កម្មវិធីបិទការបោះជំរំយុវជនកម្ពុជាខេត្តឧត្តរមានជ័យ ក្រោមប្រធានបទ"ការអភិរក្ស និងអភិវឌ្ឍជាតិ"
October 27, 2019 អ្នកទស្សនា :

      កាលពីល្ងាចថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបិទការបោះជំរំយុវជនកម្ពុជាខេត្តឧត្តរមានជ័យ  ក្រោមប្រធានបទ"ការអភិរក្ស និងអភិវឌ្ឍជាតិ" ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម អភិបាលរងខេត្ត មន្ទីរអង្គភាព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ នៅពហុកីឡដ្ឋានខេត្តឧត្តរមានជ័យ។

      លោក ប៉ិច រតនា ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការបោះជំរំឆ្នាំនេះមានប្រតិភូយុវជនមកពីបណ្ដាក្រុង-ស្រុកទាំង៥ យុវជន ស្ម័គ្រចិត្ត ក្រុមប្រឹក្សា យុវជន មកពីវិទ្យាល័យទាំង៩ ព្រមទាំងលោក លោកស្រីជា ថ្នាក់ដឹកនាំប្រតិភូយុវជន  និងគណៈកម្មការ រៀបចំជំរំសរុបប្រមាណ២៣៥នាក់។ ការបោះជំរំនេះប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ដោយបែងចែកជា៤សាខា ក្នុង១សាខា មាន៦ក្រុម និង១ក្រុមមាន សមាជិក៧ ទៅ៨នាក់ ហើយសាខានីមួយៗ មានសមាសភាព ចម្រុះក្រុង-ស្រុក ចម្រុះវិទ្យាល័យ និងត្រូវស្នាក់នៅក្នុងតង់ ចម្អិនអាហារខ្លួនឯង និងរស់នៅជីវភាពក្រុម។

      ឯកឧត្ដម អភិបាលខេត្ត បានមានប្រសាសន៍ថា ការបោះជំរំនេះគឺចង់បង្រៀនឲ្យយុវជនទាំងអស់ចេះអង្កេត ចេះពិចារណាដោយបង្កើនស្មារតីធ្វើការងារជាក្រុម ធ្វើសេចក្ដីសម្រេចចិត្តជាសមូហភាព និងបុគ្គលមានទំនួលខុសត្រូវ ក្នុងស្មារតីពង្រឹងសមត្ថភាព សាមគ្គីភាព។ ឆ្លៀតក្នុងឱកាស នោះដែរ ឯកឧត្ដម បានវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្ដរមានជ័យ ជាពិសេសគ្រូឧទ្ទិសថ្នាក់ជាតិ នៃអគ្គយកដ្ឋានយុវជន ដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការរហូតមក ធ្វើឲ្យដំណើរការការបោះជំរំ ខេត្តឧត្ដរមានជ័យ  លើកទី៤ បានបញ្ចប់ដោយជោគជ័យ។
ឯកឧត្ដម បានផ្ដាំផ្ញើឲ្យយុវជនទាំងអស់រក្សានូវអាកប្បកិរិយាល្អប្រកបដោយភាពវិជ្ជមានរបស់ខ្លួនចំពោះយុវជនដ៏ទៃទៀត ដើម្បីទទួលបានការគោរពស្រឡាញ់ ពីអ្នកទាំងនោះ និងសង្ឃឹមយ៉ាងមុតមាំថា ពួកគេនឹងណែនាំយុវជនដទៃទៀតបានស្គាល់នូវរបៀបរស់នៅ និងធ្វើការងារជាក្រុម។ 

      ឯកឧត្ដម បានគួសបញ្ជាក់ថា នេះគឺជាឱកាសបង្កើតបណ្តាញទំនាក់ទំនងល្អមួយ ហើយសង្ឃឹមថាពួកគេនឹងបន្តរក្សា និងបង្កើតទំនាក់ទំនងមិត្តភាពយូរអង្វែងជាមួយយុវជនដទៃទៀត ក្នុងស្មារតីជាយុវជនដែលស្ថិតនៅក្នុងតំបន់តែមួយ៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ