យុទ្ធនាការពាក់មួកសុវត្ថិភាព ការពារជីវិតខ្លួនឯង និងគោរពច្បាប់ចរាចរណ៍ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
December 08, 2017 អ្នកទស្សនា :

(កំពង់ឆ្នាំង)៖ ថ្លែងនៅក្នុងពេលបើកយុទ្ធនាការ ស្តីពីការពាក់មួកសុវត្ថិភាពនៅ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី៨ ខែធ្នូ គ.ស២០១៧ នេះ ឯកឧត្តមចេង ញ៉ាន់ អភិបាលរងខេត្ត​កំពង់ឆ្នាំង​បានអំពាវនាវដល់ប្រជាពលរដ្ឋ​ដែលជាម្ចាស់ទោចក្រយានយន្ត និង រថយន្ត​អោយចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា​ក្នុងពេល​ធ្វើដំណើរនៅលើដងផ្លូវ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់​ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍​អោយនៅកំរិតទាបបំផុត ។ ការអំពាវនាវរបស់អាជ្ញាធរខេត្តនាពេលនេះ ខណៈដែលអត្រានៃគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តកើត​ឡើង​នៅគ្រប់ទិសទីទូទាំងប្រទេស បន្តកើតមានគួរអោយព្រួយបារម្ភ ហើយបណ្តាលអោយមានអ្នកស្លាប់ របួសជាបន្តបន្ទាប់ និង ខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ។ ឯកឧត្តមបានបញ្ជាក់ទៀតថា យុទ្ធនាការដែលធ្វើឡើងនាពេលនេះគឺ ដើម្បីបំផុសអោយមានការចូលរួមពី​ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និង ដើម្បីអោយប្រជាពលរដ្ឋយល់ដឹង អំពីសារៈប្រយោជន៍នៃការពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរ ដែលមួកសុវត្ថិភាព​ជួយការពារ​ជីវិត​យើង ក្នុងពេលមានគ្រោះថ្នាក់ចរាចរណ៍ និង សារៈសំខាន់មួយទៀតបានចូលរួមគោរពច្បាប់ចរាចរណ៍។ ដោយឡែកអ្នកបើកបរថយន្ត ត្រូវតែពាក់ខ្សែក្រវ៉ាត់ជាប្រចាំក្នុងពេលបើកបរ មិនត្រូវបើកបរក្រោម​ឥទ្ធិពល​នៃជាតិស្រវឹង និងប្រើប្រាស់គ្រឿងញៀន ការបើកបរហួសល្បឿនកំណត់ ការវ៉ាឬជែង ក្នុងស្ថានភាព​គ្រោះថ្នាក់ ។ ឯកឧត្តមបានបញ្ជាក់ទៀតថា អត្រាគ្រោះថ្នាក់ចរាចរណ៍លើ​ផ្លូវ​បន្តកើតឡើងគួអោយ​កត់​សម្គាល់ ហើយក្នុងនោះមាន៧៧ភាគរយគឺជាទោចក្រយានយន្ត ហើយក្នុងចំណោម​នេះគឺមាន​៦៧​ភាគរយ ជាអ្នកដែលបើកបរដោយមិនពាក់មួកសុវត្ថិភាព ។ ឯកឧត្តមកែវ ពៅទីប្រឹក្សាសម្តេចក្រឡាហោមសងខេង និង ជាប្រធានមន្ទីរសារធារណការ​និងដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា សម្រាប់យុទ្ធនាការពាក់មួកសុវត្ថិនាពេលនេះ បានបំពាក់មួកសុវត្ថិភាព​ដល់ប្រជាពលរដ្ឋដែលមិនបានពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរបានជាច្រើន ។ ក្រៅពីពាក់មួកសុវត្ថិភាព មន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូន បានចែកជូននូវសៀវភៅច្បាប់ ចរាចរណ៍ផ្លូវគោក ខិតប័ណ្ណអប់រំស្តីពីចរាចរណ៍ និង​បិទចំណាំងផ្លាតដល់យានយន្ត​និងទោចក្រយាន្ត​ជាច្រើន​ផងដែរ ។ ហើយយុទ្ធនាការនេះនឹងធ្វើជាបន្តបន្ទាប់ទាំងនៅក្នុងក្រុងកំពង់ឆ្នាំង និង នៅស្រុកមួយ​ចំនួនទៀត​តាមបណ្តោយផ្លូវជាតិលេខ៥ផងដែរ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង (ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ