ជំនួបពិភាក្សា សម្តែងការគួរសមជាមួយបវរកញ្ញាភពផែនដី អន្តរជាតិ
October 29, 2019 អ្នកទស្សនា :

      នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ ទី ២៩ ខែ តុលា ឆ្នាំ២០១៩នេះ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត សៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណះអភិបាលខេត្ត បានអនុញ្ញាតឲ្យលោកស្រី ហាលី អាមីន អគ្គនាយិកាបវរកញ្ញា ភពផែនដី អន្តរជាតិ និងកញ្ញា ម៉ារីហ្សា ផុនធីរ៉ាប កញ្ញាឯកភពផែនដីអន្តរជាតិ លេខ២ រួមសហការី ចូលជួបពិភាក្សា និងសម្តែងការគួរសម។ 

      តាមការបញ្ជាក់របស់លោកស្រី ហាលី អាមីន បានឲ្យដឹងពីគោលបំណងរបស់ប្រតិភូ ក្នុងការចូលជួបពិភាក្សានាពេលនោះ គឺ ដើមី្បសុំការជួយគាំទ្រពីគណៈអភិបាលខេត្តសៀមរាប ពីសកម្មភាពរបស់បវរកញ្ញាភពផែនដី អន្តរជាតិ ដែលមានកញ្ញាឯកភពផែនដីអន្តរជាតិលេខ២។ លោកស្រីក៏បានគូសបញ្ជាក់ថា បន្ទាប់ពីការប្រកួតបវរកញ្ញាភពផែនដី ដោយព្រះរាជាណាចក្រកម្ពុជាយើង ក៏បានបង្ហាញអំពីអរីយធម៌ វប្បធម៌ ប្រពៃណីរបស់ខ្មែរយើង និង ផ្សព្វផ្សាយទៅលើពិភពលោក ឲ្យកាន់តែមានភាពល្បីល្បាញថែមទៀត។ លោកស្រីបានបញ្ជាក់ថា ក្នុងដំណើររបស់គណៈប្រតិភូបវរកញ្ញាភពផែនដី អន្តរជាតិ មកកាន់ខេត្តសៀមរាបនាពេលនេះ ក៏ជាការស្វែងយល់ពីសម្បត្តិធម៌ជាតិខ្មែរ ព្រមទាំងចូលរួមក្នុងការដាំដើម ឈើ ក្នុងការទ្រទ្រង់ដល់បរិស្ថាននៃភពផែនដី នៅក្នុងតំបន់អង្គរ សៀមរាប។

      ក្នុងនោះដែរលោក ពៅ ពិសិដ្ឋ ក៏បានធ្វើកិច្ចស្វាគមន៍ ចំពោះសកម្មភាពដែលលោកស្រីអគ្គនាយិកាបវរកញ្ញា ភពផែនដី  ដែលមានបំណងក្នុងការផ្សព្វផ្សាយអំពីអរីយធម៌ វប្បធម៌ ប្រពៃណីជាតិខ្មែរនៅលើឆាកអន្តរជាតិ។ ម៉្យាងទៀតសកម្មភាព ទាំងនេះក៏ជាការលើកស្ទួយដល់ស្ត្រីខ្មែរ ដែលជាប្រជាជាតិមួយមានចរិកទន់ភ្លន់ សុភាពរាបសារ ប្រកបទៅភាពញញឹមស្រស់ស្រាយ តាមក្បាច់រចនាដែលបុព្វបុរសដូនតាខ្មែរយើង បានចារឹកនៅតាមជញ្ជាំងថ្មប្រាង្គប្រាសាទ។ ក្នុងនោះដែរលោកក៏បានបញ្ជាក់ផងដែរ អំពីបរិស្ថានភពផែនដី ដោយបច្ចុប្បន្ននេះការបម្រែបម្រួលអាកាសធាតុនៅលើភពផែនដី បានកំពុងចោទជាបញ្ហាចំបង ដោយប្រទេស តំបន់មួយចំនួនបានទទួលរងដោយគ្រោះធម្មជាតិ គឺបណ្តាមកពីការបំពុលបរិស្ថាននេះឯង។ ដូច្នេះបញ្ហាបរិស្ថាន នេះ នៅខេត្តសៀមរាប ដែលជាខេត្តប្រមូលផ្តុំទៅដោយភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ ចូលមកទស្សនាកម្សាន្ត ហើយអាជ្ញាធរខេត្ត ក្រុង ស្រុក ក្រៅពីការងារសន្តិសុខ បានផ្តោតសំខាន់ចំពោះបរិស្ថាន នៅតាមសាធារណៈ និង ទីប្រជុំជនជាដើម។ ម៉្យាងទៀតក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្តប្រវត្តិសាស្ត្រមួយនេះ ក៏សូមឲ្យប្រតិភូបវរកញ្ញាភពផែនដី បង្កើននូវអនុស្សាវរីយ៍មួយនៅខេត្តសៀមរាប ដោយរៀបចំពិធីដាំកូនឈើ ដែលក្រោមការឧបត្ថម្ភកូនឈើរបស់មន្ទីរបរិស្ថានខេត្ត សហការជាមួយអាជ្ញាធរអប្សរា។ 

      ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានគាំទ្រផងដែរ គ្រប់សកម្មភាព បវរកញ្ញាភពផែនដី ដែលបានធ្វើឡើង ដើមី្បផ្តល់ផលប្រយោជន៍ដល់សង្គមជាតិ  សំខាន់ក្រោយពេលដែលក្រុមប្រតិភូបវរកញ្ញាពិភពផែនដី បាននិវត្តន៍ទៅកាន់មាតុប្រទេសរបស់ខ្លួនវិញ ពិតជាធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរបស់ខ្លួន អំពីសម្បត្តិវប្បធម៌ជាតិយើង ហើយកត្តាសំខាន់នោះ នឹងធ្វើការទាក់ទាញដល់ភ្ញៀវទេសចរណ៍ បានចូលមកកម្ពុជា សំខាន់គឺខេត្តប្រវត្តិសាស្ត្រសៀមរាប ឲ្យកាន់តែមានការកើនឡើងផងដែរ។

      ឱកាសក្នុងដំណើរទស្សនៈកិច្ចនៅខេត្តសៀមរាប គណប្រតិភូបវរកញ្ញា ភពផែនដី អន្តរជាតិ  ក៏បានអញ្ជើញចូលរួម ដាំកូនឈើ ក្រញូង ចំនួន ២០០ដើម នៅបរិវេណប្រាសាទបន្ទាយក្តី  ដែលរៀបចំឡើងដោយមន្ទីរបរិស្ថានខេត្ត រួមសហការ ជាមួយអាជ្ញាធរអប្សរា ដើមី្បទ្រទ្រង់បរិស្ថាននៃភពផែនដី ព្រមទាំងបង្កើតនូវអនុស្សាវរីយ៍នៅលើទឹកដីអង្គរ និង បង្កើននូវ សក្តានុពលដល់វិស័យទេសចរណ៍វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ ប្រកបទៅដោយព័រណ៌បៃតងស្រស់ និង បរិស្ថានល្អបរិសុទ្ធ សម្រាប់មនុស្ស សត្វ ទៀតផង៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ