រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តថ្មីរ១រូបបន្ថែម
October 10, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំធំ អគារ ឃ សាលាខេត្តស្វាយរៀង។

      វត្តមានអញ្ជើញចូលរួមក្នុងពិធីនេះ រួមមាន ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក អគ្គនាយករង អគ្គស្នងការរងនគរបាលជាតិ អគ្គលេខាធិការរង អគ្គាធិការរង ឯកឧត្ដម អស់លោកគណៈប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក លោក លោកស្រី នាយក នាយករងទីចាត់ការ  ប្រធាន-អនុប្រធានអង្គភាពលទ្ធកម្ម អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋខេត្ត  ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែនក្នុងខេត្ត ប្រធានវរព្រំដែន អធិការនគរបាលក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ ប្រមាណ ៣០០នាក់។

      ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះឯកឧត្ដមរដ្ឋលេខាធិការ និងគណៈប្រតិភូក្រសួងមហាផ្ទៃ ដែលបានផ្ដល់កិត្តិយសអញ្ជើញជាអធិបតី និងចូលរួមនៅថ្ងៃនេះ និងបានបង្ហាញជូនពីលទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមក រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការផ្ដល់សេវាសាធារណៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តស្វាយរៀងជាដើម។

      ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈបានល្អប្រសើរ នាពេលកន្លងមក។

      ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តាំផ្ញើដល់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
១- ត្រូវពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងទប់ស្កាត់អោយបាននូវបដិវត្តពណ៌ដែលជាសកម្មភាពមិនស្របច្បាប់ មិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។
២- ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្លាប់សាធារណៈ សុវត្ថិភាពសង្គម និងត្រូវប្រកាន់ភ្ជាប់នូវការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
៣- ការគ្រប់គ្រង ការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរនៃប្រទេសជិតខាងបន្ថែមទៀត ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន ឲ្យក្លាយទៅជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ។
៤- ត្រូវយកចិត្តទុកដាក់អនុវត្តការងារកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈ ដែលទាមទាឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
៥- ត្រូវរួមគ្នាបន្តពង្រឹងការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន។
៦- រដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងរបៀបរបបធ្វើការងារ រួមមានការទំនាក់ទំនង សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ និងការអនុវត្តនូវតួនាទីភារកិច្ច របស់ស្ថាប័ន អង្គភាពនីមួយៗ។

      សូមបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ១១១៤ អនក្រ.តត ចុះថ្ងៃអង្គារ ៥រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ត្រូវបានតែងតាំង លោក សេង សីលា ឋានន្តរស័ក្តិឧត្ដមមន្ត្រី ថ្នាក់លេខ៦ ឲ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង៕

 

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ