អភិបាលរងខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក (WFP)
June 05, 2019 អ្នកទស្សនា :

      នៅសាលាខេត្តសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប  និងជាតំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារ ជាមួយប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក ដឹកនាំដោយ លោកស្រី ERDELMANN Francesca នាយិកា កម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពី លោកនាយករងរដ្ឋបាល នាយករងទីចាត់ការអន្តរវិស័យ នាយករងទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ និងប្រតិភូអមដំណើរកម្មវិធីស្បៀងអាហារពិភពលោក នាថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក  ព.ស២៥៦៣ ត្រូវនឺងថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៩។

      កម្មវិធីស្បៀងអាហារពិភពលោក (WFP) នៃអង្គការសហប្រជាជាតិ គឺជាអង្គការដ៏ធំមួយដែលប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន និងបានធ្វើការទូទាំងពិភពលោក ដើម្បីធានាថា គ្មានកុមារណាម្នាក់ដែលចូលគេងទាំងនៅឃ្លានអាហារឡើយ ហើយគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះទាំងអស់ ជាពិសេស ស្រ្ដី​ និងកុមារអាចទទួលបាននូវអាហារ ដែលមានអាហាររូបត្ថម្ភ តាមតម្រូវការរបស់ពួកគេ។

      ក្នុងនោះដែរ កម្មវិធីស្បៀងអាហារពិភពលោក បាននិងកំពុងអនុវត្តកម្មវិធីអាហារតាមសាលារៀននៅក្នុងខេត្តទាំង ៨ រួមមានខេត្តសៀមរាប បាត់ដំបង ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង កំពង់ឆ្នាំង និងខេត្ត ពោធិ៍សាត់។

      គោលបំណង  នៃជំនួបពិភាក្សាការងារនេះគឺ៖ ១.ដើម្បីបង្កើតនូវលទ្ធភាពទទួលបានការអប់រំ  ធានាបានការមករៀនទៀងទាត់ កាត់បន្ថយការបោះបង់សិក្សា ថ្នាក់បឋមសិក្សា, ២.កាត់បន្ថយ ភាពស្រេកឃ្លានរយៈពេលខ្លី, ៣.ពង្រឹងការអភិវឌ្ឍន៍របស់កុមារ និងការចុះឈ្មោះចូលរៀនបានត្រឹមត្រូវតាមអាយុកំណត់, ៤.បង្កើតភាពជាម្ចាស់ដល់ថ្នាក់ជាតិ  អភិវឌ្ឍន៍សមត្ថភាព  និងលើកកម្ពស់និរន្តរភាពសង្គម។

      លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីនាយិកាប្រធានប្រតិភូ និងក្រុមការងាររបស់អង្គការស្បៀងអាហារពិភពលោក(WFP) ទាំងអស់ដែលបានជួយទំនុបម្រុងឧបត្ថម្ភអាហារមកលើស្រ្ដី និងកាមារកម្ពុជា ជាពិសេស សម្រាប់ការឧបត្ថម្ភកម្មវិធីអាហារដល់សាលាបឋមសិក្សាចំនួន ៤០៦នៅក្នុងខេត្តសៀមរាប។

      លោកស្រី នាយិកា អង្គការស្បៀងអាហារពិភពលោក ប្រចាំប្រទេសកម្ពុជា ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តសៀមរាប  និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញប្រតិភូ និងមន្ត្រីនៃប្រទេសទាំង ៦០លើពិភពលោក ដែលបានទទួលការឧបត្ថម្ភពីអង្គការស្បៀងអាហារ ពិភពលោក ដើម្បីរៀបចំកិច្ចប្រជុំដ៏ធំមួយ នៅខែធ្នូ  ឆ្នាំ២០១៩ ខាងមុខ ហើយខេត្តសៀមរាប គឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ