អភិបាលខេត្តសៀមរាប ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋអាជីវករផ្សារដើមក្រឡាញ់
June 06, 2019 អ្នកទស្សនា :

      ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំមន្រ្តីក្រោមឪវាទ ចុះជួបសំណេះសំណាល ជាមួយបងប្អូនអាជីវករ ដែលបានកំពុងធ្វើអាជីវកម្មលក់ដូរទំនិញរបស់ខ្លួន ដើមី្បក្តាប់នូវរាល់បញ្ហាមួយចំនួនរបស់បងប្អូនអាជីវករ ក៏ដូចជាបង្កើននូវភាពស្និតស្នាលជាមួយបងប្អូនអាជីវករ នៅផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ខេត្តសៀមរាប នាថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។

      ក្នុងការចុះជួបសំណេះសំណាលនោះ ឯកឧត្តម អភិបាលខេត្ត និងមន្រ្តីរួមដំណើរទាំងអស់ ក៏បានអញ្ជើញពិសារនំបញ្ចុកដែលជានំរបស់ដូនតាខ្មែរយើងបានបន្សល់ទុក តកូនចៅគ្រប់ដំណរតរៀងមក។  ម៉្យាងទៀត នំបញ្ចុកនេះក៏មានជីវប្រវត្តិជាយូលុងណាស់មកហើយផងដែរ នៅក្នុងរឿងព្រេងបុរាណ (ធនជ័យ) ដែលជាអ្នកប្រាជ្ញខ្មែរយើង បានបង្កើតឡើងនូវនំបញ្ចុកនេះ ហើយបានមកដល់បច្ចុប្បន្នត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើជាមុខរបរ អាជីវកម្មសម្រាប់ចិញ្ចឹមជីវិតក្នុងក្រុមគ្រួសារទៀតផង។

      ជាមួយគ្នានេះ អាជីវករក៏បានសំណូមពរដល់ ឯកឧត្តម អភិបាលខេត្ត ក៏ដូចអភិបាលក្រុង សុំជួយធ្វើអន្តរាគមន៍ ចំពោះបងប្អូនអាជីវករមួយចំនួន ដែលបានមានតូបលក់ដូរនៅជាន់ខាងលើផ្សារ សុំឲ្យចូលមកលក់នៅតាមទីកន្លែងរបស់ខ្លួន គឺមិនត្រូវទៅលក់ដូរនៅលើដងផ្លូវសាធារណៈ ដែលជួលដោយម្ចាស់ផ្ទះល្វែង តាមបែបអាណាធិបតេយ្យនោះឡើយ។ ម៉្យាងទៀតក៏សុំឲ្យគណៈគ្រប់គ្រងផ្សារត្រូវបញ្ឈប់ឲ្យជិះម៉ូតូចូលទិញឥវ៉ាន់នៅតាមតូបលក់ដូរ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់ក្នុងផ្សារ និងសុំឲ្យអ្នកលក់ដូរទាំងឡាយ ត្រូវចូលរួមធ្វើការសម្អាតអនាម័យ បរិស្ថានក្នុងផ្សារ មិនត្រូវយកកាកសំណល់ទៅចាក់ចូលក្នុងប្រឡាយលូឡើយ ដែលបង្កឲ្យជួបនូវអន្តរាយនាពេលរដូវវស្សា ហើយបែទៅ បន្ទោសអាជ្ញាធរមូលដ្ឋានទៅវិញ។ ក្នុងនោះដែរក៏មានក្រុមបងប្អូនអាជីវករ ដែលគ្មានទីកន្លែងលក់ដូរនឹងគេ ក៏បានសុំឲ្យ ឯកឧត្តម អភិបាលខេត្ត ជួយធ្វើការដោះស្រាយ ដើមី្បបានទីកន្លែងលក់ដូរ ដូចបងប្អូនអាជីវករឯទៀតផងដែរ។

      ឯកឧត្តម ទៀ សីហា ក៏បានសុំឲ្យនាយករដ្ឋបាលសាលាខេត្ត ទីចាត់ការអន្តរវិស័យសាលាខេត្ត និងសាលាក្រុងសហការគ្នាជាមួយគណៈកម្មការគ្រប់គ្រងផ្សារ ត្រូវធ្វើការស្រង់នូវទិន្និន័យបងប្អូនអាជីវករដែលមានតូបលក់ដូរហើយ តែមិនបាន មកលក់នៅកន្លែងរបស់ខ្លួន ហើយទៅលក់ដូរតាមបែបអាណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ ដែលធ្វើឲ្យរំខានដល់ការធ្វើចរាចរណ៍ទៅមក និង ចំពោះបងប្អូនអាជីវករដែលគ្មានទីកន្លែងលក់ដូរផងដែរ។

      ឯកឧត្តម អភិបាលខេត្ត ក៏បានឲ្យសមត្ថកិច្ចមូលដ្ឋាន និង គណៈគ្រប់គ្រងផ្សារ ក៏ដូចសន្តិសុខផ្សារ ត្រូវធ្វើការទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនៅក្នុង និងជុំវិញទីផ្សារ ដោយមិនអនុញ្ញាតគ្រប់យានយន្តបើកបរចូលក្នុងផ្សារ ដើមី្បទិញឥវ៉ាន់នោះឡើយ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងរាល់កាកសំណល់ទីផ្សារ និងប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារឲ្យបានល្អ ដើមី្បធានាដល់ចរន្តទឹកហូរបានទាន់ពេល មិនបង្កឲ្យមានការកកស្ទះទៀតផង។

      ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម ទៀ សីហា ក៏បានអញ្ជើញចុះទៅពិនិត្យ ប្រឡាយប្រវត្តិសាស្ត្រដែលស្ថិតនៅជាប់ខាងលិចផ្សារដើមក្រឡាញ់ ហើយដែលត្រូវបានប្រជាពលរដ្ឋ ធ្វើលំនៅដ្ឋានរំលោភបំពានយកដីប្រឡាយ បណ្តាលធ្វើឲ្យប្រឡាយរួមតូចចង្អៀត ដែលតែងបង្កបញ្ហា នៅពេលរដូវវស្សា ធ្វើឲ្យចរន្តទឹកហូរមិនទាន់ បានបង្កឲ្យមានទឹកលិចនៅផ្នែងខាងលើ។ ក្នុងនោះដែរ ឯកឧត្តម ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន និង មន្ទីរជំនាញពាក់ព័ន្ធ ត្រូវធ្វើការសហការគ្នា ត្រួតពិនិត្យ និងសិក្សាឡើងវិញ ចំពោះរាល់សំណង់ទាំងឡាយ ដែលបានរំលោភមកលើដីប្រឡាយ ព្រមទាំងច្បាប់សាងសង់ផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ