ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញនៃមន្ទីរ អង្គភាពពាក់ព័ន្ធ ចុះពិនិត្យប្រព័ន្ធលូ អូរ ប្រឡាយ រំដោះទឹកភ្លៀង នៅក្នុងភូមិ២ និងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នារសៀលថ្ងៃពុធថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៩។
ក្នុងឱកាសចុះពិនិត្យស្ថានភាពភូមិសាស្ត្រលូរំដោះទឹកនៅក្នុងភូមិ២ និងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ឯកឧត្តម គួច ចំរើន បានណែនាំដល់មន្ត្រីជំនាញឲ្យពិនិត្យមើលប្លង់ប្រព័ន្ធ និងចំណីផ្លូវ។ ដោយសារតែប្រព័ន្ធលូចាស់មានទំហំតូច មិនអាចរំដោះទឹកបានទាន់ពេល ត្រូវដាក់ជំនួសនូវប្រព័ន្ធលូ ដែលមានមុខកាត់ធំជាងមុន ដើម្បីឱ្យទឹកហូរបានលឿន ក្នុងការជួយសម្រួលការលិចលង់នៅពេលភ្លៀងបានទាន់ពេលវេលា។
ទន្ទឹមនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមមានការយោគយល់ ព្រោះការចុះមកពិនិត្យប្រព័ន្ធអូរ ប្រឡាយនេះ គឺដើម្បីជួយសម្រួលដល់ការលិចលង់ដោយសារជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ន ស្របពេលដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងលឿន ប្រព័ន្ធលូ អូរ ប្រឡាយទឹកហូរមិនទាន់តាមតម្រូវការ ហើយប្រព័ន្ធលូខ្លះត្រូវដីហូរចូលពេញ។ ម្យ៉ាងទៀតតំបន់មួយចំនួនជាដីរងទឹកភ្លៀង ត្រូវបានប្រែក្លាយជាអាគារពាណិជ្ជកម្ម សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់។ល។ ដែលធ្វើឱ្យនៅពេលភ្លៀងម្តងៗត្រូវជន់លិចផ្ទះប្រជាពលរដ្ឋ នៅតាមតំបន់ទំនាបមួយចំនួន៕ រតនា
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ