នៅសាលប្រជុំសាលាខេត្តកោះកុង នាព្រឹកថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩នេះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញជាសហអធិបតី ក្នុងវេទិកាសន្ទនារវាងសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ នៅខេត្តកោះកុង ក្រោមប្រធានបទ”ការពង្រឹងកិច្ចសហការ រវាងអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា” និងមានការចូលរួមពី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ប្រធានអង្គការសង្គមស៊ីវិលនៅក្នុងខេត្ត។
លោកអភិបាលរងខេត្ត បានលើកឡើងថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅកម្ពុជា គឺផ្ដោតទៅលើគោលដៅសំខាន់មួយចំនួនរួមមាន៖ បញ្ចប់ភាពក្រីក្រគ្រប់ទម្រង់ នៅគ្រប់ទីកន្លែង បញ្ចប់ភាពអត់ឃ្លាន សម្រេចឲ្យបានសន្តិសុខស្បៀង ធ្វើឲ្យប្រសើរឡើងស្ថានភាពអាហាររូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព ធានាអោយជីវភាពរស់នៅ របស់ប្រជាជនប្រកបដោយសុខភាពល្អ និងលើកកម្ពស់សុខុមាលភាព របស់មនុស្សគ្រប់រូប និងគ្រប់វ័យ ធានាអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសីលធម៌ និងលើកកម្ពស់នូវកាលានុវត្តភាពសិក្សាពេញមួយជីវិតសម្រាប់ប្រជាជនគ្រប់រូប សម្រេចបានសមភាពយេនឌ័រ និងពង្រឹងភាពអង់អាចរបស់ស្ត្រីនិងកុមារគ្រប់រូប ដើម្បីអោយទទួលបានលទ្ធផលល្អប្រសើរ សូមអោយភាគីពាក់ព័ន្ធ ចូលរួមសហការ អោយបានកាន់តែល្អបន្ថែមទៀត៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តកោះកុង