(ខេត្តសៀមរាប)៖ មួកសុវត្ថិភាពចំនួន ១៥០មួក បានចែកជូនប្រជាពលរដ្ឋ ក្នុងឱកាសនៃ យុទ្ធនាការពាក់មួកសុវត្ថិភាព និងដើម្បីរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរផ្លូវគោក
December 29, 2017 អ្នកទស្សនា :

នៅថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បាន អញ្ជើញដឹកនាំយុទ្ធនាការពាក់មួកសុវត្ថិភាព ដែលបានប្រព្រឹត្តទៅនៅ៣ទីតាំងរង្វង់មូលព្រះរាជដំណាក់ រង្វង់មូលនាគបាញ់ទឹក និងស្រុបសាលារៀនគ្រួស ដើម្បីរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដោយសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោកខេត្ត។ យុទ្ធនាការនេះបាននឹងកំពុងប្រព្រឹត្តទៅនៅទូទាំង២៥រាជធានីខេត្ត ដោយនគរបាលចរាចរណ៍ បានឃាត់អ្នកជិះម៉ូតូ ដែលអត់ពាក់មួក សុវត្ថិភាព ហើយចែកមួកសុវត្ថិភាពឱ្យគាត់មួយដើម្បីបង្ហាញពីសារៈសំខាន់ នៃការពាក់មួកសុត្ថិភាព។ នៅពេលប្រគល់មួកសុវត្ថិភាពនោះ នគរបាលបាន តម្រូវឱ្យគាត់ផ្តិតស្នាមមេដៃទទួលមួក និងមានបញ្ជាក់ ឈ្មោះរបស់អ្នកទទួល ដើម្បីបង្កាទប់ស្កាត់ការមកបន្លំយកមួកសុវត្ថិភាពម្តងជាពីរដង។ ជាមួយគ្នានេះផងដែរ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរបានមាន ប្រសាសន៍អប់រំដល់អ្នកជិះម៉ូតូដែល បានទទួលបង្កាន់ដៃផាកពិន័យនោះអំពីសុវត្ថិភាពចរាចរណ៍ ហានិភ័យនៃការមិនពាក់មួកសុវត្ថិភាព ឬ សួរសំណួរអំពីច្បាប់ចរាចរណ៍។ ប្រសិនបើគាត់ឆ្លើយត្រូវ ជូនមួកសុវត្ថិភាពគាត់មួយ និងប្រសិនបើគាត់ ឆ្លើយមិនត្រូវ មិនទទួលបានមួកសុវត្ថិភាពទេ គឺបានសៀវភៅស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងខិតប័ណ្ណផ្សព្វផ្សាយមួយចំនួន។ លោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរ ទទួលបន្ទុកការិយាល័យសុវត្ថិភាបចរាចរណ៍ បានធ្វើការអំពាវនាវដល់អ្នកធ្វើដំណើរឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានជំរុញឲ្យផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់តែមិន គោរពច្បាប់ ងាកមកខិតខំរួមគ្នាគោរពច្បាប់ឲ្យបានស្មើភាព និងម៉ឺងម៉ាត់ដើម្បីថែរក្សាអាយុជីវិតមនុស្ស ជាពិសេសអ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារ និងថែរក្សាសង្គមឲ្យមានសុវត្ថិភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើនប្រកបដោយចិរភាព។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧ មានចំនួនគ្រោះថ្នាក់ចរាចរណ៍ ២.៧៣១ ករណី មានអ្នកស្លាប់ ១.៣៥៧ អ្នក។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មាន៧៦% ជាអ្នកជិះម៉ូតូដែលមានកម្លាំង ១២៥CC ចុះក្រោម។ គួរកត់សម្គាល់ផងដែរថា៖ មានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅមិនទាន់មានការគោរពច្បាប់ ចរាចរណ៍បានត្រឹមត្រូវនៅឡើយទេដូចជា៖ ការមិនពាក់មួកសុវត្ថិភាពក្នុងពេលបើកបរទោចក្រយានយន្ត ដែលបង្កឱ្យស្លាប់និងរបួសជារៀងរាល់ឆ្នាំ។ យុទ្ធនាការថ្ងៃនេះដែល ក្រុមការងារលេខាធិការដ្ឋានបានប្រើប្រាស់សម្ភារដូចខាងក្រោម៖ ១-មួកសុវត្ថិភាព = ១៥០មួក ២-សៀវភៅស្តីពីចរាចរណ៍ផ្លូវគោក = ៣០ក្បាល ៣-សៀវភៅអ្វីដែលអ្នកបើកបរយានយន្តត្រូវយល់ដឹង = ៩០០ក្បាល ៤-សីលធម៌១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ = ៣០០សន្លឹក ៥-សុវត្ថិភាពចរាចរណ៍ផ្តើមចេញពីខ្ញុំ = ១៥០សន្លឹក ៦-ផ្លាកសញ្ញាចរាចរណ៍សំខាន់ៗ = ២៥សន្លឹក ៧-ស្ទីកឃ័រចំណាំងផ្លាត ៣០០សន្លឹក ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ