អាជ្ញាធរខេត្តកណ្តាល អំពាវនាវឲ្យមានការចូលរួមគាំទ្រលើកស្ទួយ និងគាំពារកុមារ ក្នុងឱកាសខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ១មិថុនា
May 31, 2019 អ្នកទស្សនា :

     លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមគាំទ្រលើកស្ទួយ និងគាំពារកុមារ ដែលជាសរសរទ្រូងរបស់ប្រទេសជាតិ។ ការអំពាវនាវរបស់ លោកអភិបាលរងខេត្តធ្វើឡើងក្នុងឱកាសអបអរខួបលើកទី ៧០ទិវាកុមារអន្តរជាតិ១មិថុនា ដែលធ្វើឡើងនៅសាលប្រជុំមជ្ឈមណ្ឌល គរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល។​ លោកអភិបាលរងខេត្តបានបន្តថា សូមគ្រប់ស្ថាប័នអង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋ គ្រប់រូបគ្រប់មជ្ឈដ្ឋានទាំងអស់សូមចូលរួមគាំទ្រ លើកស្ទួយ និងគាំពារកុមារ ដែលជាសរសរទ្រូងរបស់ប្រទេសជាតិ ដើម្បីធានាដល់ ការរីកលូតលាស់ទាំងរាងកាយ បញ្ញា និងស្មារតីសំដៅប្រែក្លាយទៅជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អរបស់សង្គមជាតិយើង។​ លោកអភិបាលរងខេត្តបានបន្ថែមថា ការវិនិយោគលើកុមារ នឹងទទួលបានផលប្រយោជន៍ដ៏មហាសាលសម្រាប់អនាគត ការវិនិយោគលើកុមារនៅគ្រាដំបូង វាធានាបាននូវចំណុចចាប់ផ្តើម សម្រាប់កុមារវាជាគ្រឹះដ៏សំខាន់មួយ សម្រាប់សុខុមាលភាពផ្នែកកាយសម្បទា ផ្លូវអារម្មណ៍ ផ្លូវចិត្ត និងស្មារតី ហើយជួយកាត់បន្ថយអត្រារៀនត្រួតថ្នាក់ ការបោះបង់ការសិក្សា និងជៀសវាង នូវបញ្ហាអវិជ្ជមាន ព្រមទាំងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។

     លោក ចេង សំអុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានថ្លែងការកោតសរសើរ និងបានលើកឡើងថា ការលើកកម្ពស់ សិទ្ធិកុមារតាមរយៈការលុបបំបាត់គ្រប់រូបភាព ហើយការប្រារព្ធទិវាប្រវត្តិសាស្ត្រនេះ គឺពិតជាឆ្លុះបញ្ចាំងឲ្យឃើញពីសមិទ្ធផលសំខាន់ៗ ដែលបានស្តែងចេញ ពីការខិតខំប្រឹងប្រែង ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម សហការប្រកបដោយ ស្មារតីលះបង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការពុះពាររាល់ឧបសគ្គការលំបាក ការប្រឈមនានា ចូលរួមការពារថែរក្សានូវស្ថិរភាពនយោបាយ សន្តិសុខជាតិ និងសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ បានល្អប្រសើរទាំងក្របខណ្ឌទូទាំងប្រទេស ក៏ដូចទូទាំងខេត្តកណ្តាល។

     សូមបញ្ជាក់ថា ទិវាកុមារអន្តរជាតិ១មិថុនា ឆ្នាំ២០១៩នេះ មានការចូលរួមពីសំណាក់លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត តំណាងស្ថាប័ន ប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស មកពីគ្រប់គ្រឹះស្ថានរដ្ឋ និងឯកជនទូទាំងក្រុងតាខ្មៅ សរុបចំនួនជាង៧០០នាក់៕​ គឹមអាន

ប្រភព៖​ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ