ពិធីប្រគល់ពានរង្វាន់ជូនទូកដែលទទួលបានជ័យលាភីក្នុងពិធីប្រណាំងទូក ឆ្នាំ២០១៩ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
October 28, 2019 អ្នកទស្សនា :

      នាល្ងាចថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីដំណើរការរយៈពេញមួយថ្ងៃ ពិធីប្រណាំងទូក ឆ្នាំ២០១៩ នៅខេត្តស្វាយរៀង បានបញ្ចប់ជាស្ថាពរ ដោយទទួលបានលទ្ធផលជោគជ័យល្អប្រសើរ និងប្រារព្ធពិធីបិទ និងប្រគល់ពានរង្វាន់ជូនទូកដែលទទួលបានជ័យលាភី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង។

      ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមការងារថ្នាក់ជាតិ និងលោក លោកស្រីភ្ញៀវជាតិ អន្តរជាតិ ជាច្រើនរូបទៀត។

      ទន្ទឹមនេះ ដើម្បីញ៉ាំងឲ្យកម្មវិធីប្រព្រឹត្តទៅកាន់តែមានភាពអធិកធម និងបង្កើននូវបរិយាកាសឲ្យកាន់តែមានភាពសប្បាយរីករាយទ្វេដងថែមទៀតជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងពិធីនេះក៏មានការបាញ់កាំជ្រួច ដែលទទួលបានការឧបត្ថម្ភពីសំណាក់ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការប្រគំតន្ត្រីស្រុកស្រែ ដែលទទួលបានការឧបត្ថម្ភពីសំណាក់ឯកឧត្ដមឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិការ នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។

      សូមជម្រាបជូនថា សម្រាប់ឆ្នាំ២០១៩នេះ ពិធីប្រណាំងទូកនៅខេត្តស្វាយរៀង មានទូកចូលរួមប្រណាំងមកពីបណ្តារាជធានី-ខេត្ត និងទូកក្នុងខេត្ត សរុបចំនួន៥៤គ្រឿង ក្នុងនោះប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ចំណុះ ២២នាក់ មានចំនួន ៤៤គ្រឿង និងប្រភេទទូកក្ដារបីសន្លឹក ចំណុះ ៣នាក់ មានចំនួន ១០គ្រឿង និងមានកីឡាករ សរុបចំនួន ១.២៨៣នាក់ (នារី ០៩នាក់) ជាលទ្ធផល ទូកដែលទទួលបាននូវជ័យលាភី រួមមាន ៖ ប្រភេទទូកខ្នាតអន្តរជាតិ ក្នុងផែនទី១ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ព្រះវិហារសែនជ័យបារមីភ្នំត្បែង របស់កងរាជអាវុធហត្ថខេត្តព្រះវិហារ ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ យុវជនស្វាយរៀង របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង  និងចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ ព្រះខ័នមានជ័យបារមីបូព៌ា របស់កងរាជអាវុធហត្ថខេត្តស្វាយរៀង។ ក្នុងផែនទី២ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ គ្រុឌសែនជ័យបារមីព្រះនរាយណ៍ របស់កងរាជអាវុធហត្ថខេត្តកណ្ដាល និងចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ គ្រុឌមាសតេជោសែនជ័យ របស់កងរាជអាវុធហត្ថខេត្តសៀមរាប។ ដោយឡែក ប្រភេទទូកក្ដារបីសន្លឹកផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ អង្គារបុស្សមានជ័យ មកពីខេត្តបន្ទាយមានជ័យ ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ ពេជកុមារសែនជ័យ របស់សមាគមទូកខេត្តកណ្ដាល និងចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ អធិរាជមហាទេព  របស់កងរាជអាវុធហត្ថខេត្តកណ្ដាល ផ្នែកនារី ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ ប្រាំពីរមករាចិត្តតែមួយ របស់សមាគមទូកខេត្តកណ្ដាល  និងចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ នារីសែនជ័យបារមីពិធិ៍ព្រឹក្ស របស់មន្ទីរកិច្ចការនារីខេត្តស្វាយរៀង។

      សូមបញ្ជាក់ថា ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៣០លានរៀល លេខ២ ២០លានរៀល លេខ៣ ១០លានរៀល ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២លាន រៀល លេខ២ ១លាន ៥សែន រៀល និងលេខ៣ ១លានរៀល។  ដោយឡែក ទូកដែលចូលរួមប្រណាំងទាំងអស់ ទាំងទូកទទួលបានជ័យលាភី និងទូកដែល មិនទទួលបានជ័យលាភី ក៏ទទួលបានថវិកាឧបត្ថម្ភបន្ថែមមួយចំនួនទៀតផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ