វេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកបរិបូណ៌
October 18, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩ នៅសាលាស្រុក​បរិបូណ៌ មានរៀបចំវេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង​ឯកឧត្ដម អម សុភា អភិបាលរង​ខេត្ត ដោយ​មាន​អញ្ជើញ​ចូលរួម​ពីឯកឧត្តម​ លោកជំទាវ​សមាជិក​ក្រុម​ប្រឹក្សាខេត្ត នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុម​ប្រឹក្សា​ស្រុក គណៈអភិបាល​ស្រុក ការិយាល័យជុំវិញស្រុក ក្រុម​ប្រឹក្សា​ឃុំ មេភូមិ​ តំណាងសហគមន៍ ប្រជាពលរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និង​អ្ន​កពាក់ព័ន្ធ​សរុប​១៦៨នាក់ ស្រី១៩នាក់។

      បន្ទាប់ពី​ឯកឧត្តម​ឡុង ឈុនឡៃ​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ថ្លែង​សុន្ទរកថា​បើក​វេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោបល់រួច​មក លោក​ លៀង ជុំ​សុបិន្ត​នាយករង​រដ្ឋបាល​សាលា​ខេត្ត​ បាន​អានរបាយការណ៍​សង្ខេប​ស្ដីពី​សមិទ្ធផលសម្រេច​បាន​ក្នុង​ឆ្នាំ២០១៩ និងបញ្ហា​ប្រឈម​មួយ​ចំនួន​របស់រដ្ឋបាល​ខេត្ត​។

      លោកហង្ស ពិសី នាយកទីចាត់ការ​ផែន​ការ និង​វិនិយោគ​សាលា​ខេត្ត​ បាន​អាន​របាយការណ៍​សង្ខេប​ស្ដីពី​វឌ្ឍនភាព​នៃការ​អនុវត្ត​កម្មវិធី​វិនិយោគ​បីឆ្នាំរំកិល (២០១៩-២០២១) ប្រចាំ​ឆ្នាំ២០១៩ និង​ទិសដៅ​កម្មវិធី​វិនិយោគ​បីឆ្នាំរំកិល​(២០២០-២០២២)។​

      ថ្លែង​ក្នុង​ឱកាសនោះ ឯកឧត្តម​អម សុភា អភិបាល​រងខេត្ត​ បាន​មានប្រសាសន៍​ថា ការ​ប្រារព្ធ​ធ្វើ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់ក្រុម​ប្រឹក្សា​ អាណត្តិទី៣ ជាការ​បង្ហាញ​អំពី​សមិទ្ធផល​នានា​ដែល​សម្រេច​បាន​រយ:ពេល​មួយ​ឆ្នាំ​ និង​គម្រោង​វិនិយោគផែន​ការ​អភិវឌ្ឍខេត្ត​។ ជាង​នេះទៅទៀត វេទិកា​ពិគ្រោះយោបល់​នេះ បានផ្ដល់ឱកាសដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ចូលរួមពិគ្រោះ​​យោបល់​ សំដៅចូលរួមកែលម្អចំណុចដែលនៅ​ខ្វះ​ខាត​​ និង​ស្វែង​ដំណោះស្រាយចំពោះបញ្ហាប្រឈមសំខាន់ៗដែលកើតមាននៅមូលដ្ឋាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងាររបស់អាជ្ញាធរ សំដៅលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យកាន់តែរីកចម្រើនថែមទៀត។ 

      គូស​បញ្ជាក់ថា៖ ប្រធាន​បទ​ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះយោបល់​របស់ក្រុម​ប្រឹក្សា​ខេត្ត​ រួមមាន 
១. ការងារសន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម (អំពី​ការអនុវត្តគោល​នយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​សុវត្ថិភាព​ចរាចរណ៍)
២. កិច្ចការ​អភិវឌ្ឍន៍មូល​ដ្ឋាន​
៣. ការ​ផ្ដល់​សេវា​រដ្ឋបាល​ របស់​រដ្ឋបាល​ថ្នាក់ក្រោមជាតិ
៤. ការគ្រប់គ្រង​សោភ័ណ​ភាព អនាម័យ បរិស្ថាន និង​ធនធម្មជាតិ​ និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត

      នៅក្នុង​វេទិកានោះ ក៏មាន​លើក​ជាសំណួរ និង​សំណូម​ពរ​ដោយផ្ទាល់មាត់ និងលាយលក្ខណ៍​ជាអក្សរ​មាន​ចំនួន​១១ចំណុច​ ក្នុង​នោះ​ថ្នាក់ដឹកនាំ មន្ត្រីជំនាញ​ និងអាជ្ញាធរពាក់ព័ន្ធ បានបកស្រាយ​បំភ្លឺ​មួយចំនួន រីឯបញ្ហាដែលនៅសេសសល់បានទទួលយកសម្រាប់ចុះពិនិត្យ សិក្សាឲ្យបានច្បាស់លាស់ជាបន្តទៀត ដើម្បីស្វែងរកដំណោះស្រាយឲ្យមានប្រសិទ្ធភាព៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ