ពិធីសម្ពោធអាគារទីចាត់ការ-បណ្ណាល័យ និងអាគារសិក្សា នៅសា​លាបឋមសិក្សា និងអនុវិទ្យាល័យ ស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប
October 31, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម អ៉ឹង ហឿន ប្រធាន​ក្រុមប្រឹក្សាខេត្ត និឯកឧត្តម ទៀ សីហា អភិបាល​នៃគណៈ​អភិបាលខេត្តបានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារទីចាត់ការ-បណ្ណាល័យ និងអាគារសិក្សា នៅសាលា​បឋម​សិក្សានិងអនុវិទ្យាល័យ ស្ពានត្នោត ស្រុកជីក្រែង ខេត្ត​សៀម​រាបដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រួមមានអាគារទីចាត់ការ-បណ្ណាល័យ១ខ្នង ស្មើនឹង៣បន្ទប់ អាគារ​សិក្សា២ខ្នង ស្មើនឹង៣០បន្ទប់ ដែលបានកសាង​ជូនសាលា​បឋមសិក្សា និង អនុវិទ្យាល័យស្ពានត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាបក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​សម្តេចពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការពារជាតិ ប្រធានក្រុមការងារថ្នាក់ជាតិចុះ​ជួយខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
      
      ឯកឧត្តម ទៀ សីហា អភិបាលនៃគណអភិបាលខេត្តសៀមរាប បានលើកឡើងថា  ការងារអប់រំជាគន្លឹះមួយយ៉ាងសំខាន់បំផុត ក្នុងការកសាងធនធានមនុស្ស ដែលសង្គមទាំងមូលត្រូវតែចូលរួម​វិនិ​យោគឱ្យបានខ្លាំងក្លា ដោយប្រើប្រាស់ពេលវេលាដ៏យូរ​អង្វែងការអត់ធ្មត់ និងការទទួលខុសត្រូវប្រកបដោយ​ការប្រុងប្រយ័ត្នបំផុត។ ការបណ្តុះបណ្តាលធនធានមនុស្ស គឺផ្តើមចេញពីការកសាងសមត្ថភាព និងអប់រំសីលធម៌ដល់ការ​រស់នៅ​របស់កុមារ និងយុវជនយើង ទាំងបញ្ញា ស្មារតី កាយ​សម្បទា និងបំណិនជីវិតគ្រប់បែបយ៉ាង ដែលជាឱកាសដ៏ល្អបំផុត សម្រាប់អភិវឌ្ឍប្រទេសជាតិ ទៅថ្ងៃអនាគត ព្រោះពួកគេនឹង​ក្លាយជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេន របស់សង្គមជាតិ​យើង​ទាំងមូល សម្រាប់កសាងប្រទេសទេសជាតិក្នុងពេលខាងមុខ។ 

      សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថាការអប់រំ ល្អនឹង​ផ្តល់​អត្ថប្រយោជន៍យ៉ាងធំធេងដល់បុគ្គល គ្រួសារ និងសង្គម​ជាតិ​ទាំងមូល  នោះគឺសំដៅទៅដល់ការ​ផ្គត់ផ្គង់ធនធានមនុស្ស កម្លាំង​ពលកម្មដែលមានចំណេះដឹង ជំនាញវិជ្ជាជីវៈ ឆ្លើយតបកាន់​តែមាន​ប្រសិទ្ធភាពទៅនឹងទីផ្សាការងារ និងឆ្លើយតប​ទៅនឹងតម្រូវ​ការ​អភិវឌ្ឍជាតិ។ រាជរដ្ឋាភិបាលបានចាត់ទុកថា ការអប់រំល្អ គឺជាកូន​សោរសម្រាប់ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ ។ ប្រការនេះ រាជរដ្ឋាភិបាលបានបន្តផ្តោតការយក​ចិត្តទុកដាក់កាន់​តែ​ខ្លាំងឡើង ទៅលើការអភិវឌ្ឍន៍មូលធនមនុស្ស ដើម្បីធ្វើឲ្យ​មុតស្រួច ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាឆាប់រហ័ស ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគតដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។  

      ជាការអំពាវនាវរបស់សម្តេចពិជ័យសេនា ទៀ បាញ់  បានលើក​ឡើងថា ចំពោះមុខ សូមឲ្យមាតាបិតា អាណាព្យាបាលសិស្ស និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវរួមចំណែកឲ្យបានខ្លាំងក្លា ដើម្បីពង្រឹងខឿនសន្តិសុខជាតិ តាមរយៈនៃការជម្រុញបន្តចលនា​អនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងសកម្មក្នុង​ការអប់រំកូនចៅទាំងផ្នែកសុខភាព ចំណេះដឹង និងសីលធម៌ ដើម្បីឲ្យពួកគេក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព ទេពកោសល្យ និងសក្តានុពល ឈានទៅអនាគតមួយដ៏រុងរឿង។ ក្នុងសេក្តីអំពាវនាវរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសំ​ដៅ​ទៅកាន់រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំង​ប្រដាប់​អាវុធគ្រប់ប្រភេទ ត្រូវចាត់វិធានការណ៍​ឲ្យមានប្រសិទ្ធភាព​ខ្ពស់​បំផុតចំពោះទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលមានផែនការ​ប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមរយៈនៃការប្រើប្រាស់វិធីញុះញ៉ង់ អុជអាល បំផុសបំផុល និងប្រើឧបាយកលបោកបញ្ឆោត អូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ និងកម្លាំងប្រដាប់អាវុធ​របស់ជាតិ ឲ្យបះបោរតាមរូបភាពជា​បដិវត្តន៍ដោយហឹង្សា ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអំពើវិទ្ធង្សនា និងជាឧក្រឹដ្ឋកម្មធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់សន្តិសុខជាតិ។  

      យ៉ាងណាក៏ដោយសម្តេចពិជ័យ អំពាវនាវបន្ថែមថា សូមឲ្យប្រជា​ពលរដ្ឋដែលលង់ចាញ់ឧបាយកលបោកបព្ឆោតរបស់ទណ្ឌិត សម សង្ស៉ី ឲ្យចូលរួមចលនាក្បត់ជាតិនោះ ប្រញាប់ប្រញាល់ភ្ញាក់​រលឹកឡើង ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល រួមរស់​ជាមួយ​សង្គមជាតិវិញ។  អ្នកចង់ទៅចូលរួមទទួល​វត្តមានទណ្ឌិត សម រង្ស៉ី ចូលស្រុកវិញនោះ មិនចាំបាច់ព្រួយបារម្ភនោះទេ រាជរដ្ឋាភិបាល និង សាលក្រមតុលាការ កំពុងរង់ចាំទទួលហើយ ទីកន្លងសម្រាប់ទទួល ក៏រៀបចំរួចរាល់ហើយដែរ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ