ពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រម សាលដីកា ចំនួន ០៤ខេត្ត គឺខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងខេត្តត្បូងឃ្មុំ
December 12, 2017 អ្នកទស្សនា :

(ខេត្តស្វាយរៀង) នារសៀលថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ គ.ស ២០១៧នេះ នៅខេត្តស្វាយរៀង មានរៀបចំប្រារព្ធពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រម សាលដីកា ចំនួន ០៤ខេត្ត គឺខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់តាមច្រក ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្ដម លោកជំទាវ លោក លោកស្រីគណៈប្រតិភូក្រសួងយុត្តិធម៌ គណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្ដមនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្ដម ហ៊ូ វតនៈ អភិបាលស្ដីទី នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្ដម ជុំ ហាត សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានសាលាដំបូង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងខេត្តត្បូងឃ្មុំ ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា ព្រះសង្ឃ យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ៣.០០០អង្គ/នាក់ ។ ចំពោះវត្ថុតាងជាថ្នាំញៀនដែលរឹបអូសបានដែលត្រូវធ្វើការដុតបំផ្លាញចោលនៅពេលនេះ សរុបទម្ងន់ ២៥.៣០៣,៩៩ក្រាម មានដូចជា ថ្នាំញៀនប្រភេទអ៊ិចស្ដាស៊ី មេតំហ្វេតាមីន (WY) មេតំហេ្វតាមីន (ICE) កេតាមីន និងប្រភេទថ្នាំញៀនក្លែងក្លាយ (ថ្នាំពណ៌ក្រហម) ។ មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្ដម ហ៊ូ វតនៈ អភិបាលស្ដីទី នៃគណៈអភិបាលខេត្តស្វាយរៀង បានថ្លែងបញ្ជាក់ថា ពិធីដុតបំផ្លាញគ្រឿងញៀននាពេលនេះ គឺជាពិធីដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យខ្លឹមសារជាទីបំផុត ដោយបានឆ្លុះបញ្ចាំងឲ្យឃើញនូវទិដ្ឋភាពចម្បងពីរយ៉ាង ។ ទិដ្ឋភាពទី១ គឺបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ស្ថាប័នមានសមត្ថកិច្ច និងលទ្ធផលដ៏ជោគជ័យក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ទាំងលើកទី១ និងលើកទី២ និងទិដ្ឋភាពទី២ ពិធីដុតបំផ្លាញគ្រឿងញៀននាពេលនេះ ក៏បានបង្ហាញឲ្យប្រជាពលរដ្ឋ និងសាធារណជនបានឃើញយ៉ាងច្បាស់ថា រាល់វត្ថុតាងគ្រឿងញៀន ដែលកងកម្លាំងមានសមត្ថកិច្ចបង្រ្កាបបាន គឺមិនត្រូវបានយកទៅប្រើប្រាស់មុខសញ្ញាផ្សេងនោះឡើយ គឺបានរក្សាទុកយ៉ាងត្រឹមត្រូវប្រកបដោយសុវត្ថិភាព ដើម្បីធ្វើពិធីដុតបំផ្លាញ ដូចដែលគណៈកម្មការដុតបំផ្លាញគ្រឿងញៀនប្រារព្ធធ្វើនៅថ្ងៃនេះ ។ ទន្ទឹមនេះ ជាមួយនិងការកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីអនុវត្តច្បាប់ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងរស់រវើក ធ្វើឲ្យសម្រចបានលទ្ធផលដ៏ល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នារយៈពេលកន្លងមកនេះ ឯកឧត្ដម ហ៊ូ វតនៈ អភិបាលខេត្តស្ដីទី ក៏បានសំណូមពរដល់គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី និងសិស្សានុសិស្ស មេត្តាចូលរួមសហការឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀន ជួយផ្ដល់ដំណឹង និងរាយការណ៍ជូនសមត្ថកិច្ចឲ្យបានទាន់ពេលវេលា នៅពេលបានដឹង លឺ និងឃើញនូវករណីសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងត្រូវនិយាយថាទេចំពោះគ្រឿងញៀន និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីរួមគ្នាឆ្ពោះទៅសម្រេចបាននូវទស្សនៈ “ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន” ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់តាមច្រក ក៏បានផ្តល់នូវអនុសាសន៍ ផ្តាំផ្ញើមួយចំនួននៅក្នុងអង្គពិធីទាំងមូលដូចតទៅ ៖ - ត្រូវនិយាយថា ''ទេ'' ចំពោះគ្រឿងញៀន និងត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន - ជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យចូលរួមសហការក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ដើម្បីសម្រេចបាននូវទស្សនៈវិស័យ ''ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន'' - អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ ឲ្យជួយផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យបានទូលំទូលាយ -ស្នើសុំអង្គភាព ស្ថាប័នដែលពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងកិច្ចសហការគ្នាក្នុងការទប់ស្កាត់ និងបង្រា្កបគ្រឿងញៀន ជាពិសេសខេត្តជាប់ព្រំប្រទល់ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ