ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៣ ឆ្នាំទី១
June 26, 2019 អ្នកទស្សនា :

      បន្ទាប់ពីបានប្រការតែងតាំងជាផ្លូការរបស់ក្រុមប្រឹក្សាខេត្តក្រចេះអាណត្តិទី៣ ដែលមានចំនួន២១រូបក្នុងនោះ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានបើកសម័យប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី១ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត នៅព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ដោយមានវត្តមានចូលរួមពី ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត ឯកឧត្ដម លោកជំទាវក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ដោយផ្តោតលើការររៀបចំបទបញ្ជាផ្ទៃក្នុង និងអានគំរូបទបញ្ជាផ្ទៃក្នុង និងការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាអាណត្តិទី៣សម្រាប់១២ខែ។ ពិនិត្យរបាយការណ៍លទ្ធផលការងាររបស់រដ្ឋបាលខេត្ត ក្នុងអាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាអាណត្តិទី២ ការងារសេសសល់ក្នុងទិសដៅការងាររយៈពេលកន្លងមក។

      ថ្លែងបើកក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តក្រចេះលើកទី១ឆ្នាំទី១ អាណត្តិទី៣ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះទៅក្រុមប្រឹក្សាខេត្តក្រចេះដែលទើបនឹងជាប់ឆ្នោត មានសមាសភាពទាំង២១រូប នឹងចាប់ផ្ដើមបំពេញនូវតួនាទីភារកិច្ច និងមុខងាររបស់ខ្លួនដោយ អនុលោមទៅតាមច្បាប់ និងបទដ្ឋានគតិយុត្តនានាដែលបានកំណត់ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពក្នុងការធ្វើការ និងអនុវត្តសេចក្តីសម្រេចផ្សេងៗ ប្រកបដោយអភិបាលកិច្ចល្អរវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត។

      ឯកឧត្តម ហឿ ស៊ីយ៉ែម បានបន្តថាក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋ ដូច្នេះសមាជិក សមាជិកា ក្រុមប្រឹក្សាទាំងអស់ ត្រូវដោះស្រាយបញ្ហាប្រឈមនានា ដល់ប្រជាពលរដ្ឋទូទៅនៅក្នុងមូលដ្ឋាន ដោយមិនត្រូវប្រកាន់បក្សពួកឬនិនាការនយោបាយឡើយ ។ ឯកឧត្តមបានបន្តទៀតថា ការងារចាំបាច់របស់ក្រុមប្រឹក្សានៅអាណត្តិថ្មីនេះគឺក្រុមប្រឹក្សាខេត្តត្រូវបន្តចូលរួមសហការ ជាមួយនឹងគណៈអភិបាលខេត្ត ក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ឆ្លើយតបតាម សំណូមពរនិងតម្រូវការចាំបាច់របស់ពលរដ្ឋ ចូលរួមចំណែកក្នុងការជំរុញកិច្ចការអភិវឌ្ឍ និងលើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់អោយទទួលបានជោគជ័យ។

      ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានថ្លែងនូវការកោតសរសើរ និងអបអរសាទរដល់សមាជិក សមាជិកាក្រុមប្រឹក្សាខេត្តក្រចេះអាណិត្តិទី៣ ដែលបានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន បន្ទាប់ពីទទួលបានការផ្ដល់សេចក្តីទុកចិត្ត និងគាំទ្រតាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តអាណត្តិទី៣ នាពេលកន្លងទៅនេះ។

      ឯកឧត្តមអភិបាលខេត្តបានលើកឡើងបន្តថា ដើម្បីបន្តការងារដឹកនាំ ឲ្យរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នឹងខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្តទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយឡើយ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ