រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល២ថ្ងៃ នៅតាមដងស្ទឹងសែន
October 10, 2019 អ្នកទស្សនា :

នៅក្នុងកិច្ចប្រជុំពិភាក្សាផែនការណែនាំ ស្តីពីការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅក្នុងខេត្តកំពង់ធំ ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០១៩ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ ថ្លែងថា ដើម្បីឲ្យការរៀបចំពិធីបុណ្យជាតិទាំងពីរនេះ ប្រព្រឹត្តទៅដោយរលូន និងសប្បាយរីករាយ សូមលោកអភិបាលក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើការងារដោយយកចិត្តទុកដាក់ ដោយធ្វើការតុបតែងដាក់ភ្លើងបំភ្លឺនៅទីសាធារណៈ ខិតខំបន្តសហការពង្រឹងឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរបរយសាធារណៈ និងអនាម័យគ្រប់គោលដៅឲ្យកាន់តែ​ប្រសើរឡើងថែម​ទៀត ព្រមទាំងអំពាវនាវដល់បងប្អូនអាជីវករ កីឡាករ កីឡាការិនី និងបងប្អូន​ប្រជាពល​រដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានមកលេងកម្សាន្តសប្បាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែត​ប្រទីប និងសំពះព្រះខែ អកអំបុកទាំងអស់ សូមចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយ​សាធារណៈ ជាពិសេសចូលរួមវេចខ្ចប់ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីទីក្រុងរបស់យើង​មានសោភ័ណភាពស្រស់បំព្រងគួរជាទីមោទនៈ។

ជាមួយគ្នានោះ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ដែលមានទូក ង និងចង់ចូលរួមអុំសាកល្បង នៅខេត្ត និងទៅអុំនៅថ្នាក់ជាតិ ត្រូវធ្វើការហ្វឹកហាត់ជាបណ្តើរៗ ត្រូវចាត់តាំងអនុគណៈកម្មការមួយមានភារកិច្ចទទួលខុសត្រូវលើការគ្រប់គ្រងទូក ក្នុង ក្រុង ស្រុក របស់ខ្លួន ហើយត្រូវធ្វើការណែនាំ អប់រំដល់ក្រុមកីឡាករអុំទូក ត្រូវគោរពនូវវិន័យ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ ហូបចុកប្រកបដោយអនាម័យ ចូលរួមចំណែកថែរក្សាបរិស្ថានឲ្យបានល្អ មិនត្រូវបោះចោលថង់ផ្លាស្ទិច ឬដបទឹកសុទ្ធនៅក្រៅធុងសម្រាម បន្ទោបង់ក្រៅបង្គន់អនាម័យ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន។ ក្នុងនោះរដ្ឋបាលខេត្ត នឹងរៀបចំផ្ដល់ ទីតាំងទីស្នាក់អាស្រ័យ និងមានរង្វាន់ជូនដល់ទូកដែលទទួលបានជ័យលាភី ព្រមទាំងរង្វាន់លើកទឹកចិត្តសម្រាប់ទូកដែលមិនទទួលបានជ័យលាបភីផងដែរ។

គួរជម្រាបដែរថា នៅក្នុងពេលរាត្រី មានការប្រគុំតន្ត្រី និងបាញ់កាំជ្រួច ដើម្បីអបអរក្នុង​​ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល២ថ្ងៃនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ