គណៈប្រតិភូក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពការងាររបស់កងកម្លាំងនគបាលការពារព្រំដែនទិសភូមិភាគ១ ខេត្តមណ្ឌលគិរី
October 31, 2019 អ្នកទស្សនា :

      មណ្ឌលគិរី៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខា​ធិការក្រសួងមហាផ្ទៃ អមដំណើរដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងគណៈប្រតិភូ បានអញ្ជើញ​ចុះជួប​សំណេះសំណាលសួរសុខទុក្ខ និងពិនិត្យសកម្មភាព​ការងាររបស់​កងកម្លាំងការពារព្រំដែន ទិសភូមិភាគ១ ខេត្តមណ្ឌលគិរី នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩។

      ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា វត្តមាន​របស់គណៈប្រតិភូក្រសួងមហាផ្ទៃ ចុះមកបំពេញ​បេសកម្ម​នៅក្នុងទឹកដីខេត្តមណ្ឌលគិរីនាពេលនេះ ពិតជាមានសារៈសំខាន់ និងបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីការយកចិត្តទុកដាក់ គិតគូរ​របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចំពោះសុខ​ទុក្ខរបស់កង​កម្លាំង​នគបាលជាតិ ដែលខិតខំប្រឹងប្រែងអនុវត្តការងារ ក្នុងការការ​ពារ​សន្តិសុខ សណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេស កងកម្លាំងនគបាលការពារព្រំដែន ដែលបានខិត​ខំ​ប្រឹងប្រែងក្នុងការចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែន និងថែរក្សាការពារបង្គោលព្រំដែន។ ឯកឧត្តម បានបន្ថែមថា ខេត្តមណ្ឌលគិរី មានព្រំប្រទល់​ជា​មួយវៀតណាម ប្រវែង៣១៤,៦៦៤គីឡូម៉ែត្រ ជាប់ជាមួយខេត្ត ដាក់ឡាក់ ដាក់ណុង និងខេត្តប៊ិញភឿក នៃសាធារណ​រដ្ឋ​សង្គម​និយមវៀតណាម ហើយខេត្តមាន វរៈសេនាតូចនគបាល​ការពារ​ព្រំដែនគោកចំនួន២ ទី១ វរៈសេនាតូចនគបាលការពារ​ព្រំដែន៦២១ មានទីតាំងនៅស្រុកអូររាំង លាតសន្ធឹងចាប់ពីព្រំដែនខេត្តក្រចេះ រហូតដល់ឃុំប៊ូស្រា ស្រុកពេជ្រាដា និងមានប៉ុស្តិ៍នគបាលការពារព្រំដែនចំនួន៨ ទី២ វរៈសេនាតូចនគបាលការពារព្រំដែនលេខ៣០៣ ស្ថិតនៅ​ស្រុកពេជ្រាដា លាតសន្ធឹងចាប់ឃុំប៊ូស្រា ដល់ខេត្តរតនគិរី និងមានប៉ុស្តិ៍នគបាលការពារព្រំដែនចំនួន៦។

      ឯកឧត្តម នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាកងកម្លាំងនគរបាលជាតិ ដែលបានខិតខំ​យក​ចិត្តទុក​ដាក់អនុវត្ត តួនាទី ភារកិច្ចការពារសន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ កន្លង​មកបានល្អប្រសើរ។ ឯកឧត្តម បានណែនាំ ដល់កង​កម្លាំង​ទាំងអស់ ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យរបស់កង​កម្លាំងនគបាលជាតិ ព្រមទាំងជម្រុញឲ្យកងកម្លាំងយកចិត្ត​ទុកដាក់អនុវត្តការងារប្រចាំថ្ងៃឲ្យបានល្អប្រសើរ ជាពិសេសធានាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពល​រដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន ការពារបូរណៈភាពទឹកដី និងត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយខេត្តជាប់ព្រំដែន ដើម្បីរក្សាតំបន់ព្រំដែន ជាតំបន់ព្រំដែនសន្តិភាព មិត្តភាព និងមានការអភិវឌ្ឍន៍ បន្ថែមលើនេះ កងកម្លាំងត្រូវការពារ​បដាច់ខាតនូវ ជាតិ សាសនា ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាលស្របច្បាប់ ពីការប៉ុនប៉ងផ្តួលរលំរបស់​ក្រុមឧទ្ទាមក្រៅច្បាប់។ នាឱកាសនោះ​ ឯកឧត្តម នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី បាននាំយកអំណោយគ្រឿងឧបភោបរិភោគ មានមី ត្រីខ និងថវិកា៤លានរៀល ជូនដល់វរៈសេនាតូចនគបាលការពារ​ព្រំដែនគោក លេខ៦២១ និង៣០៣ ចំណែកឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាបន្ថែមចំនួន២លាន​រៀលដល់វរៈសេនាតូចទាំងពីរផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ