រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុករលាប្អៀរអាណត្តិទី៣
June 21, 2019 អ្នកទស្សនា :

     នារសៀលថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកអាណត្តិទី៣ និងអភិបាល​នៃគណៈអភិបាលស្រុករលាប្អៀរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល​ខេត្តកំពង់​ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោកលោកស្រីក្រុមការងារថ្នាក់​ខេត្តចុះមូលដ្ឋានស្រុករលាប្អៀរ​ប្រធាន​អង្គភាព​ជុំវិញស្រុក លោកលោកស្រីមេឃុំទាំង១៣ក្នុងស្រុកសរុបចំនួន១៧៥នាក់។

    លោក សោម វឺន និង លោក យ៉ង់ សៅវុឌ្ឍី ប្រធានក្រុមប្រឹក្សាស្រុក និងអភិបាលស្រុកទើបតែ តែងតាំង​ថ្មីបានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីផលប្រយោជន៍​ប្រជាជន និងប្តេជ្ញា គោរពច្បាប់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តអោយបានតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយបំពេញភារកិច្ចដោយអនុលោមតាមគោលការណ៍ លិខិតបទដ្ឋានពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ និងប្តេជ្ញាចូលរួមពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង​ឲ្យបានល្អ​ប្រសើរ។

     ​ឯកឧត្តមឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាៈ ក្នុងនាមអាជ្ញាធរខេត្តបានថ្លែងនូវការអបអរសាទរ និងកោត​សរសើរ ហើយវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុករលាប្អៀរ ដែលត្រូវបានតំណាង​ប្រជា​ពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត សហការជាមួយអភិបាល​នៃគណៈ​អភិបាលស្រុកដើម្បី ដឹកនាំស្រុករលាប្អៀរ ឲ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត ដោយត្រូវតែ​ខិតខំបម្រើផល​ប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ដោយពូជសាសន៍និង​ប្រកាន់​និន្នាការនយោបាយ។ ឯកឧត្តមបន្តថាត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈ​អភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ក្នុងស្រុកដោយឈរលើមូល​ដ្ឋានលើកកម្ពស់​ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍន៍មូលដ្ឋាន និង​ឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យយើងសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ