logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា
42
27-December-2017
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា ដែលទើបកែសម្រួលថ្មី នៅសាលប្រជុំសាលាស្រុកចន្ទ្រា ។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមានលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ថ្នាក់ដឹកនាំ បុគ្គលិក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា ដែលបាននាពេលកន្លងមកបានបំពេញបេសកកម្មមនុស្សធម៌ជួយដោះស្រាយ និងឆ្លើយតបចំពោះរាល់ការលំបាករបស់ប្រជាជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋានស្រុក បានទាន់ពេលវេលា និងទទួលបានលទ្ធផលជោគជ័យ ស្របតាមទិសស្លោក “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា“ ដែលលទ្ធផលនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់អនុសាខា ស្របតាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០១១-២០២០ ក្រោមការចង្អុលបង្ហាញ និងដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយភាពឆ្លាតវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ ជាមួយនេះ ក្នុងនាមជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្ដមបានផ្ដាំផ្ញើដល់គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា និងអ្នកពាក់ព័ន្ធទាំងអស់នូវការងារសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖ -ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងរវាងគណៈកិត្តិយស គណៈកម្មាធិការអនុសាខា និងក្រុមប្រតិបត្តិឲ្យបានល្អប្រសើរ ។ -ត្រូវមានការសហការ និងទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដី ជាពិសេសរដ្ឋបាលស្រុក ក្នុងការបំពេញការងារមនុស្សធម៌ជួយអន្តរាគមន៍ដោះស្រាយទុក្ខលំបាក និងសេចក្ដីត្រូវការរបស់ប្រជាជនងាយរងគ្រោះ ក៏ដូចជាជនរងគ្រោះដោយសារគ្រោះថ្នាក់សង្គម និងគ្រោះធម្មជាតិ ។ -ត្រូវខិតខំពង្រឹង បង្កើនសមត្ថភាព និងតម្រង់ទិសអនុវត្តរបស់មន្ត្រី បុគ្គលិកអនុសាខា និងក្រុមកាកបាទក្រហមឃុំទាំងអស់ដើម្បីប្រសិទ្ធភាពការងារ ។ -ត្រូវបន្តពង្រឹងពង្រីកសមាជិក កម្លាំងយុវជន និងអ្នកស័្មគ្រចិត្តបន្ថែមទៀត ដើម្បីឲ្យសកម្មភាពការងារមនុស្សធម៌របស់អនុសាខាកាន់តែមានភាពរស់រវើក ផុលផុស និងមានប្រសិទ្ធភាព ។ -ត្រូវរៀបចំចាត់ចែងកត់ត្រា ទុកដាក់ ថែរក្សាសម្ភារ ទ្រព្យសម្បត្តិរបស់អនុសាខាឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ព្រមទាំងត្រូវខិតខំពង្រឹងការងាររៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ ច្បាស់លាស់ ចៀសវាងឲ្យបាននូវកំហុសឆ្គងផ្សេងៗ និងត្រូវរាយការណ៍មកសាខាថ្នាក់ខេត្តឲ្យបានជាប្រចាំ និងទៀងទាត់ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ