logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំពង្រឹងកិច្ចប្រតិបត្តិការ បង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្ត និងកន្លែងសប្បាយដ្ឋាន
26
19-July-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលាខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពង្រឹងកិច្ចប្រតិបត្តិការ បង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿង​ញៀន​នៅតាមក្លឹបកម្សាន្ត និងកន្លែងសប្បាយដ្ឋានក្នុងខេត្តស្វាយរៀង ដោយមានការអញ្ជើញចូល​រួមពី​ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការ​រងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្រីប្រធានមន្ទីរ-អង្គភាព ព្រមទាំងតំណាងម្ចាស់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត និងខារ៉ាអូខេដែលមានមូលដ្ឋានក្នុងខេត្ត សរុប ៥៦៥នាក់ ។

​     ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពុំមែនជាកិច្ចការផ្ដាច់​មុខរបស់អ្នកណាម្នាក់នោះទេ ជាការងារសរុប ជាការងាររួម ដែលទាមទារឲ្យមានការចូល​រួមពីគ្រប់សមាស​ភាព​​ពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ និងឯកជន ទើបការងារនេះ អាចសម្រេចទៅបានដោយរលូន និងទទួលបាន​លទ្ធផលជោគជ័យ ហើយប្រសិនបើខ្វះការចូលរួមដោយពេញលេញពីភាគីណាមួយនោះ ទាំងរដ្ឋក្ដី និង​ឯក​ជនក្ដី នោះនឹងធ្វើឲ្យយើងពិតជាមានការលំបាកក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដែល​​​ធ្វើឲ្យបញ្ហានេះ នៅតែជះឥទ្ធិពលធ្ងន់ធ្ងរទៅដល់យុវជន និងប្រជាជន ក៏ដូចជាប្រទេសជាតិរបស់យើង ។ ឯកឧត្ដមបានថ្លែងនូវការអរគុណចំពោះម្ចាស់ទីតាំងផ្ទះសំណាក់ សណ្ឋាគារ ផ្ទះជួល និងខារ៉ាអូខេ​នៅក្នុងខេត្ត ដែលបានសហការចុះកិច្ចសន្យាស្ដីពីកិច្ចសហការប្រយុទ្ធប្រឆាំង​បទល្មើសគ្រឿងញៀនជាមួយ​ស្នងការដ្ឋាននគរបាលដ្ឋានខេត្ត និងសូមស្នើដល់ម្ចាស់ទីតាំងអាជីវកម្មទាំង​អស់ដែលមិនទាន់​បានចុះកិច្ច​សន្យា សូមចូលរួមសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត អនុវត្តកិច្ចការនេះ ឲ្យបានល្អប្រសើរ និងទទួលបានលទ្ធផលជោគជ័យ ។ ឯកឧត្ដមអភិបាលខេត្ត បានផ្ដាំផ្ញើដល់គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តជំរុញការផ្សព្វផ្សាយអប់រំ និងការអនុវត្តវិធានការរដ្ឋបាលឲ្យបានកាន់តែសកម្ម និងផុលផុសថែម​ទៀត និងស្នើដល់ម្ចាស់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក្លឹបរាត្រី ខារ៉ាអូខេ ត្រូវចូលរួមសហការ​ដោយស្មារតីទទួល​ខុសត្រូវខ្ពស់ជាមួយកម្លាំងសមត្ថកិច្ច ដោយមិនត្រូវមានការលាក់បាំងព័ត៌មាន​ណាមួយនោះទេ ហើយក្នុងករណីមានការសង្ស័យថាមានករណីជួញដូរ ចែកចាយ ឬប្រើប្រាស់គ្រឿងញៀន​នៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួនសូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបំផុតឲ្យបានឆាប់ដើម្បីមានវិធានការបង្ក្រាបឲ្យបានទាន់ពេលវេលា ហើយសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវជៀសវាងឲ្យបានដាច់​ខាតនូវ កុំ "៤" គឺកុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ