រដ្ឋបាលខេត្តសៀមរាប និង ខេត្ត ឃ្យុងគី ធ្វើពិធីប្រគល់រថយន្ត សង្គ្រោះចំនួន ៤គ្រឿង រថយន្តពន្លត់អគ្គីភ័យ ១គ្រឿង និងរថយន្តបូមទឹក ១គ្រឿង
June 01, 2019 អ្នកទស្សនា :

      រថយន្ត សង្គ្រោះចំនួន ៤គ្រឿង រថយន្តពន្លត់អគ្គីភ័យ ១គ្រឿង និងរថយន្តបូមទឹក ១គ្រឿង ដែលជាអំណោយរបស់ខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ ដែលជាខេត្តសម្ព័ន្ធមេត្រីភាពនឹងខេត្តសៀមរាប ត្រូវបានធ្វើពិធីចុះហត្ថលេខា ប្រគល់ទទួល នៅសាលាខេត្តសៀមរាប នាថ្ងៃសុក្រ ទី ៣១ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព របស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម  KIM Won-ki អនុប្រធានសភាប្រចាំខេត្ត ឃ្យុងគី និង សហការីផងដែរ។
      ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ទៀ សីហា ក៏បានលើកផងដែរថា រដ្ឋបាលខេត្តសៀមរាប បានធ្វើកិច្ចទំនាក់ទំនងសហប្រតិបត្តិការ ជាមួយខេត្តចំនួន៣ បន្ទាប់ពីខេត្តសម្ពន្ធ័មេត្រីជុងចុងណាំដូ , ក្រុងស៊ូវ៉ុន គឺមានខេត្តសម្ព័ន្ធមេត្រី ឃ្យុងសាំងប៊ុកដូ  ខេត្តកាងវ៉ុន និង  ខេត្ត ឃ្យុងគី នៃសាធារណរដ្ឋកូរ៉េផងដែរ ។ ម៉្យាងទៀតអំណោយរថយន្តសង្រ្គោះ ពន្លត់អគ្គីភ័យ និង បូមទឹក ដែលត្រូវបានធ្វើពិធីចុះហត្ថលេខាប្រគល់ និង ទទួលនាពេលនេះ គឺជាចំណងដៃថ្មី នៃខេត្តសម្ព័ន្ធមេត្រីភាព ឃ្យុងគី និង ខេត្តសៀមរាបផងដែរ ។ ឯកឧត្តម ទៀ សីហា ក៏បន្តទៀតថា សមទ្ធិផលទាំងនេះ ក៏បានធ្វើឲ្យចំណងមិត្តភាព នៃកិច្ចទំនាក់ទំនង សហប្រតិបត្តិការរវាងខេត្តទាំងពីរ កាន់តែមានភាពរឹងមាំឡើងថែមទៀត ។ ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការថ្លែងនូវអំណរគុណ ចំពោះរដ្ឋាភិបាល និង ប្រជាពលរដ្ឋកូរ៉េ សំខាន់ថ្នាក់ដឹកនាំ មន្ត្រី និង ប្រជាពលរដ្ឋ ជាខេត្ត ក្រុងសម្ព័ន្ធមេត្រីភាពនឹងខេត្តសៀមរាប ដែលតែងតែរួមកិច្ចសហការល្អនឹងគ្នា លើគ្រប់វិស័យ សំខាន់វិស័យកសិកម្ម ,ទេសចរណ៍ , អប់រំ  , សុខាភិបាល និង វប្បធម៌ ព្រមទាំងការផ្តល់នូវអាហារូបករណ៍ និង ការបណ្តុះបណ្តាលមុខជំនាញ បច្ចេកទេស ហើយសមទ្ធិផលដែលប្រជាពលរដ្ឋខេត្តសៀមរាបទទួលបាននោះ គឺកិច្ចសហប្រតិបត្តិការគម្រោងអភិវឌ្ឍន៍ភូមិមិត្តភាព ភ្នំក្រោម ស៊ូវ៉ុន និងសមិទ្ធផលឯទៀត នៅតាមបណ្តាក្រុង ស្រុកក្នុងខេត្តទៀតផង ។ ក្នុងនោះឯកឧត្តមក៏បានសំណូមពរ មួយចំនួន ដល់ខេត្តសម្ព័ន្ធមេត្រីភាព ក្នុងការជម្រុញដល់អ្នកវិនិយោគនៅខេត្តឃ្យុងគី ចូលមកវិនិយោគនៅកម្ពុជា សំខាន់ ខេត្តសៀមរាប លើវិស័យទេសចរណ៍ កសិកម្ម និង វិស័យផ្សេងៗ ព្រមទាំងប្រជាពលរដ្ឋ ចូលមកធ្វើទេសចរណ៍នៅខេត្ត សៀមរាបផងដែរ ។ 
       មានប្រសាន៍នោះដែរឯកឧត្តម  KIM Won-ki ក៏បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅលើទឹកដី ប្រវត្តិសាស្ត្រខេត្តសៀមរាបនាពេលនេះ គឺកាន់តែធ្វើឲ្យចំណងសម្ព័ន្ធមេត្រីភាពរវាងខេត្តឃ្យុងគី និង ខេត្តសៀមរាប កាន់ តែចាក់គ្រឹះស៊ីជម្រៅនឹងគ្នាទ្វេរឡើង ។ ឯកឧត្តមបានលើកឡើងថា ខេត្តសៀមរាបជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ ដែលមានវប្បធម៌ដ៏ចំណាស់ ហើយត្រូវបានចុះបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺប្រាសាទអង្គរវត្ត ដែលជាដួង ព្រលឹងជាតិកម្ពុជា ។ ឯកឧត្តមក៏បានបន្តទៀតថា នេះជាសមទ្ធិផលនៃគ្រាដំបូង ក្នុងកិច្ចសហប្រតិបត្តិការនឹងគ្នា ដែលជា ចំណងដៃថ្មីរវាងខេត្តយើងទាំងពីរ ហើយក៏ជាការចូលរួមចំណែក ក្នុងកិច្ចអភិវឌ្ឍន៍នៅខេត្តសៀមរាបផងដែរ ។   ឯកឧត្តមបានបន្តថា ការប្រគល់រថយន្តនាថ្ងៃនេះ ក៏ជាការលើក កម្ពស់នៃកិច្ចសហប្រតិបត្តិការ  ផ្លាស់ប្តូរគ្នា ព្រមទាំងការពង្រឹងនូវសុវត្ថិភាពអគ្គីភ័យរបស់ប្រទេសជាម្ចាស់ផ្ទះ និង ការប្រគល់រថយន្តពន្លត់អគ្គីភ័យដល់ប្រទេស កំពុងតែអភិវឌ្ឍ ។  ម៉្យាងទៀតការប្រគល់រថយន្តអគ្គីភ័យនេះ ក្នុងការការពារនូវទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ ប្រជាពលរដ្ឋ និង ជួយបង្កើនលើកកម្ពស់សុវត្ថិភាពនៅខេត្តសៀមរាបទៀតផង ។ ឯកឧត្តមក៏មានសង្ឃឹមយ៉ាងម៉ុតមាំថា តាមរយៈការប្រគល់រថយន្ត និង បានលើកកម្ពស់ចំណងមិត្តភាពរវាងគ្នា ក្នុងកិច្ចទំនាក់ទំនងសហប្រតិបត្តិការ និងផ្លាស់ប្តូរក្នុងវិស័យជាច្រើនទៀតផង ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ