អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីបើកការរដ្ឋានសាងសង់ផ្លូវបេតុង នៅស្រុកស្អាង
June 13, 2019 អ្នកទស្សនា :

      ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកការរដ្ឋានសាងសង់ផ្លូវបេតុង ប្រវែង២៤៥០ម៉ែត្រ ស្ថិតនៅក្នុងបរិវេនវត្តធន់មន្ត ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល នាថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

      ឯកឧត្តម អភិបាលខេត្តបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសយើងមានសុខ សន្តិភាព ដែលពុំធ្លាប់មានអស់រយៈពេលជាង៥០០ឆ្នាំ។ ក្រោមដំបូលនៃសន្តិភាពនេះធ្វើឱ្យប្រទេសយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបាននឹងកំពង់មានការអភិវឌ្ឍន៍នៅខេត្តកណ្តាល ពិសេសផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលបានឆ្លងកាត់ស្រុក២ ក្នុងខេត្តកណ្តាល គឺស្រុកស្អាង និងស្រុកកណ្តាលស្ទឹង។ ហើយទៅថ្ងៃខាងមុខនេះ នឹងមានសមិទ្ធផលថ្មីមួយទៀតកើតឡើងនៅស្រុកស្អាង នោះគឺព្រលានយន្តហោះអន្តរជាតិ ដែលអាចឲ្យយន្តហោះឆ្លងទ្វីប អាចឈប់ចុះចតបាន។ ហើយនឹងមានសមិទ្ធផលថ្មីៗបន្ថែមទៀតនៅជុំវិញព្រលានយន្តហោះ ដែលធ្វើឱ្យស្រុកស្អាងក្លាយជាទីក្រុងទៅថ្ងៃខាងមុខ។

      ឯកឧត្តម អភិបាលខេត្តបានស្នើឲ្យមន្ត្រីរាជការ កងកំលាំង និងប្រជាពលរដ្ឋ ទាំងអស់ត្រូវចូលរួមថែរក្សាសន្តិភាព ឲ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង ដើម្បីបន្តអភិវឌ្ឍប្រទេស ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

      ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ត្រូវទប់ស្កាត់ឲ្យបាននូវរាល់ភាពអសកម្មនៅក្នុងមូលដ្ឋានជាពិសេសគឺ អំពើចោរលួច ចោរឆក់ ចោរប្លន់ ការលេងល្បែងស៊ីសង ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។

      ឯកឧត្តមក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់    រួមគ្នាកំចាត់គ្រឿងញៀន និងចាកឆ្ងាយពីគ្រឿងញៀន ព្រោះការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀនត្រូវមានការសហការពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវមានភាពអធ្យាស្រ័យក្នុងការបើកបរ បើកបរដោយប្រុងប្រយ័ត្ន និងគោរពស្លាកសញ្ញាចរាចរណ៍។

      ក្នុងនោះក្រុមហ៊ុនដែលបានទទួលធ្វើការសាងសង់ផ្លូវ ត្រូវសាងសង់តាមលក្ខណៈស្តង់ដារបច្ចេកទេស ដើម្បីឲ្យផ្លូវប្រើប្រាស់បានយូរអង្វែង៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ