(ខេត្តស្វាយរៀង)៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៧ និងលើកទិសដៅការងារខែមករា ឆ្នាំ២០១៨
December 25, 2017 អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៧ និងលើកទិសដៅការងារខែមករា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ឯកឧត្ដមសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកតំណាងសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់គ្រប់បណ្ដាមន្ទីរ-អង្គភាព ក្រុង ស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានសហការយ៉ាងសកម្មចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងកិច្ចអភិវឌ្ឍន៍មូលលដ្ឋាន ការផ្ដល់សេវាសាធារណៈ និងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងដោះស្រាយបញ្ហា ឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព នាកន្លងមកនេះ ។ ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម ៖ -ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានកាន់តែល្អប្រសើរ ។ -ត្រូវបន្តខិតខំសហការរួមគ្នាកសាងអភិវឌ្ឍន៍មូលដ្ឋានដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងពិតប្រាកដរបស់ប្រជាពលរដ្ឋ ជាពិសេសការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ទាំងនៅទីក្រុង និងជនបទ ព្រមទាំងត្រូវបន្តខិតខំយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈឲ្យបានល្អប្រសើរ ឆាប់រហ័ស និងទាន់ពេលវេលា ។ -ត្រូវបង្កើនការផ្សព្វផ្សាយអប់រំ រឹតបន្តឹង និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែមានប្រសិទ្ធភាព ។ -ត្រូវបន្តពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទ់ល្មើសគ្រឿងញៀន ដើម្បីឈានទៅកាត់បន្ថយនិងលុបបំបាត់ឲ្យបាននូវការចរាចរណ៍ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។ -រដ្ឋបាលក្រុង ស្រុកត្រូវសហការរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបានទាន់ពេលវេលា និងស្របតាមនីតិវិធីដែលច្បាប់កំណត់ និងការណែនាំរបស់ក្រសួងមហាផ្ទៃ ។ -មន្ទីររ៉ែ និងថាមពល ត្រូវបន្តសហការពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបទដ្ឋានបច្ចេកទេសនៃការរៀបចំស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថាន័យរួមប្រេង និងឧស្ម័នឥន្ធនៈ និងធ្វើការជំរុញណែនាំឲ្យម្ចាស់ស្ថានីយប្រេងទាំងអស់នៅក្នុងខេត្តអនុវត្តឲ្យបានត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្ត ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ