ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាជូនសិស្សានុសិស្សនៃវិទ្យាស្ថានអាន់នូរីកម្ពុជា
November 02, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាស្ថានអាន់នូរីកម្ពុជា ក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច មានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ និងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ និងសាសនាឥស្លាមជូនសិស្សជ័យលាភីចំនួន៤៩នាក់ និងប័ណ្ណសរសើរជូនសិស្សពូកែចំនួន២៦នាក់ ក្រោមអធិបតីភាពឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង Sheikh Abdulaziz All Almohamad តំណាងសប្បុរសជននៃប្រទេសកាតា ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរ អង្គភាព ថ្នាក់ដឹកនាំស្រុក លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សសរុបប្រមាណ ១៤០០នាក់។

      បន្ទាប់ពីរបាយការណ៍ស្ដីពីសមិទ្ធផលការងារកន្លងមករបស់វិទ្យាស្ថាន ដោយលោក ស៊ើក ទាំ នាយកវិទ្យាស្ថាន និងអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ ដោយលោក គិត មីនារិទ្ធ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរួចមក ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងវិទ្យាស្ថាន និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់ បង្រៀនក្មួយៗសិស្សានុសិស្សទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្ដមអភិបាលខេត្តក៏បានសម្ដែងនូវការថ្លែងអំណរគុណជូនចំពោះសប្បុរសជនទាំងអស់ ជាពិសេស សប្បុរសជននៃបណ្ដាប្រទេសនៅអារ៉ាប់ ដែលបានជួយឧបត្ថម្ភគាំទ្រដល់វិទ្យាស្ថានជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។

      ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឲ្យសកម្មខ្លាំងក្លាថែមទៀតនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព ចៀសវាងចាញ់បោកឧបាយកលញុះញង់ ពិសពុលរបស់មជ្ឈដ្ឋានមួយចំនួន ដែលអូសទាញឲ្យបងប្អូនប្រព្រឹត្តអំពើណាមួយដែលផ្ទុយពីច្បាប់ បង្កភាពវឹកវរដល់សង្គមជាតិ។ 

      នៅទីបញ្ចប់ ឯកឧត្ដមអភិបាលខេត្ត បានបំពាក់នូវគ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌថ្នាក់មហាសេនា ជូន Sheikh Abdulaziz All Almohamad តំណាងសប្បុរសជននៅប្រទេសកាតា ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយឧបត្ថម្ភគាំទ្រដល់ដំណើរការនៃវិទ្យាស្ថាន និងបានកសាងនូវសមិទ្ធផលនានាក្នុងវិទ្យាស្ថាន សម្រាប់បម្រើដល់វិស័យអប់រំនៅកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ