រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកការដ្ឋានសាងសង់អគាររដ្ឋបាលស្រុក អគារសាលប្រជុំសាលាស្រុក អគាររដ្ឋបាលសាលាឃុំស្វាយរមៀត និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុង ស្រុកខ្សាច់កណ្តាល
May 29, 2019 អ្នកទស្សនា :

      ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ជំរុញអោយអាជ្ញាធរមូលដ្ឋានត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមជំរុញបែបនេះក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគាររដ្ឋបាលស្រុក អគារសាលប្រជុំសាលាស្រុក អគាររដ្ឋបាលសាលាឃុំស្វាយរមៀត និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកខ្សាច់កណ្តាល នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នៅសាលាស្រុកខ្សាចកណ្តាល។ ពិធីនេះមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត  កងកម្លាំងទាំង៣  មន្ត្រីរាជការសាលាស្រុក សិស្សានុសិស្ស និងប្រជាពលរដ្ឋ  សរុបជិត១០០០នាក់។
ឯកឧត្តមអភិបាលខេត្តបន្តថា ថ្នាក់ដឹកនាំ មន្ត្រីរាជការត្រូវរួសរាយរាក់ទាក់បម្រើប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ហើយការផ្តល់សេវាត្រូវឲ្យបានលឿន ត្រឹមត្រូវតាមតំលៃដែលបានកំណត់ និងពេញលេងជូនដល់ប្រជាពលរដ្ឋ ដោយប្រែក្លាយពីអ្នកត្រួតត្រា ទៅជាអ្នកផ្តល់សេវាសាធារណៈ ឬសេវារដ្ឋបាលជូនដល់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងបានល្អ ឆ្លើយតបទៅនឹងប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
      ឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាព ដែលនាំឲ្យមានការអភិវឌ្ឍនៅគ្រប់ទីកន្លែង និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿនវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ឲ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដ៏ឆ្នើម។  
      ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ត្រូវទប់ស្កាត់ឲ្យបាននូវរាល់ភាពអសកម្មនៅក្នុងមូលដ្ឋានជាពិសេសគឺ អំពើចោរលួច ចោរឆក់ ចោរប្លន់ ការលេងល្បែងស៊ីសង ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់    រួមគ្នាកំចាត់គ្រឿងញៀន និងចាកឆ្ងាយពីគ្រឿងញៀន ព្រោះការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀនត្រូវមានការសហការពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវមានភាពអធ្យាស្រ័យក្នុងការបើកបរ បើកបរដោយប្រុងប្រយ័ត្ន និងគោរពស្លាកសញ្ញាចរាចរណ៍។
លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា  អគាររដ្ឋបាលស្រុកដែលត្រូវសាងសង់នាពលនេះមានបណ្តោយ២៨ម៉ែត្រ ទទឹង១០ម៉ែត្រ កម្ពស់២ជាន់ អគារសាលប្រជុំមានបណ្តោយ២០ម៉ែត្រ ទទឹង១៧ម៉ែត្រ និងអគាររដ្ឋបាលឃុំស្វាយរមៀត  បណ្ដោយ ១៤ម៉ែត្រ ទទឹង១០ម៉ែត្រ ជាអំណោយរបស់គម្រោងសាងសង់អគាររដ្ឋបាលស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ ក្រោមក្របខណ្ឌមូលនិធិទ្រទ្រង់ឆ្នាំ២០១៦-២០១៩៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ