ឯកឧត្តម គួច ចំរេីន បានអនុញ្ញាតអោយគណៈប្រតិភូមន្ទីរពាណិជ្ជកម្ម ខេត្តហ្វូជាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
October 30, 2019 អ្នកទស្សនា :

      នៅសាលាខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតអោយគណៈប្រតិភូមន្ទីរពាណិជ្ជកម្មខេត្តហ្វូជាន ដឹកនាំដោយ លោក Liu depei អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តហ្វូជាន ប្រទេសចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ដើម្បីបង្កើតចំណងទំនាក់ទំនងមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងមានគោលបំណងសិក្សាឈ្វេងយល់ពីឱកាសសម្រាប់វិនិយោគនៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។

      ថ្លែងក្នុងជំនួបនេះដែរឯកឧត្តម គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ចំពោះប្រតិភូមន្ទីរពាណិជ្ជកម្ម ខេត្តហ្វូជាន ដែលបានចាប់អារម្មណ៍ចង់មកបណ្តាក់ទុនរកស៊ីនៅខេត្តព្រះសីហនុ និងបង្ហាញជំហរការពារផលប្រយោជន៍អ្នកវិនិយោគដោយយកច្បាប់ជាគោល។

      ឯកឧត្តម គួច ចំរើន បានស្នើប្រតិភូខេត្តហ្វូជាន ជួយជម្រុញអ្នកជំនាញផ្នែកកសិកម្ម មកធ្វើការសិក្សាដើម្បីធ្វើការវិនិយោគផ្នែកវិស័យកសិកម្មនៅខេត្តព្រះសីហនុផងដែរ។ ប្រសិនជាមានការវិនិយោគលើវិស័យកសិកម្ម នោះនឹងធ្វើអោយស្ថានភាពជីវភាពកសិករនៅខេត្តព្រះសីហនុ កាន់តែមានភាពប្រសើរឡើង។ ឯកឧត្តម មានសុទិដ្ឋិនិយមថា ស្របជាមួយនឹងគោលនយោបាយ ផ្លូវមួយខ្សែក្រវាត់ របស់លោកប្រធានាធិបតីចិន និងចំណងទំនាក់ទំនងដ៏រឹងមាំរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន គួបផ្សំនឹងសក្តានុពលរបស់ខេត្តព្រះសីហនុផងនោះ រំពឹងថាអ្នកវិនិយោគនឹងសំលឹងមើលឱកាសដើម្បីវិនិយោគនៅខេត្តព្រះសីហនុបន្ថែមទៀត ខណៈបច្ចុប្បន្នខេត្តព្រះសីហនុបាននឹងកំពុងទទួលផ្លែផ្កានៃការអភិវឌ្ឍដោយសារតែអ្នកវិនិយោគចិន។

      លោក Liu depei ប្រធានប្រតិភូខេត្តហ្វូជាន និយាយថា ភូមិសាស្ត្រខេត្តព្រះសីហនុ ប្រហាក់ប្រហែលគ្នានឹងខេត្តហ្វូជានកាលពី២០ឆ្នាំមុនដែរ គ្រាដែលខេត្តហ្វូជាន ទើបមានការចាប់ផ្តើមដំបូងនៃកំណែទំរង់សេដ្ឋកិច្ច។ លោកបានបញ្ជាក់ថាគោលបំណងសំខាន់នៃជំនួបលើកនេះគឺ ចង់មកធ្វើការសិក្សាស្វែងយល់ពីឱកាសវិនិយោគ បង្កើតចំណងមិត្តភាពរវាងខេត្តហ្វូជាន និងខេត្តព្រះសីហនុ និងចង់ឲ្យមានកិច្ចសហប្រតិបត្តិការស៊ីជម្រៅចែករំលែកនូវបទពិសោធន៍សក្កានុពលនៅខេត្តព្រះសីហនុបានទូលំទូលាយ។

      លោកបន្តថា នឹងជំរុញឲ្យមានវិនិយោគិនមកពី ហ្វូជាន ចូលមករកស៊ីនៅខេត្តព្រះសីហនុ។ ស្របទៅតាមគោល នយោបាយ"ផ្លូវមួយខ្សែក្រវាត់មួយ" និង "ទំនាក់ទំនងដ៏ស៊ីជម្រៅរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន" រួមទាំងសក្តានុពលរបស់ខេត្តព្រះសីហនុ អ្នកវិនិយោគនឹងសម្លឹងមកខេត្តព្រះសីហនុដើម្បីស្វែងយល់និងធ្វើការបណ្ដាក់ទុនរកស៊ីនៅទីនេះកាន់តែច្រើនថែមទៀត។

      ជាមួយនេះដែរប្រតិភូ ខេត្តហ្វូជាន បានអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចសិក្សា និងជួបសហគ្រិននានានៅក្នុងខេត្តហ្វូជាន ដើម្បីចែករំលែកផ្លាស់ប្ដូរបទពិសោធន៍ និងសម្លឹងមើលខេត្តព្រះសីហនុសម្រាប់ជាគោលដៅក្នុងការធ្វើទំនាក់ទំនងពាណិជ្ជកម្មនៅថ្ងៃអនាគត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ