរិស្ថានទីក្រុងថ្ងៃនេះ សំដៅជម្រុញ នូវការប្រកួតប្រជែងទីក្រុងស្អាត ហើយក៏ជាការទទួលសាទរក្នុងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និង ពិសារអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ និង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុកនៅថ្ងៃខាងមុខនេះផងដែរ។ ឯកឧត្តម ក៏បានបន្តទៀតថា ការធ្វើអនាម័យនាពេលនេះ ក្នុងការកាត់បន្ថយនូវកាកសំណល់ ពិសេសចំពោះថង់ប្លាស្ទីច ដែលប្រជាពលរដ្ឋបានបោះចោលគ្មានសណ្តាប់ធ្នាប់ ធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពក្រុង និងភ្ញៀវទេសចរណ៍ និងធ្វើឲ្យក្រុងសៀមរាបស្រស់ស្អាត គ្មានសម្រាមថង់ផ្លាស្ទីក។ 

      ឯកឧត្តមបានបន្តថា ខេត្តសៀមរាបជាទឹកដីនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ហើយជាស្នាដៃឯកបានបន្សល់ទុកពីបុព្វបុរសខ្មែរយើង ហើយបានក្លាយជាទិសដៅទេសចរណ៍ប្រកបដោយសក្តានុពលខ្ពស់ ក្នុងការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត និង បានជម្រុញល្បឿននៃភាពរីកចម្រើន លើវិស័យទេសចរណ៍ ក៏ដូចជាការស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ អញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ប្រពៃណី ជាតិខ្មែរនៅថ្ងៃខាងមុខនេះ។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម ទៀ សីហា ក៏បានធ្វើការក្រើនរំលឹកដល់  ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវរួមចំណែកឲ្យបានខ្លាំងក្លា ដើម្បីពង្រឹងខឿនសន្តិសុខជាតិ តាមរយៈនៃការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និង សូមឲ្យប្រជាពលរដ្ឋដែលលង់ចាញ់ឧបាយកលបោកបព្ឆោតទណ្ឌិត សម សង្ស៉ី ឲ្យចូលរួមចលនាក្បត់ជាតិនោះ ប្រញាប់ប្រញាល់ភ្ញាក់រលឹកឡើង ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល រួមរស់ជាមួយសង្គមជាតិវិញ។ ម៉្យាងទៀត អ្នកចង់ទៅចូលរួមទទួលវត្តមានទណ្ឌិត សម រង្ស៉ី ចូលស្រុកវិញនោះ មិនចាំបាច់ព្រួយបារម្ភនោះទេ រាជរដ្ឋាភិបាល និង សាលក្រមតុលាការ កំពុងរង់ចាំទទួលហើយ ទីកន្លងសម្រាប់ទទួល ក៏រៀបចំរួចរាល់ហើយផងដែរ។
ក្នុងការបើកយុទ្ធនាកាសម្អាតក្រុងនេះ ក៏បានធ្វើការបែងចែកតាមគោលដៅចំនួន០៧ក្រុម ទៅតាមដងផ្លូវវិថីនានាក្នុងក្រុងសៀមរាបផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ