រដ្ឋបាលខេត្តកោះកុង ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកស្រែអំបិល អាណត្តិទី៣
June 21, 2019 អ្នកទស្សនា :

     នៅព្រឹកថ្ងៃសុក្រ ៤ រោច ខែជេស្ឋ ឆ្នាំកុ រឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាល​ខេត្តកោះកុង បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកស្រែអំបិល អាណត្តិទី៣ ក្រោម​អធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង។

​     លោកជំទាវ មិថុនា ភូថង បានលើកឡើងថាការខិតខំសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ក៏មានបញ្ហា​ប្រឈមនឹងកិច្ចការអាទិភាពជាច្រើនទៀត ដែលពុំទាន់បានសម្រេចបានទាំងស្រុងនៅឡើយ។ លោកជំទាវបន្តថា រាជរដ្ឋាភិបាលបន្តខិតខំជំរុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យឈានចូល​ដំណាក់កាល​កាន់តែស៊ី​ជម្រៅ​ថែមទៀត ដែលក្នុងនោះមានកិច្ចការសំខាន់ៗជាអាទិភាពចំនួន៤ គឺ ទីមួយ : ការបង្កើនការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ, ទីពីរ : ការផ្ទេរមន្ត្រីបុគ្គលិកក្រសួងមហាផ្ទៃ មកជាមន្ត្រីបុគ្គលិករបស់​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ, ទីបី : ការកែសម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រុង ស្រុក, និងទីបួន : ការបង្កើនការផ្ទេរធនធានហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍មូលដ្ឋានដល់រដ្ឋបាលឃុំ សង្កាត់។ លោកជំទាវបាន​បន្ថែម​ថា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចការជាអាទិភាពទាំង ៤ ខាងលើនេះ គឺតម្រូវឲ្យមានការត្រៀមរៀប​ចំកិច្ចការនានាជាច្រើនចាប់ពីឆ្នាំ២០១៩ នេះតទៅដែលក្នុងនោះរួមមាន :

-ការបណ្ដុះបណ្ដាលដល់ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីនៅថ្នាក់ក្រោមជាតិអំពីសមត្ថភាពថ្មីៗ ពាក់ព័ន្ធនឹង​ការ​គ្រប់គ្រង និងការចាត់ចែងការងារខាងលើនេះប្រកបដោយប្រសិទ្ធភាព ជាពិសេសអំពីរចនាសម្ព័ន្ធ និងប្រព័ន្ធ​គ្រប់គ្រងនៅថ្នាក់ក្រុង ស្រុក និងការចាត់ចែងគ្រប់គ្រងបុគ្គលិកដែលបានផ្ទេរស្របតាមលក្ខន្តិកៈដោយ​ឡែករបស់​មន្ត្រីបុគ្គលិកនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

-ការលើកកម្ពស់សមត្ថភាព និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តមុខងារ​ដែលបាន​ផ្ទេរ។

-ការកំណត់អំពីតម្រូវការថវិកា មធ្យោបាយ   សម្ភារៈដែលត្រូវផ្ទេរទៅដល់រដ្ឋបាលក្រុង ស្រុក ដោយផ្អែកលើតម្រូវ​ការ​នៃ​រចនាសម្ព័ន្ធ និងប្រព័ន្ធដែលនឹងត្រូវរៀបចំឡើងវិញ។

-សិក្សា និងរៀបចំឡើងវិញនូវទំនាក់ទំនង ការគាំទ្រ និងការតាមដាន ការត្រួតពិនិត្យ ការវាយតម្លៃពីថ្នាក់ជាតិ និងថ្នាក់ខេត្ត ទៅលើក្រុង ស្រុក និងទំនាក់ទំនងរវាងថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់។

-ពិនិត្យ និងរៀបចំឡើងវិញនូវប្រព័ន្ធគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ ដើម្បីធានាដល់ការចាត់ចែងប្រើប្រាស់ថវិកា ដែលបានបង្កើនប្រកបដោយតម្លាភាព គណនេយ្យ និងមានប្រសិទ្ធភាពខ្ពស់៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ