អភិបាលខេត្តព្រះវិហារ ចែកឯកសណ្ឋាន និងសម្ភារជូនប្រជាការពារក្នុងស្រុករវៀង
June 05, 2019 អ្នកទស្សនា :

      ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តអញ្ជើញ ចែកឯកសណ្ឋាន និងសម្ភារជូនប្រជាការពារចំនួន៧២នាក់ មកពី៦ភូមិ ក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងនគរបាលខេត្ត លោក ពឹង ទ្រីដាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុករវៀង ព្រមទាំងមន្ត្រី នារសៀលថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។

      មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើយ៉ាងណាបង្កើតប្រជាការពារ នៅតាមភូមិនីមួយៗបន្ថែមទៀត នៅទូទាំងខេត្ត ឲ្យបាន៤០០០នាក់ ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការ នៃកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

      បន្ថែមពីនេះឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ទោះបីប្រទេសជាតិស្ថិតក្នុងសុខ សន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន គ្មានការរំលោភបំពាន ពីសំណាក់បរទេសណាក៏ដោយ ក៏ប៉ុន្តែការងារសន្តិសុខផ្ទៃក្នុង ជារឿងមួយដែលយើងទាំងអស់គ្នាជាមន្ត្រីរាជការ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវខិតខំប្រឹងប្រែងរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជូនដល់ប្រជាពលរដ្ឋ ជាពិសេសគឺសេវាសន្តិសុខនេះតែម្តង។

      នៅក្នុងឱកាសនោះដែរលោកអភិបាលខេត្ត ក៏បានដាក់ជាសំណួរថា យើងមានប៉ូលីសហើយ មានប៉េអឹមហើយ មានយោធាហើយ ហេតុអីចាំបាច់ត្រូវមានប្រជាការពារទៀត? លោកថាពីមុនយើងហៅថាឈ្លប ឬសេនាជន ប៉ុន្តែឥលូវនេះយើងហៅថាប្រជាការពារ បានន័យថា ការពារប្រជាជន ប៉ុន្តែដើរតួនាទីមិនមែននគរបាលយុត្តិធម៌ទេ គឺជាភ្នាក់ងារដែលផ្តល់ព័ត៌មានឱ្យនគរបាលយុត្តិធម៌?។

      ឯកឧត្តមអភិបាលបានបញ្ជាក់ថា ប្រជាការពារដើរតួសំខាន់ណាស់ ដែលជាសេនាធិការ ដ៏មានសារះសំខាន់ឲ្យគណៈបញ្ជាការឯកភាពស្រុក-ក្រុង ហើយប្រជាការពារត្រូវឱ្យមានក្នុងមួយភូមិយ៉ាងហោចណាស់ចំនួន១២នាក់ និងត្រូវធ្វើប៉ុស្តិ៍យាមជាប្រចាំថែមទៀតផង។

      ជាមួយគ្នានោះ ឯកឧត្តម  ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនជាប្រជាការពារត្រូវដើរតួនាទីជាសេនាធិការឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលនៅ និងកន្លែងរបស់យើង ត្រូវចូលរួមទប់ស្កាត់នូវបទល្មើសនានាដូចជា៖ បទល្មើសធនធានធម្មជាតិ និងបទល្មើសធនធានរ៉ែ ត្រូវចូលរួមសហការផ្តល់ព័ត៌មាន នូវការជួញដូរ ការប្រើប្រាស់គ្រឿងញៀន នៅក្នុងសហគមន៍ និងជាពិសេត្រូវគោរពច្បាប់ចរាចរណ៍ផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ