រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
June 14, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៩ ក្រុមប្រឹក្សាខេត្តព្រះវិហារត្រូវបានប្រកាស ចូលកាន់តំណែងរបស់ខ្លួនក្រោម អធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ មាសសុភា រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស មានការចូលរួមពីឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត តំណាងក្រសួងមហាផ្ទៃ មេបញ្ជាការ កងទ័ពជួរមុខទិសប្រាសាទព្រះវិហារ  មេបញ្ជការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍ ជាច្រើនរូប។

      មានប្រសាសន៍ស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តលើកឡើងពីសមិទ្ធផលសម្រេចបានរយះមួយអាណត្តិកន្លង មក និងសម្រេចបានការគាំទ្រពីប្រជាពលរដ្ឋ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សា គណអភិបាល ខេត្ត ជាពិសេសការអនុវត្តគោលនយោបាយវិជ្ឈការ និងវិសហមជ្ឈការ កម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់ប្រមុខរាជរដ្ឋាភិបាល បានប្រែក្លាយ ខេត្តព្រះវិហារមានការសន្ទុះអភិវឌ្ឍយ៉ាងខ្លាំងក្លា ក្នុងរយះពេលចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវលេចចេញឡើងនៅទូទាំងខេត្តជាពិសេសផ្លូវយុទ្ធសាស្រ្តតាមខ្សែក្រវ៉ាត់ព្រំដែន ក្រៅពីនោះវិស័យមួយចំនួនដូចជាវិស័យកសិកម្ម រ៉ែ ទេសចរណ៍ ដែលបានដើរតួរយ៉ាងសំខាន់ក្នុងកំណើនអភិវឌ្ឍក្នុងខេត្តទាំងមូលផងដែរ ដែលទាំងនេះបានស្តែងឲ្យឃើញកាន់តែច្បាស់ពីការដឹក នាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយកម្ពុជាជាប្រទេសដែលមាន ការអភិវឌ្ឍខ្លាំងក្លាមួយនៅតំបន់អាស៊ានថែមទៀតផង ។

      មានមតិសំណេះសំណាលនិងផ្តាំផ្ញើរនាឱកាសនោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ថ្លែង កោតសសើរដល់ក្រុមប្រឹក្សា គណអភិបាលខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថ កិច្ច ប្រជាពលរដ្ឋដែលបានរួមសាមគ្គីសហការ ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង អភិវឌ្ឍខេត្តព្រះវិហារ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវាសាធារណ: ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណនិងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងនោះរួមទាំងសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ កន្លងមកនេះឲ្យប្រព្រឹត្តទៅដោយសុវត្ថិភាព និងមានលក្ខណ:សេរី ត្រឹមត្រូវ យុត្តិធម៌។ក្នុងនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានណែនាំដល់គណអភិបាលខេត្ត ក៏ដូច ក្រុមប្រឹក្សាខេត្ត បន្តពង្រឹងការរៀបចំផែនការអភិវឌ្ឍរយះពេល០៥ឆ្នាំ និងកម្មវិធីវិនិយោគ០៣ឆ្នាំរំកិល  ការងារបន្តចូលរួមអនុវត្តកម្មវិធិកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ព្រមទាំងពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ។

      សូមរំលឹកដែរថា លទ្ធផលបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខេត្ត ព្រះវិហារមានអង្គបោះឆ្នោតសរុប៣៣៣នាក់  គណបក្សប្រជាជនកម្ពុជាទទួលបានអាសន១០០% គឺក្រុមប្រឹក្សាខេត្តទទួលអាសនចំនួន១៩ អាសន និងក្រុមប្រឹក្សាក្រុងស្រុកសរុប១១២អាសន ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្ត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ