អភិបាលខេត្តត្បូងឃ្មុំ ផ្តល់ក្តីអាណិតស្រលាញ់ និងភាពកក់ក្តៅ ចំពោះកុមារាកុមារី សិក្សានៅមត្តេយ្យសហគមន៍ ដែលខ្វះថ្នាក់រៀន ក្រោយខ្យល់កន្ត្រាក់បោកបក់រលំ
May 31, 2019 អ្នកទស្សនា :

      ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ រួមទាំងមន្ត្រីរាជការក្រោមឱវាទ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចុះសំណេះសំណាល ផ្តល់ការយកចិត្តទុកដាក់ ផ្តល់ក្តីអាណិតស្រលាញ់ និងភាពកក់ក្តៅ ដល់កុមារាកុមារី សិក្សានៅមត្តេយ្យសហគមន៍ ដែលខ្វះខាតថ្នាក់រៀន ក្រោយខ្យល់កន្ត្រាក់វាយរលំថ្នាក់រៀនរបស់ពួកគាត់ កាលពីពេលកន្លងទៅ ក៏ដូចជាចំពោះប្រជាពលរដ្ឋ និងកុមារតូចៗ ដែលរស់នៅក្នុងភូមិព្រះអណ្តូង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំផងដែរ។

     ស្ថិតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បានសម្តែងនូវការអាណិតអាសូរ និងសោកស្តាយជាខ្លាំង ដែលថ្នាក់រៀនមត្តេយ្យសហគមន៍ ក្នុងភូមិព្រះអណ្តូង ១ថ្នាក់ ក្នុងចំណោម២ថ្នាក់  ត្រូវបានរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បោកបក់បណ្តាលឲ្យដួលរលំទាំងស្រុង កាលពីពេលកន្លងទៅថ្មីៗ ដែលជាកន្លែងផ្តល់នូវពុទ្ធិ ទាំងចំណេះដឹង និងសីលធម៍ សម្រាប់កូនក្មួយតូចៗ ចំនួន៤០នាក់ គឺសុទ្ធសឹងជាទំពាំងស្នងឫស្សី សម្រាប់ប្រទេសជាតិនាពេលអនាគត។

      ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ និងពិតជាកោតសរសើរចំពោះទឹកចិត្តដ៍ប្រពៃរបស់អ្នកគ្រូ ដែលបង្រៀននៅមត្តេយ្យសហគមន៍នេះ ដោយបានលើកឡើ់ងថា ក្នុងក្រុមគ្រួសារនីមួយៗ មានកូនតូចៗតែ២ទៅ៣នាក់ នៅពិបាកនឹងមើលថែ ចុះទំរាំអ្នកគ្រូ នៅទីនេះតែ២នាក់ មើលថែផង លួងលោមផង បង្រៀនផង ផ្តល់ក្តីស្រលាញ់ផង ចំពោះសិស្សតូចៗ ដល់ទៅ៤០នាក់នេះ ។

     ឯកឧត្តមបណ្ឌិត ក៍បានអំពាវនាវផងដែរ ឲ្យឳពុកម្តាយគ្រប់ៗរូប ត្រូវតែបញ្ជូនកូនៗខ្លួនទៅរៀន ព្រោះថាមានតែចំណេះវិជ្ជាទេ ដែលជាពន្លឺបាញ់ឆ្ពោះទៅកាន់អនាគត ដ៍ភ្លឺស្វាង ពិសេសបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុនសែន ជាប្រមុខ ដើម្បីដឹកនាំប្រទេសបង្កើនសន្ទុះនៃការអភិវឌ្ឍន៍ជាបន្តទៀត ។

    ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានចាត់អោយ លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ដែលចូលរួមនាឳកាសនោះ សិក្សាលើការសាងសង់ថ្នាក់រៀនថ្មីឡើងវិញ តែកាន់តែធំទូលាយ និងរឹងមាំជាងមុន ធ្វើយ៉ាងណា ជំរុញអោយពួកគាត់សិក្សារៀនសូត្រ ពីថ្នាក់មត្តេយ្យរហូតបញ្ចប់ការសិក្សា ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

    ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បាននាំយកនូវអង្ករវីតាមីន និងនំមួយចំនួន ទៅចែកជូនកុមារាកុមារី សិក្សានៅមត្តេយ្យសហគមន៍នេះ, ផ្តល់ថវិការជូនអ្នកគ្រូបង្រៀនចំនួន ៥០ម៉ឺនរៀល និងចែកថវិការដល់កូនៗតូចៗ ដែលរស់នៅភូមិព្រះអណ្តូងនេះផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ