នៅសាលប្រជុំសាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋខេត្ត ដើម្បីពិនិត្យ និងដាក់ចេញនូវទិសដៅការងាររក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងខេត្ត នារសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការរងប្រតិបត្តិការសឹករងខេត្ត ស្នងការរងនគរបាលខេត្ត ប្រធានមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានដាក់ចេញនូវទិសដៅការងារបន្តសំខាន់ៗមួយចំនួនរួមមាន៖ ១.ត្រូវបង្កើនការដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យកាន់តែសកម្ម និងផុលផុស ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឲ្យកាន់តែទទួលបានលទផលល្អប្រសើរថែមទៀត ព្រមទាំងត្រូវអនុវត្តវិធានការច្បាប់ឲ្យបានតឹងរ៉ឹង ចំពោះឧក្រិដ្ឋជនគ្រឿងញៀន, ២.ត្រូវបង្កើនការពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរ៉ឹងបំផុតនៅគ្រប់មូលដ្ឋាន និងធ្វើការពិន័យដោយគ្មានលើកលែង និងយោគយល់ចំពោះអ្នកដែលល្មើសច្បាប់, ៣.ត្រូវមានផែនការ និងវិធានការឲ្យបានច្បាស់លាស់ក្នុងកិច្ចការទប់ស្កាត់រាល់បាតុភាពបដិវដ្តន៍ពណ៌ដែលកើតចេញពីក្រុមប្រឆាំងក្រៅច្បាប់, ៤.ថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅក្នុងខេត្ត៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង