នាព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំរវាងគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តស្វាយរៀង ទិសភូមិភាគ២ និងក្រុមការងារក្រសួងមហាផ្ទៃ ស្តីពីការចុះសួសុខទុក្ខ និងពិនិត្យសកម្មភាពការងាររបស់កងកម្លាំង នគរបាលការពារព្រំដែន ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង និងឯកឧត្ដមនាយឧត្ដមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដមនាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍អនុរដ្ឋលេខាធិការ អគ្គស្នងការរងនគរបាលជាតិ អគ្គនាយករង អគ្គលេខាធិការរង និងគណៈប្រិតិភូក្រសួងមហាផ្ទៃ ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការងកងរាជអាវុធហត្ថខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត និងលោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្តស្វាយរៀង បានលើកឡើង អំពីវឌ្ឍនភាពការងារដែលគណៈបញ្ជាការឯកភាពខេត្តសម្រេចបាននាពេលកន្លងមកមានដូចជា ការការពារខ្សែបន្ទាត់ព្រំដែន ការឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ការរក្សាការពារសន្តិសុខ សុវត្ថិភាពតាមតំបន់ព្រំដែន ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន បទល្មើសសេដ្ឋកិច្ច ការជួញដូរមនុស្ស និងទំនិញគេចពន្ធគ្រប់ប្រភេទ ការនាំចូលនូវទំនិញខុសច្បាប់ និងខូចគុណភាព ការលួចជ្រៀតចូល នៃជនបរទេសអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ជាដើម។
ឯកឧត្ដមនាយឧត្ដមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានមានប្រសាសន៍លើកឡើងពី បញ្ហាប្រឈមដែលនៅសេសសល់ ហើយត្រូវដោះស្រាយចំពោះកងកម្លាំងនគរបាលការពារព្រំដែន និងប៉ុស្តិ៍រដ្ឋបាលដូចជា បញ្ហាអគារស្នាក់នៅ អគារធ្វើការ ទឹកស្អាត និងភ្លើងអគ្គីសនីជាដើម និងបន្តអនុវត្តតួនាទីភារកិច្ចដូចខាងក្រោម៖
- ក្តាប់សភាពការណ៍ពីបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមអង្គភាពជាប់ខ្សែបន្ទាត់ព្រំដែនសំដៅរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។
- ដឹកនាំ ទប់ស្កាត់ កាត់បន្ថយភាពអសកម្ម ពង្រឹងសណ្ដាប់ធ្នាប់នៅតាមច្រកទ្វារព្រំដែនឲ្យមានប្រសិទ្ធភាព ចៀសវាងការប៉ះពាល់ និងថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ។
- អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវខិតខំទប់ស្កាត់ការជួញដូរគ្រឿងញៀន ការកាប់ទន្ទ្រានយកដីរដ្ឋ ការសាងសង់សំណង់ខុសច្បាប់តាមបណ្តាលដល់ព្រំដែន។
- បណ្ដាអង្គភាពមានសមត្ថកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែនត្រូវខិតខំប្រមែប្រមូលព័ត៌មានដែលទាក់ទងដល់បទល្មើសឆ្លងដែនដើម្បីសហការបង្ក្រាបឲ្យទាន់ពេលវេលា។
- បន្តការពង្រឹងទប់ស្កាត់បដិវត្តពណ៌ដែលកើតចេញពីជនក្បត់ជាតិសមរង្ស៊ី។
- បំពេញការងារផ្សេងទៀតតាមការដឹកនាំបញ្ជារបស់សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕
សូមបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនេះ ឯកឧត្ដមអភិបាលខេត្ត រួមនិងគណៈប្រតិភូក្រសួងមហាផ្ទៃ ដែលដឹកនាំដោយឯកឧត្ដមនាយឧត្ដមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានអញ្ជើញ ចុះពិនិត្យសកម្មភាពការងាររបស់កងកម្លាំងនគរបាលដែលកំពុងឈរជើងបំពេញភារកិច្ចនៅតាមបណ្ដាវរ និងប៉ុស្តិ៍ការពារព្រំដែនផងដែរ ៕
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង