ឯកឧត្តម សុខ លូ ៖ មន្ត្រីដែលទើបទទួលការតែងតាំងថ្មីទាំងអស់ ត្រូវខិតខំបន្តធ្វើការងាររបស់ខ្លួន រក្សាសាមគ្គីភាព ឯកភាពគ្នា និងគោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ
June 25, 2019 អ្នកទស្សនា :

      ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់មន្ត្រីដែលទើបទទួលការតែងតាំងថ្មីទាំងអស់ ត្រូវខិតខំបន្តធ្វើការងាររបស់ខ្លួន រក្សាសាមគ្គីភាព ឯកភាពគ្នា និងគោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ។ ថ្លែងដូច្នេះក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្នុងរចនាសម្ព័ន្ធសាលាខេត្ត និងមន្ទីរអង្គភាព ជុំវិញខេត្ត សរុបចំនួន៣៣រូប នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយមានអ្នកចូលរួមប្រមាណ ៣០០នាក់។

      ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងបន្តថា សាមគ្គីភាព ឯកភាព មិនមែនកើតឡើងតែពីប្រធានមន្ទីរអង្គភាពម្នាក់ឯងនោះទេ ហើយរាល់ការបែកបាក់នៅក្នុងមន្ទីរអង្គភាពមួយ ក៏មិនមែនបណ្ដាលមកតែពីប្រធានមន្ទីរអង្គភាពតែម្នាក់ឯងនោះដែរ គឺត្រូវមានអង្គពីរ មន្រ្តី និងថ្នាក់ដឹកនាំ។ បើអង្គទាំងពីរនេះ ចេះធ្វើការ ជាមួយគ្នា ចេះសហការគ្នា ចូលរួមទទួលខុសត្រូវទាំងអស់គ្នា នោះអង្គភាពនឹងមានការរីក ចម្រើន។ ដូចគ្នា ដែរ រាល់ការតែងតាំងប្រសិនបើគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបានត្រឹមត្រូវនោះ វានឹងមិនមានបញ្ហាអ្វីនោះទេ ហើយរាល់តំណែងទាំងអស់នេះ ក៏មិនមែនជាកម្មសិទ្ធិរបស់នរណាម្នាក់នោះដែរ។ ដូច្នេះនៅពេលរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំប្រគល់ភារកិច្ចឲ្យ ត្រូវខិតខំបំពេញការងាររបស់ខ្លួនឲ្យបានល្អ អនុវត្តការងារតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា។

       នាឱកាសនេះដែរ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ត្រីដែលទើបទទួលការតែងតាំងថ្មីទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនឲ្យបានល្អ ហើយត្រូវខិតខំសិក្សាស្វែងយល់ពីតួនាទី និងភារកិច្ចរបស់ខ្លួន និងត្រូវស្វែងយល់ពីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាឲ្យបានច្បាស់លាស់ ព្រោះការដឹកនាំ ការគ្រប់គ្រងរដ្ឋបាលសាធារណៈមិនមែនធ្វើតាមការនឹកឃើញនោះទេ។

      សូមបញ្ចាក់ថាមន្ត្រីរាជការចំនួន៣៣រូបដែលត្រូវប្រកាសចូលកាន់តំណែងនាព្រឹកនេះគឺ មកពីរចនាសម្ព័ន្ធសាលាខេត្ត២៣រូប មន្ទីរអប់រំយុវជននិងកីឡាខេត្តចំនួន៣រូប មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តចំនួន៦រូប និងមន្ទីរមុខងារសាធារណៈខេត្តចំនួន១រូប៕

ប្រភព៖រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ