អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ការិយាល័យច្រកចេញចូលតែមួយ   និងការិយាល័យប្រជាពលរដ្ឋនៅស្រុកអង្គស្នួល
June 05, 2019 អ្នកទស្សនា :

      ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋនៅស្រុកអង្គស្នួល នឹងទទួលបាននូវការផ្ដល់សេវាប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស និងចំណាយតិច តាមរយៈការដាក់អោយប្រើប្រាស់ការិយាល័យច្រកចេញចូលតែមួយនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ការិយាល័យច្រកចេញចូលតែមួយ  និងការិយាល័យប្រជាពលរដ្ឋនៅស្រុកអង្គស្នួល នាព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩  ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងមន្ត្រីរាជការជាង១០០០នាក់។

      ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថាសម្រាប់ឆ្នាំ២០១៩នេះ ខេត្តកណ្ដាលមានស្រុកចំនួន០៤ ទៀតដែលត្រូវដាក់ឲ្យដំណើរការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ គឺមានស្រុកកោះធំ ស្រុកមុខកំពូល ស្រុកពញាឮ និងស្រុកកណ្ដាលស្ទឹង សម្រាប់បម្រើសេវាកម្មជូនប្រជាពលរដ្ឋ។

      ឯកឧត្តមបានបន្ថែមថា ដោយឡែកសម្រាប់ស្រុកដែលមិនទាន់មាន ការិយាល័យប្រជាពលរដ្ឋ និងការិយាល័យច្រកចេញតែមួយ រដ្ឋបាលខេត្តនិងខិតខំជំរុញឲ្យប្រើប្រាស់នូវយន្តការក្នុងការបម្រើសេវាឱ្យមានភាពប្រហាក់ប្រហែល តែមិនពេញលេញដូចការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋទេ។

      ឯកឧត្តមបានបញ្ជាក់ថាការបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនេះឡើងគឺមិនមែនងាយស្រួលនោះទេ គឺត្រូវមានលក្ខខណ្ឌគ្រប់គ្រាន់ទើបអាចបង្កើតបាន ដែលតម្រូវឲ្យស្រុក-ក្រុង ត្រូវមានហេដ្ឋារចនាសម្ព័ន្ធល្អ មានមន្ត្រីរាជការគ្រប់គ្រាន់ សេដ្ឋកិច្ចរបស់ប្រជាជនខ្ពស់ ពិសេសត្រូវមានថវិកាសម្រាប់ទ្រទ្រង់ឲ្យការិយាល័យអាចដំណើរការទៅបាន។

      ឯកឧត្តមអភិបាលបានបញ្ជាក់ទៀតថា គោលបំណងសំខាន់ក្នុងការបង្កើតឲ្យមានការិយាល័យនេះឡើងគឺដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ធ្វើឲ្យប្រសើរឡើងក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ កែទម្រង់ប្រព័ន្ធរដ្ឋបាល និងពង្រីកវិសាលភាពសេវាកម្មឲ្យដល់មូលដ្ឋានជិតនិងប្រជាពលរដ្ឋ តាមបណ្ដាខេត្ដក្រុងស្រុកនានា។

      ដើម្បីឱ្យការិយាល័យនេះអាចដំណើរការទៅបានល្អ និងមានប្រសិទ្ធភាពខ្ពស់ឯកឧត្តមអភិបាលខេត្តបានស្នើដល់មន្ត្រីទាំងអស់ត្រូវផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថពីអ្នកត្រួតត្រា ពីចៅហ្វាយនាយរបស់ប្រជាពលរដ្ឋឲ្យទៅជាអ្នកបម្រើប្រជាពលរដ្ឋ។ ត្រូវខិតខំបង្កើនសមត្ថភាពការងារខ្លួនជានិច្ច ពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមកំណែទម្រង់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែរ ព្យាបាល និងវះកាត់។

      លោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួលបានបញ្ជាក់ថា ការបង្កើតឲ្យមានការិយាល័យច្រកចេញចូលតែមួយនេះ គឺដើម្បីឲ្យការផ្ដល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព តម្លាភាព និងភាពជឿជាក់បានជាងមុន ដោយបែងចែកតម្លៃសេវាទៅតាមប្រភេទផ្សេងៗនៃសេវា ដោយមានបញ្ជាក់ពីរយៈពេលនៃការផ្ដល់សេវា និងសុពលភាពនៃសេវា គឺបានបញ្ជាក់នៅលើតារាងទាំងអស់ដូច្នេះពេលប្រជាពលរដ្ឋមកទទួលសេវា គឺពួកគាត់មកធ្វើនៅកន្លែងហ្នឹង ដាក់ពាក្យនៅកន្លែងហ្នឹង បងលុយនៅកន្លែងហ្នឹង ហើយដល់ពេលត្រូវមកយកគឺពួកគាត់មកយកនៅកន្លែងហ្នឹង ដោយមិនពិបាករត់ទៅកន្លែងណាច្រើនឡើយ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ