រដ្ឋបាលខេត្តព្រះសីហនុ បើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ នៅសាលាអនុវិទ្យាល័យ សម្តេច ឪ
November 01, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃសុក្រ ៥កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា  ឆ្នាំ២០១៩ មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានរៀបចំពីធីបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ នៅសាលាអនុវិទ្យា ល័យ សម្តេច ឪ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោម អធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាតំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។

      លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានមាន ប្រសាសន៍ឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អគារសិក្សាសម្រាប់ខេត្តព្រះសីហនុ ចំនួន ២១ខ្នង ស្មើ នឹង ៥៦៨បន្ទប់ ទីចាត់ការ ១៥ខ្នង ស្មើ ៤៨បន្ទប់ និងអន្តេវាសិកដ្ឋានគ្រូ សិស្ស ១២ខ្នង ស្មើ នឹង ១២០បន្ទប់។ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ វិស័យអប់រំនៅខេត្តព្រះសីហនុ ទទួលបានលទ្ធ ផលល្អ ជាក់ស្តែងលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩ សីហា បង្ហាញថា បេក្ខជនប្រឡងជាប់ ៧៧.៩៦ភាគរយ កើន ១ភាគរយ ធៀប២០១៨ ទទួលបាននិទ្ទេស A ១៣នាក់, B ៤៧នាក់។

      ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អានសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកវវេសនកាលឆ្នាំសិក្សា២០១៩-២០២០គូសបញ្ជាក់ថា យុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាអាទិភាពទី១ ជាមួយនឹងការប្ដេជ្ញាសម្រេចឱ្យបាននូវមុំទី១ គឺការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈការទាញយកប្រយោជន៍ពីកាលានុវត្តភាពនៅក្នុងតំបន់ ការចាប់យកបច្ចេកវិទ្យា និងឱកាសថ្មីៗព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព។

      ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋ ដែលមានលំនៅឋាននៅអមសងខាងផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ដែលរាជរដ្ឋាភិបាល បានរៀបចំធ្វើការជួសជុល និងពង្រីក ដើម្បីសម្រួលចរាចរណ៍ សោភណ័ភាព បរិស្ថាន និងចូលរួមគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពឱ្យបានគ្រប់គ្នា និងពាក់ខ្សែក្រវ៉ាត់ បើកបរកុំមានជាតិស្រវឹង គ្រឿងញៀន ត្រូវចេះគោរពគ្នា ដោយមានការអធ្យាស្រ័យ ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ