រដ្ឋបាលខេត្តស្វាយរៀង ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩
June 25, 2019 អ្នកទស្សនា :

     នាព្រឹកថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ នៅ​សាលាខេត្ត រដ្ឋបាលខេត្តស្វាយរៀងមានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និង​ទិស​ដៅការងារឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាល​ខេត្ត​ស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារង លោក​សាកល​វិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជា​ការរងតំបន់​ប្រតិបត្តិ​សឹក​រ​ងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព​នានាជុំវិញ​ខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធាន​ច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។ នៅក្នុងកិច្ចប្រជុំនេះ ក្រៅពីការពិភាក្សាលើរបាយការណ៍​របស់រដ្ឋបាលខេត្ត ក៏មានការពិនិត្យ និងកែសម្រួលរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តផងដែរ ដោយមានការចូលរួមពីសមាជិក សមាជិកា​គណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងតំណាងអង្គភាពចារកិច្ច ក្រសួងការពារជាតិ ។ ឯកឧត្ដមអភិបាលខេត្ត បាន​ថ្លែង​អំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ​ក្នុងខេត្តស្វាយរៀង ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា ការរក្សាបាននូវ សន្ដិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ ពព្រមទាំងបានចូលរួមជាមួយរដ្ឋបាលខេត្តក្នុង​ការជួយអន្តរាគមន៍​សង្គ្រោះ និងជួយរុះរើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២១ ខែ​មិថុនា ឆ្នាំ២០១៩ និងអរគុណចំពោះសប្បុរសជននានាដែលបានបរិច្ចាកថវិកាមកដល់សាខាកាក​បាទ​ក្រហម​កម្ពុជាខេត្តស្វាយរៀង នាពេលកន្លងទៅ ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់ មន្ទីរ-អង្គភាព រដ្ឋបាល​ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗ មួយ​ចំនួន​ដូចខាងក្រោម ៖ ១.បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុង​ខេត្តឲ្យបានល្អប្រសើរ, ២.ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់ ផ្គរ រន្ទះ នារដូវវស្សាឆ្នាំនេះ, ៣.សមត្ថកិច្ចពាក់ព័ន្ធនៅតាមបណ្តាព្រំដែនជាមួយប្រទេសវៀតណាម​ត្រូវទប់ស្កាត់ឲ្យបាន​ដាច់​ខាតនូវការនាំចូលជ្រូកនៅតាមច្រកនានាក្នុងខេត្ត, ៤. អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវជំរុញការដោះ​ស្រាយទំនាស់នៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យបានទាន់ពេលវេលាស្របតាមសំណូមពរ និងពាក្យបណ្តឹងរបស់បង​ប្អូនប្រជាពលរដ្ឋ, ៥.អាជ្ញាធរពាក់ព័ន្ធត្រូវមានវិធានការពង្រឹងការគ្រប់គ្រង និងថែរក្សាការពារដីរដ្ឋឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់, ៦.អាជ្ញាធរស្រុកមានព្រំដែនជាប់ប្រទេសវៀតណាមត្រូវទប់ស្កាត់និងហាមដាច់ខាតកុំឲ្យមាន​ការជួលដី​ទៅ​ឲ្យប្រជាជនប្រទេសជិតខាង, ៧.ត្រូវទប់ស្កាត់ការសាងសង់សំណង់គ្មានច្បាប់អនុញ្ញាតិ និងការសង់តូបលក់ដូ​រនានា​ដែលរំលោភមកលើដីចំណីផ្លូវ, ៨.អាជ្ញាធរពាក់ព័ន្ធ និងនៅតាមបណ្តាក្រុង-ស្រុកត្រូវពន្លឿនការជ្រើសរើស​ឲ្យចំមុខសញ្ញាជាយោធិនពិការ ចូលនិវត្តន៍... ជាដើម ដើម្បីទទួលបានដី និងផ្ទះ២០០ខ្នង នៅភូមិជីកដី ស្រុក​រមាស​ហែក ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា, ៩.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវ​ផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋឲ្យត្រៀមការងារបង្កបង្កើនផលឲ្យបានទាន់ពេលវេលា ៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ