ពិធីប្រកាសតែងតាំងអភិបាលរងថ្មីខេត្តសៀមរាប
January 03, 2018 អ្នកទស្សនា :

លោក ង៉ាន់ ភិរុណ ឋានន្តរសកិ្ត វរៈមន្ត្រីថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានធ្វើការប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៣ ខែ មករា ឆ្នាំ២០១៨ នៅរដ្ឋបាលសាលាខេត្តសៀមរាប ជំនួសលោក សង់ រីហា អភិបាលរងខេត្ត ដែលត្រូវបានផ្លាស់ប្តូរភារកិច្ច ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ បន្ទាប់ពីឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើកិច្ចស្វាគមន៍ និង របាយការណ៍ស្តីពីសមិទ្ធផលដែលបានកសាង និង អភិវឌ្ឍន៍ក្នុងខេត្ត ព្រមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង បានលើនូវបញ្ហាប្រឈម និង ឧបសគ្គមួយចំនួន និង ការកំណត់ដែនសមត្ថកិច្ចការទទួលខុសត្រូវរវាងស្ថាប័នជាតិ និង ថ្នាក់ក្រោមជាតិ ដើមី្បឲ្យការអនុវត្តភារកិច្ច ទទួលខុសត្រូវក្នុងកិច្ចការរដ្ឋបាលថ្នាក់ក្រោម ជាតិឲ្យកាន់តែមានប្រសិទ្ធភាព ។ បន្តមកលោក អ៊ឹង វណ្ណារិន អនុប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានអាននូវអនុក្រិត្យលេខ ១៤៤៩អនក្រ.តត ចុះថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាស តែងតាំងលោក ង៉ាន់ ភិរុណ ឋានន្តរសកិ្ត វរៈមន្ត្រីថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ទីស្តីការគណៈ រដ្ឋមន្ត្រី ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដើម្បីដឹកនាំការអភិវឌ្ឍន៍គ្រប់វិស័យបន្តជំនួស លោក សង់ រីហា អភិបាលរងខេត្ត ដែលបានផ្លាស់ប្តូរភារកិច្ច ។ បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និង ការប្តេជ្ញាចិត្តរបស់លោកអភិបាលរងខេត្តដែលទើប ទទួលបានការតែងតាំងថ្មីរួចមក មានប្រសាសន៍សំណេះសំណាលនោះឯកឧត្តម សក់ សេដ្ឋា ក៏បានធ្វើការបញ្ជាក់ផងដែរថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលខេត្ត ស្រុក ដែលបានបម្រើការងារគ្រប់ អាណត្តិរបស់ខ្លួន ឬ ក៏បានគ្រប់អាយុបំពេញការងារ គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកឡើយ ។ ការប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ ។ ឯកឧត្តមបានលើកនូវសមទ្ធិផលដែលខេត្តទទួលបានមកនេះ ក៏កើតឡើងពីសន្តិភាព ហើយក៏ជាសមទ្ធិផលទាំងនេះ ជាការពង្រឹងនូវសន្តិភាពនៅកម្ពុជា ។ ក្នុងនោះដែរឯកឧត្តមបានលើកនូវ៧ចំណុចសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យប្រកបដោយប្រសិទ្ធភាព ក្នុងនោះ បានផ្តោតសំខាន់លើការបង្កើតច្រកចេញចូលតែមួយ ក្នុងបម្រើសេវាសាធារណៈឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ ក្នុង ការទំនាក់ទំនង និង ស្វែងរកនូវឯកសារផ្សេងៗ តាមរយៈប្រព័ន្ធកុំព្យូទ័រ ព្រមទាំងការងារផ្ទេរមុខងារ និង ធនធានផង ដែរ ។ ឯកឧត្តម សក់ សេដ្ឋា ក៏បានលើកផងដែរ អំពីការពង្រឹងនូវសមត្ថភាព និង គុណភាពនៃចំណេះដឹងដល់មន្ត្រីរាជការ ដោយធ្វើការបណ្តុះបណ្តាលផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងការងាយស្រួលដល់មន្ត្រីបំពេញការងាររដ្ឋបាលនៅមូលដ្ឋាន ។ ឯកឧត្តម ក៏បានលើកឡើងអំពីច្បាប់មួយចំនួន ដែលក្រសួងបានរៀបចំ ដែលជាវិធានការបង្ក្រាប និង ឆ្លើយតបទៅនឹងបញ្ហាមួយចំនួន សំខាន់ទាក់ទងធនធានធម្មជាតិ ក្នុងគោលដៅដើមី្បធ្វើការអភិរក្សធនធានធម្មជាតិទាំងនោះ ។ ក្នុងនោះដែរឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់ឯកឧត្តមអភិបាលរងខេត្តថ្មី ដែលទើបចូលកាន់តំណែង ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើនបន្ថែមទៀត គឺយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពល រដ្ឋជាចំបង ហើយក៏ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាល លើការដឹកនាំ គ្រប់គ្រង បណ្តាមន្ទីរ ស្ថាប័ន និង អង្គភាពក្នុងខេត្តឲ្យបានល្អ និង បង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងស្ថាប័ន ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយមន្ទីរ ស្ថាប័ន អង្គភាព លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និង ប្រជាជន ដោយខេត្តសៀមរាប ជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប ( ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ