រដ្ឋបាលខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់គ្រួសាររង​គ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុករមាសហែក
June 26, 2019 អ្នកទស្សនា :

     នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាល​ខេត្ត​ស្វាយ​រៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩​កន្លងទៅ នៅស្រុករមាសហែក ខេត្តស្វាយរៀង ដែលប្រារព្ធធ្វើចំនួន ២ទីតាំង ទីតាំងទី១ នៅក្នុង​បរិវេណ​វត្តស្វាយទន្ទឹម ដែលមានប្រជាពលរដ្ឋរងគ្រោះមកពីឃុំត្រពាំងស្តៅ និងឃុំអង្គប្រស្រែ សរុប ៧៩៤គ្រួសារ និងទីតាំងទី២ នៅបរិវេណវត្តអណ្តូងពោធិ៍ ដែលមានប្រជាពលរដ្ឋរងគ្រោះមកពីឃុំអណ្តូងពោធិ៍ និងឃុំដូង សរុប ៤៩៧គ្រួសារ។

     ​ឯកឧត្ដម ម៉ែន វិបុល​ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់​សម្ដេចកិត្ដិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាល​សម្ដេច លោកតែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បង​ប្អូនប្រជាពល​រដ្ឋគ្រប់​ពេលវេលា និងគ្រប់ទីកន្លែង ។ឯកឧត្តមបានថ្លែងនូវការសោកស្តាយចំពោះការខូចទ្រព្យសម្បត្តិដ៏ដូច​ជាផ្ទះរបស់​បងប្អូនដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ជាដើម ។ ឯកឧត្ដមក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរស័ព្ទ រកកន្លែង​ដែលមាន​សុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើល​ថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព ត្រូវបង្ការកាពារការឆ្លងជំងឺគ្រុនឈាមដែលកើតចេញពីមូសខ្លាខាំ ត្រូវគេងក្នុងមុង ជាពិសេស​ក្មេងតូចៗ និងជួយអប់រំណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ក្នុង​នោះត្រូវនាំគ្នាដាំដើមឈើឲ្យបានច្រើននៅវិញផ្ទះដើម្បីការពារខ្យល់ និងបាតុភូតធម្មជាតិដែលកើតឡើងជាយ​ថាហេតុផ្សេងៗ ផងដែរ។

     សូមបញ្ជាក់ថា អំណោយដែលបានចែកជូនរួមមាន៖

- គ្រួសាររងគ្រោះធ្ងន់ធ្ងរ ៤៨គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ត្រីខ ១០កំប៉ុង ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ក្រណាត់កៅស៊ូតង់ ១ កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកា ២០០.០០០ រៀល ។

-គ្រួសាររងគ្រោះមធ្យម ៧៨៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ត្រីខ ១០កំប៉ុង កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (មុង ភួយ សារុង ក្រមា) និងថវិកា ៥០.០០០ រៀល ។

-គ្រួសាររងគ្រោះតិចតួច ៤៥៨គ្រួសារ ក្នុង ១គ្រួសារ ទទួលបានថវិកា ៥០.០០០រៀល។

ព្រមជាមួយគ្នានោះឯកឧត្តម សៅ សុខា ប្រធានក្រុមការងារចុះជួយស្រុករមាសហែក បានឧត្ថម្ភបន្ថែមនូវថវិកា ក្នុង១គ្រួសារទទួលបាន ១០.០០០៛ ផងដែរ៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ