រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូរ
May 31, 2019 អ្នកទស្សនា :

     ព្រឹកថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៩ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំវេទិកាពិគ្រោះយោបល់ ពង្រឹងកិច្ចសហប្រតិបត្តិការ​ភាព​ជាដៃគូរជាមួយ អង្គការសង្គមស៊ីវិល ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេស​ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព កងកម្លាំង មន្ត្រីរាជការ ព្រមទាំងមានការចូលរួមពី អង្គការ សមាគម មិនមែនរដ្ឋាភិបាល និង​សហគមន៍នានា ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តបាត់ដំបងជាច្រើនផងដែរ។

     ​លោក តេង គឹមស៊ាន នាយកស្តីទីទីចាត់ការអន្តរវិស័យសាលាខេត្តបាត់ដំបង បានរាយការណ៍​សង្ខេប​អំពីស្ថានភាព និងបច្ចុប្បន្នភាព អង្គការសង្គមស៊ីវិលដែលធ្វើកម្មភាពក្នុងខេត្តបាត់ដំបង សរុប​ចំនួន ៣៧២ អង្គភាព ដោយគិតត្រឹមខែមករា ឆ្នាំ២០១៩ នៅក្នុងនោះមានសមាគមចំនួន ១២៨ សមា​គម អង្គការជាតិ ២១៩ អង្គការ និងអង្គការអន្តរជាតិចំនួន ២៥ អង្គការ ។ លោកបន្តថា ដោយ​យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ លេខ ០៤០ សណន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពិកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយសមាគម និងអង្គ​ការ​មិនមែនរដ្ឋាភិបាលក្នុងស្រុក ព្រមទាំងសមាគមនានានៅមូលដ្ឋាន ។

​     ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ការរៀប​ចំ​វេទិកានេះមានសារសំខាន់ណាស់ សម្រាប់ធ្វើការជួយសម្របសម្រួលពង្រឹងពង្រីក កិច្ចសហ​ប្រតិ​បត្តិការ មន្ត្រីរាជរដ្ឋាភិបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយអង្គការសង្គមស៊ីវិល ជាពិសេស​រដ្ឋ​បាល​ខេត្តបាត់ដំបង និងបណ្តាលអង្គការសមាគម សំដៅចូលរួមចំណែក​ការផ្តល់កិច្ចសហការ​អនុវត្ត​គម្រោងអភិវឌ្ឃន៍នានា ដើម្បីកាត់បន្ថយភាពក្រីក្រតាម​រយៈលើកកម្ពស់ជីវភាព​រស់នៅរបស់បងប្អូន​ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ។ ឯកឧត្តមបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយ​គតិ​បណ្ឌិត និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជា និងដោយមានការយកចិត្តទុកដាក់ដោយផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខេត្តបាត់ដំបង តែងតែរក្សាបាននៅសុខសន្តិភាព ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងការបង្កឱកាសស្តារអភិវឌ្ឍន៍ខេត្ត និងឱកាសវិនិយោគទាំងវិស័យឯកជន និងផ្នែករដ្ឋ ។ ក្នុងនោះដែលក៏មានអង្គការសង្គមស៊ីវិល ដែលមានកិច្ចសហការល្អ បានធ្វើមានការអភិវឌ្ឍរីកចម្រើន​គ្រប់វិស័យរួមចំណែកកាត់​បន្ថយភាពក្រី​ក្រ​របស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបន្តថា ជាក់ស្តែងផលិតក្នុងស្រុករបស់ខេត្តបាត់ដំបង (GDP) មានចំនួនសរុប ១.៨៧៩,៧៥ លានដុល្លាអាមេរិច បើគិតសម្រាប់ (GDP) ក្នុងមួយអ្នក ១.៥២១ ដុល្លារអាមេរិច ធ្វើឱ្យអត្រាភាពក្រីក្រត្រូវបានកាត់បន្ថយពី ២២,៤៦% មកនៅត្រឹម ២១,៤៣% ដែលជាអត្រាភាបក្រីក្រប្រចាំឆ្នាំ២០១៨ ថយចុះប្រមាណ ២%៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ