ថ្នាក់ដឹកនាំខេត្តសៀមរាបដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធចូលរួមគោរពវិញ្ញាណក្ខ័ន្ត ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ
October 15, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០១៩ ជាថ្ងៃគម្រប់ខួប០៧ឆ្នាំ របស់ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានយាងចូលទីវង្គត់  ដែលធ្វើឲ្យយើងជាកូន ជាចៅ  ចៅទួត ចៅលួតរបស់ព្រះអង្គមានក្តីសោកស្តាយ អាឡោះអាល័យរកទីបំផុតគ្មាន ព្រមទាំងឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជានុរាស្ត្ររបស់ព្រះអង្គ នឹកឃើញនូវព្រះគុណូបការៈដ៏ថ្លៃថ្លា និងវិសេសវិសាលដ៏ឧត្តុង្គឧត្តម នូវស្នាព្រហស្ត៍របស់ព្រះករុណា ដែលបានបន្សល់ទុកនៅសមទ្ធិផលជាច្រើន សម្រាប់ជាតិ មាតុភូមិ។ 

      ក្នុងពិធីនោះដែរក៏មានវត្តមានរបស់ឯកឧត្តម  អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត  ព្រមទាំងឯកឧត្តម  លោកជំទាវជាគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ស្នងការនគរបាល មេបញ្ជាការ បញ្ជាការង  កងកម្លាំងប្រដាប់អាវុធ និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ពាណិជ្ជករ និង ប្រជាពលរដ្ឋផងដែរ ដែលបានចូលរួមគោរពព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះបរមរតនកោដ្ឋ នាឱកាសនោះផងដែរ។

      ក្នុងមួយព្រះជន្មរបស់ព្រះអង្គ ព្រះអង្គបានលះបង់ទាំងព្រះកាយពល និង ព្រះបញ្ញាញាណ ដើមី្បបុព្វហេតុជាតិ ក្នុងការទាមទារនូវឯករាជ្យជាតិពីអាណានិគមបារាំងសេស និង ខេត្តមួយចំនួនពីប្រទេសសៀម ព្រមទាំងប្រាសាទព្រះវិហារ ក្នុងបូរណភាពទឹកដី ការបង្រួបបង្រួមជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និង ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម។ ជាងនេះទៅទៀត ព្រះវីរៈសកម្មភាពរបស់ព្រះអង្គ ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ អព្យាក្រឹត្យភាព និង កិត្យានុភាពដ៏ល្បីល្បាញនៅលើសកលលោកទៀតផង។ 

      ក្នុងការតបស្នងចំពោះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តម ចំពោះព្រះបរមរតនកោដ្ឋ ដែលបានបូជាព្រះកាយគ្រប់បែបយ៉ាង ជូនមាតុភូមិ និង ប្រជាជាតិជាទីស្រឡាញ់របស់ព្រះអង្គនោះ នាព្រឹកថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០១៩នេះដែរ នៅមុខព្រះរាជដំណាក់ក្រុងសៀមរាប ក៏មានរៀបចំពីធីគោរពព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះរបរមរតនកោដ្ឋ ក្នុងការរំលឹកនូវគុណុប ការៈ របស់ព្រះអង្គ ដែលធ្វើឲ្យប្រជានុរាស្រ្ត ទាំងព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សានុសិស្ស និសិ្សត ប្រជាពលរដ្ឋ និង បងប្អូនជនជាតិខ្មែរឥស្លាមនៅខេត្តសៀមរាប មិនអាចបំភ្លេចបាននូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម របស់សម្តេចព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលមួយជីវិតរបស់ ព្រះអង្គទ្រង់បានបំពេញព្រះរាជបូជនីយកិច្ច ដើមី្បឯករាជ្យ បូរណ ភាពទឹកដី និង ឯកភាពជាតិខ្មែរ ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា គ្រប់កាលៈទេសៈ។ 
 
      បន្ទាប់ពីការបូជាទៀន ធូប ថ្វាយនៅចំពោះមុខព្រះឆ័យ្យលៈរបស់ព្រះបរមរតនកោដ្ឋ និង ការគោរពព្រះវិញ្ញាណក្ខ័ន្ត របស់ព្រះបរមរតនកោដ្ឋ ដោយបានធ្វើការស្មឹងស្មាត ដើមី្បឧទ្ទិសព្រះវិញ្ញាណក្ខ័ន្ធរបស់ ព្រះអង្គទ្រង់ បានយានទៅកាន់ព្រះបរមសុគតិភព ឲ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូមបញ្ជាក់ផងដែរថា នៅទូទាំងខេត្តសៀមរាប អាជ្ញាធរខេត្ត បានធ្វើការណែនាំដល់បណ្តាគ្រប់ទីវត្តអារាម និង គ្រប់ក្រុង ស្រុក ឃុំ សង្កាត់ ក៏បានរៀបចំធ្វើពិធីគោរពព្រះវិញ្ញាណក្ខ័ន្តរបស់ព្រះបរមរតនកោដ្ឋផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ