អជ្ញាធរខេត្តស្វាយរៀង បើកកិច្ចប្រជុំត្រួតពិនិត្យការងារលើការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ប្រចាំឆមាសទី១ និងដាក់ទិសដៅបន្ត
June 04, 2019 អ្នកទស្សនា :

      លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំឆមាសទី១ និងដាក់ទិសដៅបន្ត លើការងារលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រ នាព្រឹកថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក២៥៦៣ ត្រូវនឹង ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៩។

      អញ្ជើញចូលរួមពីលោកស្រីព្រះរាជអាជ្ញារង អបសាលាដំបូងខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាល តំណាងស្នងការដ្ឋាននគរបាលខេត្ត លោកប្រធានអនុគណៈកម្មការទាំង៨ ស្រុក ក្រុង តំណាងទីចាត់ការអន្តរវិស័យ លោកប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ លោក លោកស្រីប្រធានមន្ទីរនានា លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ នៃមន្ទីរសុខាភិបាលខេត្ត។

      កិច្ចប្រជុំផ្តោតទៅលើ៖ ១.ករណីអ្នកដើរចាក់ថ្នាំ នៅឃុំសំឡី ស្រុកកំពង់រោទិ៍ដែលបានចាក់ថ្នាំបណ្តាលអោយប្រជាជនម្នាក់ស្លាប់នាពេលកន្លងមក។ ២.ដាក់វិធានការច្បាប់ និងនីតិវិធីច្បាប់ដើម្បីទប់ស្កាត់ចំពោះអ្នកបន្តរកស៊ីដើរចាក់ថ្នាំខុសច្បាប់ បញ្ជូនទៅស្ថាប័នតុលាការ។ ៣.បិទបង្ហាញឈ្មោះអ្នករកស៊ីដើរចាក់ថ្នាំខុសច្បាប់នៅមុខសាលាឃុំ សង្កាត់ ដើម្បីអោយប្រជាជនបានដឹងនិងស្គាល់ កុំអោយប្រជាជនទៅរកសេវាខុសច្បាប់បន្តទៀត។ ៤.ស្រាវជ្រាវប្រភពថ្នាំពេទ្យដែលក្រុមអ្នករកស៊ីដើរចាក់ថ្នាំខុសច្បាប់យកមកប្រើ ដើម្បីមានវិធានការទប់ស្កាត់។

      កន្លែងលក់ឱសថ ១.ពង្រឹងសមត្ថភាព និងការផ្ដល់សេវានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក បែងចែកកាលវិភាគវេនយាមរបស់បុគ្គលិកអោយបានច្បាស់លាស់ ដើម្បីផ្តល់សេវាប្រកបដោយគុណភាពក្រមសីលធម៌វិជ្ជាជីវៈ ជូនដល់ប្រជាជន។ ២.ធ្វើផែនការផ្សព្វផ្សាយអប់រំអំពីការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដល់អនុគណៈកម្មាការ ក្រុងស្រុកទាំង៨ និងរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មាការក្នុង១ឆ្នាំយ៉ាងតិច៤ដង ដើម្បីដោះស្រាយបញ្ហាប្រឈម និងដាក់ទិសដៅអនុវត្តបន្ត។ ៣.ជំរុញអោយបុគ្គលិកសុខាភិបាលរបស់រដ្ឋ និងអ្នកប្រកបរបរវីជ្ជាជីវៈសុខាភិបាលត្រូវចុះបញ្ជីគណៈវិជ្ជាជីវៈសុខាភិបាលអោយបានគ្រប់ៗគ្នា។ ៤.សូមឲ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការក្នុងការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ជាពិសេសស្ថាប័នតុលាការ (សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្ត)៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ