ពិធីប្រកាសតែងតាំងចូលកាន់តំណែងជាអភិបាល អភិបាលរង និង នាយករដ្ឋបាលស្រុកពួកជាផ្លូវការ
October 09, 2019 អ្នកទស្សនា :

លោក ស៊ិន ចាន់ថុល អភិបាលស្តីទីស្រុកពួក ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ត្រូវបានប្រកាស​ចូលកាន់​តំណែង​ជាអភិបាលនៃគណៈអភិបាលស្រុកពួក ដើម្បីដឹកនាំបន្តជំនួសលោក ម៉ៅ វិសុទ្ធ  ដែលត្រូវបានចូលនិវត្ត និង ប្រកាសអភិបាលរងស្រុក ០២រូប នាយករដ្ឋបាលសាលាស្រុក១រូបផងដែរ ពិធីនេះបានប្រព្រឹត្តទៅក្រោម​អធិបតីភាពរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប  កាលពីរសៀលថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៩ នៅសាលាស្រុកពួក ។

បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និង ត្រា រួមទាំងប្រការរួចមក លោក ស៊ិន ចាន់ថុល  ក៏បានធ្វើការប្តេជ្ញា​ចិត្តក្នុងអត្ថន័យរក្សាឲ្យបាននូវសមិទ្ធផលដែលបានកសាងកន្លងមក ព្រមទាំងខិតខំធ្វើការអភិវឌ្ឍបន្ថែម​ទៀត​តាម​ការចង្អុលបង្ហាញរបស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  ដែលមានសម្តេចតេជោ ហ៊ុន សែន ជា​នាយក​​រដ្ឋមន្ត្រី ក៏ដូចអាជ្ញាធរខេត្ត ក្នុងការអនុវត្តន៍នូវយុទ្ធសាស្ត្រចតុកោណជំហានទី៤ នីតិកាលទី៦ នៃរដ្ឋសភា  ព្រមទាំងខិតខំពង្រឹងនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យខ្ជាប់ខ្ជួន ជូនប្រជាជនផងដែរ ។

ក្នុងនោះដែរឯកឧត្តម ទៀ សីហា ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទូទាំងស្រុកពួក ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាង អភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ ។ ម៉្យាងទៀតស្រុកពួកទាំងមូល មានសក្តានុពើក្នុងវិស័យកសិកម្ម ទេសចរណ៍ និង សិប្បកម្មតម្បាញទៀតផង ។

ឯកឧត្តមបន្តទៀតថា សមទ្ធិផលដែលស្រុកសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តម​នៃប្រជា​ជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់ រាជរដ្ឋាភិបាល ហើយក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ រាជរដ្ឋាភិបាលសម្រេច បាននូវសមទ្ធិផល ជាច្រើគួរជាទីមោទនភាព ។ ឯកឧត្តមអភិបាល​ខេត្តក៏​លើកឡើងថា កាប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធី ដែលបានកំណត់ក្នុងច្បាប់ ហើយ​ត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង  ដឹកនាំរដ្ឋបាលកាន់តែ​មាន​ប្រសិទ្ធភាព  ក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន។

ឯកឧត្តម ទៀ សីហា ក៏បានគូសបញ្ជាក់ថា នេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ របស់រាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និង ប្លែកនោះទេ  តែសំខាន់នោះ គឺ ចរន្តនៃការងាររដ្ឋបាល ពុំមានការប្រែប្រួល ដោយរដ្ឋបាល​ស្រុកត្រូវតែបន្ត និរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្តុំកម្លាំងសរុប សំដៅជម្រុញ បង្កើននូវប្រសិទ្ធភាព​ការ​ងារ​ដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការ  បម្រើនូវសេវាសាធារណៈ​ជូនដល់​ប្រជា​ពលរដ្ឋ គឺច្រកចេញចូលតែមួយ ។  ឯកឧត្តម បានក្រើនរំលឹកដល់អភិបាលស្រុកពួក ដែលត្រូវបានតែងតាំងថ្មី ត្រូវខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ប្រឹងប្រែងឲ្យអស់ពី​កម្លាំង​កាយចិត្ត  ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនតម្រូវការជូនប្រជាពលរដ្ឋឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដោយត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា ។    

ឯកឧត្តមអភិបាលខេត្តបន្តថា កិច្ចការអភិវឌ្ឍន៍មូលដ្ឋាន គឺជាភារកិច្ចស្នូល សុខទុក្ខប្រជាពលរដ្ឋជាបញ្ហាចំបង ការងារទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន វាជាការងារដ៏សំខាន់ នោះបទល្មើសការ​កាប់ទន្រ្ទានព្រៃលិចទឹកយកដីធ្វើកម្មសិទ្ធិ បទល្មើសនេសាទ ។  ម៉្យាងទៀតត្រូវធ្វើការពង្រឹងអង្គការវិន័យផ្ទៃក្នុង របស់មន្ត្រីរាជការក្រោម ឱវាទឲ្យបំពេញភារកិច្ចបានល្អ និង ជម្រុញការបណ្តុះបណ្តាលនូវសមត្ថភាព​ធនធានមនុស្ស នៅថ្នាក់ក្រោមជាតិផងដែរ ។ ម៉្យាងទៀតត្រូវធ្វើការពង្រីកនូវ លើវិស័យទេសចរណ៍នៅ​ក្នុងសហគមន៍ ដោយមានការរួមសហការជា មួយមន្ទីរជំនាញ ស្ថាប័ន ពាក់ព័ន្ធ ដើមី្បជាផល​ប្រយោជន៍​ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកទាំងមូល និង ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាល មន្ត្រីរាជការលើការដឹកនាំ  គ្រប់គ្រង ការិយាល័យ និង អង្គភាពក្នុងស្រុកឲ្យបានល្អ និង បង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងសាលាស្រុក ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយបណ្តា ស្ថាប័ន អង្គភាព និង បង្កើនលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និង ប្រជាជនផងដែរ   ។

ឯកឧត្តមក៏បានក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សំខាន់ប្អូនៗយុវជនដែលជាសសរគ្រឹះក្នុងសង្គម ត្រូវចូលរួមធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួន កុំឲ្យស្តាប់នូវការញុះញុងរបស់ក្រុមឧទាមក្រៅច្បាប់ ដែលមានគំនិតចង់ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា សំខាន់ចំពោះកងកម្លាំង រួមសហការ ជាមួយប្រជាការពារភូមិ ព្រមទាំងជម្រុញលើការងារអប់រំទៀតផង ។ ម៉្យាងទៀតត្រូវណែនាំប្រជាកសិករយើងដែររងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ជម្រុញក្នុងការធ្វើស្រែបណ្តេញទឹក និង ស្រែប្រាំង ក្នុងការស្តារជីវភាពឡើងវិញ្របស់បងប្អូន និងត្រូវចេះថែរក្សាតំកល់ទឹកសម្រាប់ប្រើប្រាស់បង្កបង្កើនផល នៅពេលខាងមុខនេះផងដែរ  ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ