ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ទទួលអំណោយមនុស្សធម៌ ពីព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត
November 01, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងសមាជិក សមាជិការ នៃគណៈកម្មាធិការសាខា បានទទួលអំណោយមនុស្សធម៌ ពីព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត ព្រមទាំងព្រះមន្ត្រីសង្ឃខេត្ត និងព្រះមន្ត្រីសង្ឃទាំង ៨ ក្រុង ស្រុក នូវអង្ករចំនួន ១.១០០ គ.ក្រ មី ៤១កេស ទឹកស៊ីអ៊ីវ ១១យួរកន្លះ ទឹកត្រី ៥យួរ បាឡុង ៤ និងថវិកា ៤.០០០.០០០រៀល ដល់សាខាសម្រាប់ត្រៀមបម្រុងឆ្លើយតបនៅពេលមានគ្រោះមហន្តរាយកើតឡើង។

      ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លារបស់ព្រះសង្ឃគ្រប់អង្គ ដែលនេះជាការលើកទឹកចិត្តយ៉ាងធំធេងចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ការនាំយកអំណោយទាំងនេះ ទៅចាត់ចែងប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត កំពុងជួបការលំបាក និងត្រូវការជំនួយជាចាំបាច់។ ហើយបើយោងតាមរបាយការណ៍ពីអនុសាខាក្រុង ស្រុកទាំង ៨ ឃើញថា ព្រះអនុគណ និងមន្ត្រីសង្ឃនៅតាមវត្តក្នុងក្រុង ស្រុក នីមួយៗតែងតែបានយកទេយ្យទានជាស្បៀង សម្ភារ និងថវិកា យកទៅប្រគល់ជូនដល់អនុសាខាដើម្បីដោះស្រាយឆ្លើយតបដល់ប្រជាពលរដ្ឋនៅតាមសហគមន៍បាន ទទួលលទ្ធផលល្អប្រសើរក្នុងចលនាកាកបាទក្រហម។

      ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ព្រមទាំងថ្នាក់ដឹកនាំ និងសហការីនៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សូមបួងសួងប្រគេនថ្វាយព្រះពរ ព្រះសង្ឃគ្រប់ព្រះអង្គ សូមមានព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្ស រីកចម្រើនតរៀងទៅ។ ឯកឧត្តមបញ្ជាក់ថា អំណោយទាំងអស់នេះសាខានឹងធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ៗគ្នាឲ្យបានទាន់ពេលវេលាឲ្យសមស្របទៅនឹងព្រះទ័យរបស់ព្រះអង្គជាម្ចាស់ទេយ្យទាន។ តាមរយៈអំណាចនៃបុណ្យដែលបានធ្វើនៅថ្ងៃនេះ ព្រះវិសុទ្ធិញ្ញាណ មុំ សយ បានមានថេរដីកាថា អំណោយទាំងនេះ នឹងរួមចំណែកដល់ការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីបង្ការ និងកាត់បន្ថយភាពខ្វះខាតរបស់ប្រជាពុទ្ធបរិស័ទ ដើម្បីអព្យាក្រឹតភាព ជំនឿ សាសនា ពូជសាសន៍ និងដើម្បីផលប្រយោជន៍រួម គឺភារកិច្ចមនុស្សធម៌៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ