អភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចាក់បតុងពីរខ្សែ ក្នុងសង្កាត់ស្លក្រាម
June 08, 2019 អ្នកទស្សនា :

      ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប  បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចាក់បតុងពីរខ្សែ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ស្លក្រាម អាជ្ញាធរក្រុង ចៅសង្កាត់រួមទាំងប្រជាពលរដ្ឋ នាព្រឹកថ្ងៃអាទិត្យ ៤ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។

      ផ្លូវនេះមានប្រវែង ៦០០ម៉ែត្រ មានទទឹង៦ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា និង ១ខ្សែទៀតស្ថិតនៅក្នុងភូមិធ្លកអណ្តូង ប្រវែង ៦៨៦ម៉ែត្រ ទទឹង៧ម៉ែត្រ ដោយស្ថាបនាចាក់បេតុង  ក្រោមគម្រោងថវិកា របស់សាលាខេត្តសៀមរាប ប្រចាំឆ្នាំ២០១៨ ត្រូវបានសម្ពោធបើកការដ្ឋាន។

      លោក នួន ពុទ្ធារ៉ា អភិបាល នៃគណៈអភិបាលក្រុងសៀមរាប បានឲ្យដឹងថា ផ្លូវទាំងពីរខែ្សនេះមានសារៈសំខាន់ក្នុងការបម្រើដល់វិស័យទេសចរណ៍ និង ការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ ទៅកាន់ទីផ្សារ ដោយផ្លូវទាំងពីរខ្សែនេះមានប្រវែងសរុប ១ពាន់២៨៦ម៉ែត្រ ដោយចាក់ក្រាលបេតុង។

      ក្នុងនោះដែរឯកឧត្តម ទៀ សីហា ក៏បានលើកឡើងអំពីគម្រោងជាច្រើន របស់សាលាខេត្តសៀមរាប ក្នុងការជួសជុល និង ស្ថាបនាផ្លូវនៅក្នុងក្រុងប្រវត្តិសាស្ត្រសៀមរាប ជាប្រភេទផ្លូវចាក់បេតុង ផ្លូវចាក់កៅស៊ូ (DBST) ឬចាប់បេទីមផងដែរ។ ឯកឧត្តមក៏បានលើកឡើងនូវអនុសាសន៍ល្អៗមួយចំនួន របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនូវការគិតគូរខ្ពស់ ប្រកប ដោយចក្ខុវិស័យ ដើម្បីវឌ្ឍនភាពសង្គម កំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ សំខាន់ដោយខេត្តសៀមរាប ជានៃគោលដៅរបស់ភ្ញៀវទេសចរណ៍នៅលើពិភពលោកចូលមកទស្សនាកម្សាន្ត ហើយក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាមនេះ ក៏ដូចតាមសង្កាត់ផ្សេងៗផងដែរ។

      ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងថា ពិធីសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវទាំងពីរខែ្សនេះ  ក្នុងគោលបំណងពង្រឹងនូវហេដ្ឋារចនាសម្ព័នរូបវ័ន្តរបស់ខេត្ត ក្នុងស្ថានភាពបច្ចុប្បន្ន សេដ្ឋកិច្ច មនុស្ស និងការកើនឡើងចរាចរណ៍យ៉ាងគំហុក ព្រមទាំងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ និង ជួយសម្រួលការកកស្ទះចរាចរណ៍ដឹកជញ្ជូន ព្រមទាំងលើកនូវសោភណ្ឌភាពក្រុងឲ្យស្រស់ត្រកាលទៀតផង។ ក្នុងនោះដែរឯកឧត្តមក៏បានបញ្ជាក់ថា នយោបាយដែលល្អ គឺនយោបាយការពារសន្តិភាព ជម្រុញការអភិវឌ្ឍ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះហើយទើបអាជ្ញាធរខេត្តបានជម្រុញឲ្យក្រុមហ៊ុនយកចិត្តទុកដាក់ ធ្វើការស្ថាបនាផ្លូវចាក់ក្រាលបេតុង ឲ្យធានាបាននូវគុណភាពប្រើប្រាស់បានយូរអង្វែង ក៏ត្រូវមានការចូលរួមពីបងប្អូនក្នុងការដាក់ប្រព័ន្ធលូបង្ហូរទឹកភ្លៀងអមសង្ខាងផ្លូវទាំងពីរ និង មើលការថែទាំងកុំឲ្យមានការកកស្ទះនូវចរន្តទឹកហូរផងដែរ។

      ឯកឧត្តម ក៏បានសំណូមពរ និង ការអាព្យាស្រ័យចំពោះប្រជាពលរដ្ឋមានលំនៅដ្ឋាននៅតាមដងផ្លូវទាំងពីរនេះ នៅពេលការស្ថាបនាផ្លូវរបស់ក្រុមវិស្វកម្ម តែងមានការប៉ះពាល់ដល់ការរស់នៅរបស់បងប្អូន អំពីសុខភាព អនាម័យ។ ក៏ប៉ុន្តែនៅពេលផ្លូវនេះរួចរាល់ហើយនោះ ផ្លូវនេះនឹងជួយសម្រួលដល់ភាពកកស្ទះចរាចរណ៍ និង ងាយស្រួលក្នុងការ  ដឹកជញ្ជូនកសិផលដែលបងប្អូនផលិតបានយកទៅកាន់ទីផ្សារ។ ម៉្យាងទៀតសូមឲ្យអាជ្ញាធរក្រុង សង្កាត់ត្រូវយកចិត្ត ទុកដាក់ថែទាំផ្លូវនេះ និង ធ្វើឲ្យដងផ្លូវប្រកបទៅពណ៌បៃតង គឺត្រូវរួមគ្នាធ្វើការដាំដើមឈើមានតម្លៃ ក្នុងការលើកនូវ សោភណ្ឌភាពក្រុងបុរាណយើងទៀតផង។ ឯកឧត្តម ទៀ សីហា ក៏បានលើកនូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះបញ្ហាការយកដីផ្លូវសាធារណៈធ្វើជាកម្មសិទ្ធ និង សាងសង់លំនៅដ្ឋាននោះ  រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត មិនអនុញ្ញាតឲ្យរស់នៅទីនោះឡើយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង នូវសោភណ្ឌ និង បង្កភាពអាណាធិបតេយ្យ និង បង្កអសន្តិសុខទៀតផង។ ម៉្យាងទៀតសូមបងប្អូនត្រូវចូលរួមសហការជាមួយអាជ្ញាធរ មន្ត្រីជំនាញ ក្នុងការស្ថាបនាផ្លូវឲ្យបានរួចរាល់ឆាប់ៗ ដើមី្បបម្រើផលប្រយោជន៍សង្គមជាតិយើងទាំងអស់គ្នា៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ