អភិបាលខេត្តក្រចេះ ចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់សម្បទានិកចំនួន១៧៦គ្រួសារ ក្នុងស្រុកចិត្របុរី
July 30, 2019 អ្នកទស្សនា :

      ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់សម្បទានិកចំនួន១៧៦គ្រួសារ ស្មើនឹង២៥៨ប័ណ្ណ នៅឃុំដារ​ ស្រុកចិត្របុរី ខេត្តក្រចេះ ក្រោមអធិបតីឯកឧត្តម​ សរ​ សុវណ្ណ​ រដ្ឋលេខាធិការ​ តំណាង​ឯកឧត្តម ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ នៅក្នុងបរិវេណអាគារ​សហគមន៍​អូរគគីសែនជ័យ។ 
       ឯកឧត្តម​ វ៉ា​ ថន​ អភិបាលខេត្តក្រចេះ​ មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ ជាពិសេស​ក្រសួង​មហាផ្ទៃ​ ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ធនាគារ​ពិភពលោក​ បាន​កំណត់​យក​ខេត្តក្រចេះជាខេត្ត​គោលដៅ​ក្នុង​ការ​អនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និង​ការអភិវឌ្ឍសេដ្ឋកិច្ច ទាំងជំហានសាកល្បង (LASED​ l) ចាប់តាំងពីឆ្នាំ២០០៨ និងជំហាន២ (LASED II) ចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន។ រដ្ឋបាលខេត្តក្រចេះសម្រេចជ្រើសរើសយកស្រុកគោលដៅចំនួនពីរ គឺ ស្រុកចិត្របុរី ដែលមានឃុំគោលដៅចំនួន៤ គឺ ឃុំសំបុក ឃុំចង្រ្កង់ ឃុំដារ និងឃុំថ្មី និងស្រុកព្រែកប្រសព្វ មានឃុំគោលដៅចំនួន១ គឺ ឃុំចំបក់។ ឯកឧត្តម​ បន្តថា​ នៅក្នុងឆ្នាំ២០១៩នេះ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ បាន​បន្ត​សកម្មភាព​លេីឃុំ​គោលដៅ​ទាំង​៥​ ដោយទទួលសម្បទានិកឱ្យចូលទៅរស់នៅអចិន្ត្រៃយ៍ និងប្រកបរបរកសិកម្មចំនួន ២.១១៩គ្រួសារ។ ជាលទ្ធផលរហូតមកដល់ពេលបច្ចុប្បន្នមានសម្បទានិករស់នៅអចិន្ត្រៃយ៍ និងប្រកបរបរកសិកម្មចំនួន ៧៥៧គ្រួសារ រស់នៅមិនអចិន្ត្រៃយ៍ចំនួន ៩៧២គ្រួសារ និងមិនទាន់ចូលមករស់នៅចំនួន ៣៩០គ្រួសារ ហើយថ្ងៃនេះ​ឃុំដារ​ ដែល​រៀប​ចំ​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​សម្បទានិក​លេី​ផ្ទៃ​ដី​សម្បទាន​សង្គម​កិច្ច​ទំហំ​ ៥៧២,៣៧ហិកតា​ ដែល​បាន​ចុះ​បញ្ជី​ជាដី​ឯកជន​របស់​រដ្ឋ​កាលពី​ថ្ងៃទី​២៦​ ខែ​ធ្នូ​ ឆ្នាំ​២០១០​ ផ្ទៃដី​ដែល​ត្រូវ​ចែក​ជូន​ប្រជាពលរដ្ឋ​មាន​ផ្ទៃ​ដី​លំនៅឋាន​ទំហំ​ ២៩,៦០ហិកតា​ និង​ផ្ទៃដី​កសិកម្ម​ទំហំ​ ៣៨៦ហិកតា​។ 
      ឯកឧត្តម​ សរ​ សុវណ្ណ​ រដ្ឋលេខាធិការ​ តំណាង​ឯកឧត្តម ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានសម្តែងក្តីរីករាយ និងអបអរសាទរចំពោះសម្បទានិកទាំងអស់ ដែលបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ក្រោយពេលដែលប្រជាពលរដ្ឋបានទទួលដីសង្គមកិច្ចពីរាជរដ្ឋាពិបាល តាមរយៈគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) នេះ ប្រជាពលរដ្ឋមានដីសម្រាប់សង់ លំនៅឋាន និងដីសម្រាប់បង្កបង្កើនផល ដើម្បីបង្កើនជីវភាពរស់នៅរបស់ខ្លួន និងកែប្រែមុខមាត់ថ្មី។ទន្ទឹមនឹងនេះ ឯកឧត្តមមានប្រសាសន៍ថា ការទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នាពេល​នេះ​ បងបង្អូន​នឹងកាន់​តែមាន​សុវត្ថិភាព​ក្នុង​ការ​កាន់​កាប់​ និង​ប្រើ​ប្រាស់​ដី​ដែល​បាន​ទទួល​ពី​រាជរដ្ឋាភិបាល​ និង​ជាមរតក​សម្រាប់​បន្ត​ដល់​កូនចៅ​។  ចំណុចមួយទៀតវាក្លាយទៅជាទុនដល់បងប្អូនដែលជាទុនផ្តល់នូ វប្រាក់ចំណូលទៀងទាត់ តាមរយៈការដាំដុះ និងភ្ញាស់ចិញ្ចឹមរបស់បងប្អូនប្រជាពលរដ្ឋដែល ជាសម្បទានិក​។ ​
       ឆ្លៀតឱកាស​នោះ​​ ឯកឧត្តម​ សរ​ សុវណ្ណ​ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលបានទទួលវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះ កុំលក់ដូរ ឬដាក់បញ្ចាំ ព្រោះវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅពេលក្រោយ ផ្ទុយទៅវិញ សម្បទានិកទាំងអស់ត្រូវរួមចំណែកប្រើប្រាស់ដី ដែលទទួលបានក្នុងការរស់នៅ និងបង្កបង្កើនផលឱ្យមានជីវភាពប្រសើរឡើង ដើម្បីគម្រោងមានមូលដ្ឋាន ក្នុងការស្នើសុំសម្បទានហិរញ្ញប្បទាន សម្រាប់អនុវត្តគម្រោងនេះនៅតាមទីតាំងផ្សេងទៀត ដែលមានប្រជា ពលរដ្ឋក្រីក្រគ្មានដីធ្លី និងមានដីធ្លីតិចតួចកំពុងត្រូវការដីសម្បទានសង្គមកិច្ចបន្ថែមពីរាជរដ្ឋាភិបាល៕ រម្យ

ប្រភព៖ រដ្ឋបាលខេត្ត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ