វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលជាមួយអង្គការ សមាគម សហជីព និងសហគមន៍នៅខេត្តមណ្ឌលគិរី
October 25, 2019 អ្នកទស្សនា :

      មណ្ឌលគិរីះ រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានរៀបចំវេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលជាមួយអង្គការ សមាគម សហជីព និងសហគមន៍នៅខេត្តមណ្ឌលគិរី ក្រោមប្រធានបទ “ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ក្រោមអធិបតី ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោក ញ៉ន សិទ្ធ អភិបាលរងខេត្ត នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ប្រធាន ឫតំណាងអង្គការសង្គមស៊ីវិល សមាគម និងសហគមន៍នានា ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត សរុបប្រមាណជា១២០នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។
លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត បានឱ្យដឹងថា នៅក្នុងខេត្តមណ្ឌលគិរី មានអង្គការក្រៅរដ្ឋាភិបាលប្រមាណជា២៣ អង្គការ ហើយអង្គការទាំងនោះ បានចូលរួមចំណែកកសាងសង្គមសេដ្ឋកិច្ចនៅក្នុងខេត្ត ជាពិសេស ក្នុងវិស័យដីធ្លី កសិកម្ម កសិឧស្សាហកម្ម វិស័យអប់រំ បរិស្ថាន សង្គមកិច្ច អភិវឌ្ឍន៍ជនបទ និងមួយចំនួនពាក់ព័ន្ធនិងវិស័យវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច។
នៅក្នុងអង្គវេទិកាសន្ទនានេះ អង្គការសង្គមស៊ីវិល អាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធ ក៏បានលើកយកនូវបញ្ហាប្រឈមជាក់ស្តែង ដែលបានជួបប្រទះកន្លងមក រួមទាំងសំណូមពរមួយចំនួន មកពិភាក្សាយ៉ាងផុសផុល និងដោយត្រង់ទៅត្រង់មក ដើម្បីសហការស្វែងរកដំណោះស្រាយរួមគ្នា និងបង្កើតភាព ជាដៃគូដោយ ឆន្ទៈស្មោះត្រង់រវាងគ្នានឹងគ្នា ព្រមទាំងត្រូវចូលរួមគោរពអនុវត្តច្បាប់ជាធរមាន សំដៅចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាព រស់នៅ និងសុខុមាលភាព របស់ប្រជាពលរដ្ឋ នៅថ្នាក់មូលដ្ឋាន។

      នាឱកាសនោះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល  បានបញ្ជាក់ថា ការរៀបចំវេទិកាសន្ទនានេះ គោលបំណងដើម្បីឲ្យអង្គការសង្គមស៊ីវិលនៅក្នុងខេត្តមណ្ឌលគិរី និងស្ថាប័នពាក់ព័ន្ធទាំងអស់ បានស្វែងយល់អំពីគោលដៅអភិវឌ្ឍន៍ប្រកបទៅដោយចីរភាពកម្ពុជា ក៏ដូចជាបានជ្រាបកាន់តែច្បាស់អំពីតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់នានា ដែលអង្គការសង្គមស៊ីវិល ត្រូវបំពេញ ដើម្បីឈានទៅបង្កើតភាពជាដៃគូសហការប្រកបដោយប្រសិទ្ធភាព ជាមួយរាជរដ្ឋាភិបាល និងភាគី ពាក់ព័ន្ធ ក្នុងការចូលរួមធ្វើឱ្យសម្រេចបាននូវគោលដៅនេះ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ឯកឧត្តម បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី មានគោលដៅអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងចង់ឲ្យសង្គមមួយនេះមានសុខដុមរមនីយកម្ម ទាំងផ្នែកសាសនា ជំនឿ និងផ្នែកផ្សេងៗដទៃទៀត ដើម្បីធ្វើយ៉ាងណា សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានលក្ខណៈសមរម្យ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគីរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ