រដ្ឋបាលក្រុងប៉ៃលិន ចុះហត្ថលេខាកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុង Lenfin ប្រទេសចិន
June 04, 2019 អ្នកទស្សនា :

      គណៈប្រតិភូថ្នាក់ដឹកនាំខេត្តប៉ៃលិន នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងLenfin ខេត្តShanxi នៃសាធារណៈរដ្ឋប្រជាមានិតចិន បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចងសម្ព័ន្ធមេត្រីភាព ដោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីនេះ បានធ្វើឡើងនៅនាសៀលថ្ងៃព្រហស្បតិ៍ ១២រោជ ខែពិសាខ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងLenfin ខេត្តShanxi នៃសាធារណៈរដ្ឋប្រជាមានិតចិនរវាងលោក ស៊ុន យី អភិបាលនៃគណៈអភិបាលក្រុងប៉ៃលិន និងលោក Dong Yibing អភិបាលក្រុង  Lenfin ខេត្តShanxi ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។

      ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ នេះជាការបោះជំហ៊ានទៅមុខរបស់រដ្ឋបាលក្រុងប៉ៃលិន ក្នុងការចាប់ដៃចងសម្ព័ន្ធភាពលើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងដ៏ធំរបស់មិត្តចិន ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍទីក្រុងឲ្យកាន់តែវិវឌ្ឍន៍រីកចម្រើនស្របតាមគោលនយោបាយនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលដាក់ចេញដោយប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ផ្តើមចេញពីទំនាក់ទំនងការទូតដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង២កាន់តែមានភាពស៊ីជម្រៅ ស្អិតល្មួតលើគ្រប់វិស័យចាប់តាំងពីកិច្ចសហប្រតិបត្តិការទ្វេភាគីរហូតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០១០ ជាពិសេសបន្ទាប់ពីជំនួបថ្នាក់ដឹកនាំកំពូលរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

      ក្នុងឱកាសនោះផងដែរ លោក Dong Yibing អភិបាលក្រុង  Lenfin បានថ្លែងអំណរគុណដល់ព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញជំហ៊យ៉ាងម៉ឺងម៉ាត់ ក្នុងការគាំទ្រគោលនយោបាយចិនតែ១ និងចូលរួមយ៉ាងសកម្មសម្រាប់ផែនការផ្លូវ១ ខ្សែរក្រវ៉ាត់១ របស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន ហើយបានចាត់ទុកមិត្តភាពកម្ពុជា.ចិនគឺជាមិត្តដ៏ល្អ ជាដៃគូរួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមកអស់រយៈពេលជាង៦០ឆ្នាំមកហើយ។ លោកអភិបាលក្រុងបានបន្តថា៖ ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រដែលទីក្រុងទាំង២ បានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីជាមួយគ្នាគឺឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុង។

      សូមបញ្ជាក់ថា៖ កិច្ចព្រមព្រៀងដែលភាគីទាំងបានចុះហត្ថលេខា បានបកចេញជា៣ភាសាគឺខ្មែរ.ចិន.និងអង់គ្លេសមានដូចជា៖ ១.ផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សិក្សាអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ សុខាភិបាល បណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជំរុញឱ្យមានការរីកចម្រើនរួមគ្នា។ ២.សម្របសម្រួលឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចរបស់តំណាងរបស់ខ្លួនទៅវិញទៅមក។ ៣.ភាគីទាំង២រក្សាទំនាក់ទំនងជាប្រចាំ ដើម្បីនិរន្តរភាពនៃការសងម្ព័ន្ធមេត្រី និងជំរុញឱ្យមានកិច្ចពិភាគ្សារវាងថ្នាក់ដឹកនាំរដ្ឋបាល និងមន្ទីរវិស័យពាក់ព័ន្ធ  ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរជាទ្វេរភាគី ក្នុងករណីដែលភាគីទាំង២ មានចំណាប់អារម្មណ៍ ដោយគោរពតាមច្បាប់នៃប្រទេសទាំង២។ ៤.ភាគីទាំង២ បានត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តន៍ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើមូលដ្ឋាន សមភាព និងផលប្រយោជន៍របស់ភាគីទាំង២៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ