ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន៤០០គ្រួសារ នៅក្នុងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់
October 31, 2019 អ្នកទស្សនា :

      ខេត្តកំពង់់ស្ពឺ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល​ខេត្តកំពង់ស្ពឺ និងមន្ត្រីពាក់ព័ន្ធនានានៅក្នុង​គម្រោងបែង​ចែកដី​ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន៤០០គ្រួសារ និង​សម្ពោធសមិទ្ធផលនានានៅក្នុងទីតាំងសម្បទានដីសង្គមកិច្ចរបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន​២ (LASED II) ដែលស្ថិតនៅក្នុងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

      របាយការណ៍ស្វាគមន៍របស់ ឯកឧត្តម វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ បានបញ្ជាក់ថាគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និង​ការអភិវឌ្ឍជំហាន២ LASED II គឺជាគម្រោងមួយគាំទ្រដល់ការ​ប្រតិបត្តិកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចែក​ជូនដីដល់អ្នកគ្មានដី និងអ្នកក្រីក្រតាមរយៈដីសម្បទានសង្គមកិច្ច ដើម្បីលើកកម្ពស់ការចិញ្ចឹមជីវិតរបស់គ្រួសារក្រីក្រ និងជនងាយរង​គ្រោះ។ គម្រោងគឺមានគោលបំណង​ដើម្បីបែងចែកដីធ្លីរបស់រដ្ឋ ដែលមានលក្ខណៈសមស្របសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីប្រកបរបកសិកម្ម ការចិញ្ចឹមសត្វ ការទទួលបាននូវសេវា​សាធារណ: និងហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ បង្កើនផលិត​ភាពជាមួយនឹងការផ្តល់សេវាកម្មគាំទ្រសមស្របមួយចំនួនដល់គ្រួសារដែលមានដីធ្លីតិចតួច និងគ្មានដីធ្លីសោះ។

      ឯកឧត្តមក៏បានបន្តទៀតថាគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ បានទទួលហិរញ្ញប្បទានពី​ធនាគារ​ពិភពលោក ដែលមានរយៈពេល ៥ឆ្នាំ ចាប់ពីខែសីហា ឆ្នាំ២០១៦ ដល់ ខែធ្នូ ឆ្នាំ២០២១ ថវិកាសរុប ២៦,៨៦ លានដុល្លារ​សហរដ្ឋអាមេរិក ក្នុងនោះថវិកាបដិភាគរបស់​រាជរដ្ឋាភិបាលកម្ពុជា​មានចំនួន១,៨០ លានដុល្លារសហរដ្ឋអាមេរិក។ ខេត្តគោលដៅ​ជាអាទិភាពចំនួន ៥ត្រូវបានជ្រើសរើសសម្រាប់​អនុវត្តគម្រោង​ឡាសិត ២ នេះ រួមមាន ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ហើយខេត្តកំពង់ស្ពឺគឺជា​ខេត្តគោលដៅ​មួយក្នុងចំណោមខេត្តទាំង៥ ដែលត្រូវបាន​ជ្រើសរើសសម្រាប់អនុវត្តផងដែរ។ ដីសម្បទានសង្គមកិច្ចដែល​ត្រូវបានស្នើរសុំធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ តាមអនុក្រិតលេខ២០១អនក្រ.បក ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១១ ដោយកាត់ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ គ្របដណ្តប់លើផ្ទៃដីសរុប ១,១២០ ហត ដែលមានចំនួន ០២ ទីតាំង ក្នុងនោះទីតាំងទី១ ស្ថិតនៅក្នុងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានផ្ទៃដីសរុបចំនួន ៣៣០ ហត សម្រាប់ចែកជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងទីតាំងទី ២ ស្ថិតនៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានផ្ទៃដីសរុបចំនួន ៧៩០ ហត សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅចំនួន ៤០០ គ្រួសារ ដែលបច្ចុប្បន្ននេះបាននឹងកំពុងអនុវត្តដោយគម្រោងឡាសិត ២។

      ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជា សុផារ៉ា បានកោតសរសើរចំពោះអាជ្ញាធរខេត្ត កំពង់ធំដែលបានខិតខំថែរក្សាដីរបស់រដ្ឋបានត្រឹមត្រូវ ដើម្បីទុកចែកជូនប្រជាពលរដ្ឋក្រីក្រ និងមានតម្រូវការពិតប្រាកដ។ ឯកឧត្តមក៏បានកោតសរសើរផងដែរចំពោះមន្ត្រីគ្រប់លំដាប់ ថ្នាក់ដែលបានរួមចំណែកអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) ឱ្យទទួលបានជោគជ័យរហូតមកដល់បច្ចុប្បន្ន ដោយមិនធ្លាប់មានបាតុភាពណាមួយកើតឡើងដែលបង្ហាញអំពីការរើសអើង បក្សពួក ឬការចោទប្រកាន់ណាមួយពី​ប្រជាពលរដ្ឋឡើយ។

      ទន្ទឹមនឹងនោះឯកឧត្តម ជា សុផារ៉ា បានផ្តាំផ្ញើដល់សម្បទានិកដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះថា មិនត្រូវបញ្ចាំ ឬលក់ដូរដីនេះឡើយ ព្រោះវាជាអាយុជីវិតរបស់បងប្អូន ហើយឯកឧត្តមបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋព្យាយាមស្វែងរកប្រភពចំណូល និងបង្កបង្កើនផលបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានានាប្រសើរជាងយកដីទៅបញ្ចាំ ឬលក់៕

ប្រភពៈ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ