ផ្កាសាគូរ៉ាជាង១០០ដើម នឹងរីកស្គុះស្គាយបង្អួតសម្រស់លោមពណ៍ តាមដងផ្លូវក្នុងរដ្ឋបាលខេត្តត្បូងឃ្មុំ!!
October 10, 2019 អ្នកទស្សនា :

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានបន្តសកម្មភាពលើកសម្រស់ខេត្តបន្ថែមទៀត ដោយដឹកនាំមន្ត្រីរាជ​ការសា​លាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ធ្វើការដាំដើមផ្កាសាគូរ៉ា ចំនួនប្រមាណ១២០ដើម ជាជំហានទី១ តាមបណ្ដោយផ្លូវភ្លោះក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ដោយតាមគម្រោងនឹងមានការដាំផ្កាប្រភេទនេះ និងដើមផ្កា ក៍ដូចជារុក្ខជាតិផ្សេងៗទៀត រហូតដល់ប្រមាណ១ម៉ឺនដើមឯណោះ។

ឯកឧត្តមបណ្ឌិត បានថ្លែងបញ្ជាក់ថា ដើមផ្កាសាគូរ៉ានេះ ធ្វើការដាំឡើងដើម្បីលើកកម្ពស់បរិស្ថាន ពិសេសក្រោយដើមផ្កានេះធំពេញរូបរាង មានផ្កាដ៍ស្រស់ស្អាត ដែល ប្រជាជនជប៉ុន ក៍ដូចជាគ្រប់​ប្រទេសទូទាំងពិភពលោក ដែលបានស្គាល់ពីសម្រស់ដើមផ្កានេះ ពិតជានឹងផ្តល់សោភ័ណ​ភាពថ្មីប្លែកមួយកម្រិតទៀត ក៍ដូចជាសម្រាប់លម្អទីប្រជុំទីរួមខេត្ត ជាពិសេសទាក់ទាញភ្នែក អន្ទងចិត្តភ្ញៀវទេសចរក្នុងខេត្ត ក្នុងស្រុក និងក្រៅស្រុកមកទស្សនាកំសាន្ត បាននាពេលរដូវផ្កានេះបង្អួតសម្រស់ ដែលជាការលើកមុខមាត់ថ្មី លើកទឹកដីខេត្តកូនពៅមួយនេះ។

សូមរំលឹកថា ខេត្តត្បូងឃ្មុំបន្ទាប់ពីបង្កើតឡើង គឺបានចាត់ទុកជាខេត្តគំរូមួយ មានប្លង់មេច្បាស់លាស់ ការសាងសង់អគារសាលាខេត្ត មន្ទីរជុំវិញខេត្ត ផ្ទះស្នាក់នៅរបស់មន្ត្រីរាជការ ទៅតាមស្តង់ដារ និងហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញខេត្ត បានផុសឡើងអមដោយភ្លើងពណ៍នាពេលរាត្រី រង្វង់មូលធំៗ ក៍ដូចជាសួនច្បារ មានទាំងទន្លេសិប្បនិម្មិត និងដើមរុក្ខជាតិដុះលូតឡើង ពណ៍ខៀវស្រងាត់ ពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ និងទិដ្ឋភាពស្អាតយ៉ាងត្រជាក់ភ្នែក។

បន្ថែមលើសពីនេះ ចំពោះការលើកកម្ពស់បរិស្ថាន និងសោភ័ណភាពខេត្ត ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តែងតែដឹកនាំមន្ត្រីរាជការ សិស្សានុសិស្សចុះសម្អាតបរិស្ថាន ក្នុងតំបន់រដ្ឋបាលខេត្ត និងតាមបណ្តាក្រុងស្រុកជុំវិញខេត្ត ព្រមទាំងណែនាំប្រជាពលរដ្ឋ និងអាជីវករប្រមូលសម្រាមទុកដាក់ឲ្យបានត្រឹមត្រូវ ជាពិសេសធ្វើការដាំកូនឈើដើម្បីបរិស្ថានផង និងជាគម្របបៃតងដ៍រឹងមាំសម្រាប់មនុស្ស និងធម្មជាតិ៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ